សង្គមអន្តរជាតិ​
អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន ទទួលយក​ការលាលែង​តំណែង​របស់​រដ្ឋមន្ត្រី​បង្រួបបង្រួម​
19, Jun 2020 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kim Yeon-chul។ រូបភាព៖ Yonhap។
រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kim Yeon-chul។ រូបភាព៖ Yonhap។
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៩ ខែមិថុនា បានទទួល​ការលាលែង​តំណែង​របស់​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង​ហើយ​។ ការលាលែង​របស់​រដ្ឋ​មន្ត្រី​បង្រួបបង្រួម​រូបនេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ភាពបរាជ័យ​ក្នុងការ​ចាត់ចែង​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឲ្យ​មាន​ស្ថិរភាព និង​បន្ទាប់ពី​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ចុះ​ទាប​ដល់​កម្រិត​។



​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១៧ ខែមិថុនា លោក Kim Yeon-chul បាន​សុំ​ចុះ​ចេញពី​តំណែង​រដ្ឋមន្ត្រី​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ភាពបរាជ័យ​ក្នុងការ​គ្រប់គ្រង​ទំនាក់ទំនង​បងប្អូន​កូរ៉េ​ខាង​ទាំងពីរ​ឲ្យ​មាន​ស្ថិរភាព​។ ក្រសួង​នេះ ជា​ស្ថាប័ន​ធ្វើការ​លើក​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េខាងជើង​។​
 
​ពីរ​ថ្ងៃ​បន្ទាប់ ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន បានទទួល​ការលាលែង​របស់​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ​។ លោក Kim ត្រូវបាន​គេ​ស្គាល់​ថា គឺជា​អ្នកជំនាញ​លើ​បញ្ហា​កូរ៉េខាងជើង​។ ទាក់ទិន​នឹង​ការលាលែង​ចេញពី​តំណែង​នេះ លោក Suh Ho អនុរដ្ឋមន្ត្រី​បង្រួបបង្រួម ត្រូវគេ​រំពឹងថា នឹង​ធ្វើជា​រដ្ឋមន្ត្រី​ស្តីទី​បណ្តោះអាសន្ន​សិន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។  
​ការតែងតាំង​មនុស្ស​ជំនួស​លោក Kim ជា​រដ្ឋមន្ត្រី​បង្រួបបង្រួម កំពុងស្ថិត​ក្នុង​ភាពស្រពេចស្រពិល​។ តាម​ការចុះផ្សាយ​របស់ Yonhap អ្នក​អង្កេត​ការ​កូរ៉េខាងត្បូង​មួយចំនួន​រំពឹងថា លោក មូ​ន អាច​ស្នើ​ឲ្យ លោក Im Jong-seok អតីត​ប្រធាន​ខុទ្ទកាល័យ​នៃ​វិមាន​ប្រធានាធិបតី​ឲ្យ​កាន់តំណែង​មួយ​នេះ​។ អ្នកខ្លះ​ថា លោក Lee In-young ឬ លោក Sul Hoon ឬ​លោក Hong Ihk-pyo ដែល​សុទ្ធសឹង​ជា​សមាជិកសភា​កូរ៉េខាងត្បូង អាច​នឹង​កាន់តំណែង​រដ្ឋមន្ត្រី​បង្រួបបង្រួម​។ 
 
​លោក Kim Yeon-chul គឺជា​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង​ទី​២ នៅក្នុង​អាណត្តិ​របស់លោក​មូ​ន បន្ទាប់ពី​លោក Cho Myoung-gyon​។ 
 
​សូមបញ្ជាក់ថា បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​នៅពេលនេះ កំពុង​ឡើងក​ម្តៅ​យ៉ាងខ្លាំង ដោយសារ​កូរ៉េខាងជើង បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ និង ព្រមាន​ពី​ការដាក់​ពង្រាយ​កងទ័ព​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង​ជាថ្មី​។ តំបន់​ព្រំដែន​ទាំងនោះ​មាន​តំបន់ឧស្សាហកម្ម​រួម Kaesong និង​តំបន់​ទេសចរណ៍​ភ្នំ Kumgang៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com