COVID-19
អន្តរជាតិ
COVID-19៖ ចិន​ផ្អាក​នាំចូល​ត្រី​សាល​ម៉ុនពី​អឺរ៉ុប ក្រោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឆ្លង​ចង្កោម​ថ្មី​
16, Jun 2020 , 10:27 am        
រូបភាព
ប្រភពរូប៖ សារព័ត៌មានអនឡាញចិន Global Times
ប្រភពរូប៖ សារព័ត៌មានអនឡាញចិន Global Times
ដោយ:
​ចិន បានសម្រេច​ផ្អាក​ការនាំ​ចូល​ត្រី​សាល​ម៉ុន​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​អឺរ៉ុប ដោយ​បារម្ភ​ថា ត្រី​ដែល​គេ​និយម​បរិភោគ​ឆៅ​នេះ អាច​ជាប់​ពាក់ព័ន្ធ​ការផ្ទុះ​រាលដាល​ជា​ចង្កោម​ជំងឺ COVID-19 នៅ​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង​ប៉េកាំង ។ ទោះជា​បែបនេះ អ្នកជំនាញ​យល់ឃើញថា ត្រី​នេះ​មិន​ទំនង​មាន​ផ្ទុក​វីរុស​នេះឡើយ​។

 
 
​កាសែត​រដ្ឋ​ចិន បាន​រាយការណ៍​ថា កូ​រ៉ូ​ណាវី​រុស ត្រូវបាន​រកឃើញ​លើ​ជ្រុ​ញ​កាប់សាច់​ត្រី​សាល​ម៉ុន លក់​នៅ​ផ្សារ Xinfadi ក្នុង​ទីក្រុង ប៉េកាំង ។ នេះ​គឺជា​ប្រភព​ឆ្លង COVID-19 ជា​ចង្កោម​ថ្មី​មួយ ដែល​បង្ក​ការភ័យខ្លាច​នៃ​រលក​ច​ម្ល​ង​ទី​នៃ​ជំងឺ COVID-19 ក្នុងប្រទេស​ចិន​។ របាយការណ៍​នេះ ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ធំៗ​ក្នុង​រដ្ឋធានី​ចិន​នេះ​រើ​សាច់​ត្រី​សាល​ម៉ុន​ចេញពី​ធ្នើរ​ពួកគេ​អស់រលីង​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រី​សាល​ម៉ុន Bakkafrost លោក Regin Jacobsen និយាយថា​៖«​យើង​លែង​អាច​នាំចេញ​សាច់​ត្រី​សាល​ម៉ុនទៅកាន់​ចិន​តទៅទៀត​ទេ​»​។ ដូចគ្នានេះដែរ លោក Stein Martinsen ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Norway Royal Salmon និយាយថា​៖«​យើង​បញ្ឈប់​ការលក់​ទាំងអស់​ទៅកាន់​ប្រទេស​ចិន ហើយ​កំពុង​រង់ចាំ​ការបកស្រាយ​ពាក់ព័ន្ធ​ស្ថានការណ៍​នេះ​»​។ 
 
​បើតាម​អាជ្ញាធរ​ចិន ការមើល​លើ​ហ្សែ​ន (Genetic traces) នៃ​វីរុស​ពី​ការផ្ទុះ​រាលដាល​ផ្សារ​ក្នុង​ប៉េកាំង​នេះ បង្ហាញថា វា​មានលទ្ធភាព​មកពី​អឺរ៉ុប​។  ទាក់ទិន​បញ្ហា​នេះ សាស្ត្រាចារ្យ​ជំនាញ​ជំងឺឆ្លង​នៃ​សកល​វិទ្យាល័យ​នៅ​អង់គ្លេស Keith Neal ប្រាប់ Reuters ថា ករណី​ពាក់ព័ន្ធ​នឹង​ត្រី​សាល​ម៉ុននេះ គឺ​ទំនងជា​លទ្ធផល​នៃ​ការឆ្លង​វីរុស​ពីមួយ​ទៅមួយ (cross contamination) ។ លោក​និយាយ​ដូ​ច្នះ​ថា​៖«​ទីផ្សារ អាចជា​កន្លែង​កុះករ​។ ដូច​ក្នុង​ទីក្រុង វូ​ហាន ដែរ ពួកវា​បង្កើន​លទ្ធភាព​សាយភាយ​ការចម្លង​»​។ 
 
​បើតាម Reuters អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រទេស​ន័​រ​វែ​ស បញ្ជាក់ថា វា​គ្មាន​ភ័ស្តុតាង​អ្វីដែល​ត្រី​សាល​ម៉ុងនអាចជា​ប្រភព​ចម្លង​ឡើយ​។ ដូចគ្នានេះដែរ ពី​ទីក្រុង​ហ្សឺ​ណែវ អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃ​ទៅ ១៥ ខែមិថុនា អះអាងថា ប្រភព​ចម្លង COVID-19 ជា​ចង្កោម​នៅ​ប៉េកាំង គឺ​មិន​ច្បាស់លាស់​ឡើយ​។​
 
​លោក Mike Ryan ប្រធាន​កម្មវិធី​អាសន្ន​របស់ WHO បញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​៖«​ខ្ញុំ​គិតថា យើង​ត្រូវ​ពិនិត្យ​លើ​អ្វី​បាន​កើតឡើង​ក្នុងករណីនេះ​។ ខ្ញុំ​មិន​ជឿ​ទេ​ថា វា​គឺជា​សម្មតិកម្ម​សំខាន់​នោះឡើយ​។ ក៏ប៉ុន្តែ​វា​ទាមទារ​ការស៊ើបអង្កេត​បន្ថែមទៀត​»​។​
 
​អាជ្ញាធរ​ចិន បាន​ដាក់ចេញ​វិធានការ​រឹតត្បិត​តឹងរ៉ឹង​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ក្នុង​ទីក្រុង​ប៉េកាំង​ទៅកាន់​បណ្ដា​ខេត្ត​ផ្សេង ដោយ​ហាមឃាត់​ការធ្វើដំណើរ​ចេញ​ក្រៅ​សម្រាប់​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ព្រមទាំង​ផ្អាក​សេវា​ដឹកជញ្ជូន​ខ្លះ​ចេញពី​ទីក្រុង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៦ ខែមិថុនា ប្រទេស ចិន រកឃើញ ករណី​ឆ្លង COVID19 ថ្មី ចំនួន ២៧​ករណី ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ក្នុង​ទីក្រុង​ប៉េកាំង​ឡើងដល់ ១០៦​ករណី​។ នេះ​គឺ​សុទ្ធ​តែមាន​ប្រភពពី​ផ្សារ​លក់​ត្រី​សាល​ម៉ុន​៕ 
 

Tag:
 ចិន​
  អឺរ៉ុប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com