អន្តរជាតិ
កូរ៉េខាងជើង បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ដែល​បង្កើត​នៅ​ឆ្នាំ​២០១៨
16, Jun 2020 , 2:45 pm        
រូបភាព
ប្រភពរូបទូរទស្សន៍ NHK
ប្រភពរូបទូរទស្សន៍ NHK
ដោយ:
កូរ៉េខាងជើង បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ ដែលមាន​ទីតាំង​ក្នុង​ទឹកដី​ខ្លួន គឺ​ក្នុង​ទីក្រុង Kaesong ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ 

 
 
«​កូរ៉េខាងជើង បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​នៅ​ម៉ោងជាង​ពីរ​រសៀល (​ម៉ោង​នៅ​កូរ៉េ​)​។​» ក្រសួង​បង្រួបបង្រួម​កូរ៉េ​សរសេរ​បែបនេះ​ក្នុង​សារ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ 
 
​មុន​ការប្រកាស​នេះ គេ​ឃើញ​មាន​ខ្មៅ​ហុយ​ឡើង និង​ឮ​សំឡេង​ផ្ទុះ​ក្នុង​ទីក្រុង  Kaesong នៅ​ថ្ងៃ​អង្គារ​នេះ ដែល​បង្ក​ទៅ​ការសង្ស័យថា ប្រជាជាតិ​ក​ម្មុយ​នី​ស្ត​មួយ​នេះ អាច​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​នៅ​ទីនោះ​។ 
 
​មែនទែនទៅ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ព្រមាន​ប្រឆាំង​កូរ៉េខាងត្បូង​ជាច្រើនលើក​មកហើយ ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ហើយក៏​បាន​គំរាម​កម្ទេច​ការិយាល័យ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ​ផងដែរ​។ 
 



​ជាក់ស្តែង កាលពី​ថ្ងៃទី​១៣ មិថុនា លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​គំរាម​កូរ៉េខាងត្បូង ដោយ​អះអាងថា កងទ័ព​កូរ៉េខាងជើង នឹង​កំណត់​ពី​ជំហាន​បន្ទាប់​ប្រឆាំង​កូរ៉េខាងត្បូង​ដែល​បំពាន​មេដឹកនាំ​កំពូល​របស់ខ្លួន​។ 
 
​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ មិនបាន​បញ្ជាក់​អ្វី​ឲ្យ​ច្បាស់​ពី​ជំហាន​បន្ទាប់​របស់​ទីក្រុង​ព្យុងយ៉ាង​ប្រឆាំង​សេ​អ៊ូ​ល​ឡើយ​។ ប៉ុន្តែ​គេ​ជឿថា ការិយាល័យ​កិច្ចការ​អន្តរ​កូរ៉េ​នៅឯ Kaesong ទំនងជា​គោលដៅ​របស់​កូរ៉េខាងជើង​។ ការិយាល័យ​នេះ ជា​កន្លែង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ដែល​ត្រូវបាន​បង្កើត​ក្រោម​កិច្ចព្រមព្រៀង​រវាង​លោក គីម និង​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន អំឡុង​ពេលដែល​ទំនាក់ទំនង​បងប្អូន​កូរ៉េ​កក់ក្ដៅ​ខ្លាំង​ចាប់ពី​ឆ្នាំ​២០១៨ មក​។​
 
​សេចក្ដីថ្លែងការណ៍​រប​ស់លោក​ស្រី គីម គឺជា​សារ​ព្រមាន​មួយទៀត​របស់​កូរ៉េខាងជើង​ចំពោះ​កូរ៉េខាងត្បូង​ដែល​ចាប់ផ្ដើម​តាំងពី​សប្ដាហ៍​មុន​។ មួយ​ថ្ងៃមុន​លោកស្រី គីម មន្ត្រី​កូរ៉េខាងជើង​ម្នាក់​ក៏បាន​ចេញ​សារ​ព្រមាន​ទីក្រុង​សេ​អ៊ូ​ល និង​ថា ព្យុងយ៉ាង​អស់​ការទុកចិត្ត​លើ​សេ​អ៊ូ​ល ព្រោះ​អាជ្ញាធរ​កូរ៉េខាងត្បូង​បណ្ដែតបណ្ដោយ​ឲ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ដែល​មានន័យ​ប្រមាថ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​៕
 
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  ការិយាល័យ​ទំនាក់ទំនង​
© រក្សាសិទ្ធិដោយ thmeythmey.com