ជាតិ
នយោបាយជាតិ
វៀតណាម ចាត់ទុកចំណងទាក់ទងជាមួយកម្ពុជា ថាជា «ទ្រព្យដ៏ពិសិដ្ឋ ដែលមិនអាចកាត់ថ្លៃបាន» ស្តូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ចាម ដែលទើបនឹងសាងសង់រួច កាលពីខែមករា ឆ្នាំ២០២០ (រូបពីក្រសួងព័ត៌មាន)
× នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៣ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរបស់កម្ពុជា-វៀតណាម។ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដោយបានរំលេចពីតម្លៃនិងដើមទងនៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។
ស្ថានទូតវៀតណាម បានសរសេរថា រយៈពេល៥៣ឆ្នាំកន្លងមកនេះ ទោះត្រូវជួបការលំបាកនិងបញ្ហាប្រឈបដ៏ច្រើនរាប់មិនអស់ក្តី ប៉ុន្តែចំណងទំនាក់ទំនង សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម ត្រូវបានពង្រឹងនិងអភិវឌ្ឍជាបន្តបន្ទាប់ និងបានក្លាយជា «ទ្រព្យសម្បតិ្តដ៏ពិសិដ្ឋ ប្រកបដោយភាពរឹងមាំ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ប្រទេសជាតិទាំងពីរ ហើយក៏ជាកេរមរតកមួយ សម្រាប់បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយដែរ»។
ជាមួយគ្នានេះ ស្ថានទូតវៀតណាម ឆ្លៀតលើកយកប្រសាសន៍របស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថា គ្មានអ្វីដែលអាចបំបែកបំបាក់ចំណងមិត្តភាពរបស់កម្ពុជានិងវៀតណាមបានឡើយ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និយាយបែបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីរម្លឹកខួប៤៣ឆ្នាំ នៃទិវាចងចាំពីដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម។
លើសពីនេះ ស្ថានទូតវៀតណាម បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា ទោះស្ថានភាពក្នុងតំបន់និងលើពិភពលោក មានការវិវត្តយ៉ាងណា ប៉ុន្តែកម្ពុជានិងវៀតណាម នៅតែរួមគ្នាពូនជ្រំបន្ថែមទៀតនូវចំណងមិត្តភាព ឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ ស្រស់បំព្រង និង រឹងមាំជានិរន្តរ៍តរៀងទៅ ដើម្បីប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។
ស្ថានទូតវៀតណាម បានរម្លឹកប្រវត្តិដំបូងនៃការបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា។ ស្ថានទូតវៀតណាម បានឲ្យដឹងថា លោក ហូជីមិញ អតីតមេដឹកវៀតណាម បានសរសេរសារលិខិតមួយ កាលពីនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ថ្វាយព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនិងប្រមុខរដ្ឋកម្ពុជា ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម។
តាមសំណេររបស់ស្ថានទូតវៀតណាមដដែល ក្នុងសារលិខិតនោះ លោក ហូជីមិញ បានពោលទៅកាន់ព្រះបាទ នរោត្តម សីហនុ ថា ការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម ជាការបង្ហាញពីភ្លឺស្វាងឲ្យចំណងមិត្តភាពដ៏ស្និទ្ធស្នាល រាក់ទាក់ និង សាមគ្គី ក្នុងការរួមគ្នាប្រយុទ្ធ។ ស្ថានទូតវៀតណាម សរសេរបន្តថា មួយថ្ងៃក្រោយមក គឺនៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ១៩៦៧ កម្ពុជានិងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។
ស្ថានទូតវៀតណាម បន្ថែមថា ក្រោយរបបខ្មែរក្រុមដួលរលំ និងក្រោយពីកម្ពុជា មានសន្តិភាពពេញលេញ ទំនាក់ទំនងកម្ពុជានិងវៀតណាម ក៏បានឈានឡើងជាដំណាក់កាលថ្មីមួយទៀត៕
Tag:
កម្ពុជា-វៀតណាម
ទំនាក់ទំនងការទូត
© រក្សាសិទ្ធិដោយ thmeythmey.com