អន្តរជាតិ
ជប៉ុន លុបចោល​ជា​ផ្លូវការ​ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​
25, Jun 2020 , 11:59 pm        
រូបភាព
លោក តារ៉ូ កូណូ   រដ្ឋមន្រ្តីការពារជាតិជប៉ុន។ រូបភាព៖ AP
លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការពារជាតិជប៉ុន។ រូបភាព៖ AP
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក តា​រ៉ូ កូ​ណូ នៅ​ថ្ងៃទី​២៥ ខែមិថុនា បានបញ្ជាក់​ជា​ផ្លូវការ​ថា ជប៉ុន​សម្រេច​លុបចោល​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis Ashore របស់​អាមេរិក​។


​នាពេល​កន្លងទៅ នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ិន​ហ្សូ អា​បេ បានប្រកាស​ម្តង​ហើយ​ថា ជប៉ុន​មិនអាច​បន្ត​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​លើគោក​Aegis Ashore បានឡើយ ព្រោះ​ត្រូវ​ចំណាយ​ច្រើន ទាំង​ពេលវេលា និង​លុយ​។ នៅ​ថ្ងៃទី​២៥ ខែមិថុនា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកតា​រ៉ូ កូ​ណូ បានចេញ​មុខមក​បញ្ជា​ក់​បន្ថែម​ជាថ្មី​។ 
 
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម លោក តា​រ៉ូ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បាន​ពិភាក្សា​ពី​បញ្ហា​នេះ ហើយ​បាន​ឈានទៅដល់​ការសម្រេច​ចុងក្រោយ​ថា ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis Ashore នៅក្នុង​ទីក្រុង Akita និង ខេត្ត Yamaguchi គឺ​ត្រូវបាន​លុបចោល​»​។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​ថ្លែង​ការសុំ​ទោស​ទៅដល់​អង្គប្រជុំ​ទាំងមូល​ចំពោះ​រឿង​ន​អ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ប្រព័ន្ធ​ការពារ Aegis Ashore ជា​ប្រព័ន្ធ​ការពារ​ដែល​ពង្រាយ​លើគោក ដែល​ត្រូវបាន​ជប៉ុន​ទិញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤,២​ពាន់​លាន​ដុល្លារ​ដែល​នឹង​បង់ថ្លៃ​ក្នុង​រយៈពេល​៣​ទសវត្សរ៍ ក្នុង​គោលដៅ​ការពារ​ខ្លួន​ពី​ការ​គំរាម​របស់​មី​ស៊ី​ល​កូរ៉េខាងជើង​។ 
 
​ការពង្រាយ​មី​ស៊ី​ល​នេះ គឺជា​បញ្ហា​រសើប​មួយ​សម្រាប់​រដ្ឋាភិបាល​ជ​ប៉ុន​។ ជារឿយៗ ប្រជាជន​ជប៉ុន​ដែល​រស់នៅ​ទីតាំង​ត្រូវបាន​ពង្រាយ​សព្វាវុធ​ណា​មួយ តែង​ចេញមុខ​ប្រឆាំង​ជានិច្ច​។ ម្យ៉ាង​ពួកគេ​បារម្ភ​ថា តំបន់​ដែល​ពួកគេ​រស់នៅ នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​សត្រូវ ហើយ​ម្យ៉ាងទៀត គឺ​ក្ដីបារម្ភ​ពី​បញ្ហា​ដែល​កើតចេញពី​ផលប៉ះពាល់​លើ​សុខភាព​ផងដែរ​៕

Tag:
 ជប៉ុន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com