រដ្ឋាភិបាល យកផ្ទៃបឹងតាមោកជិត៣០០ហិកតាទៀត ធ្វើជាអគ្គបញ្ជាការដ្ឋានថ្មី និងជាកន្លែងដឹកនាំយុទ្ធសាស្រ្តទ័ពយូរអង្វែង
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល យកផ្ទៃបឹងតាមោកជិត៣០០ហិកតាទៀត ធ្វើជាអគ្គបញ្ជាការដ្ឋានថ្មី និងជាកន្លែងដឹកនាំយុទ្ធសាស្រ្តទ័ពយូរអង្វែង
06, Jul 2020 , 4:02 pm        
រូបភាព
រដ្ឋាភិបាល សម្រេចកាត់ផ្ទៃបឹងតាមោកជិត៣០០ហិកតា ទៅឲ្យក្រសួងការពារជាតិ ដើម្បីចាត់ចែង រៀបចំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់ «ជាទីកន្លែងដឹកនាំយុទ្ធសាស្រ្តយូរអង្វែង»។ នេះបើតាមអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចុះតាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។



នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ថា ការកាត់ផ្ទៃបឹងតាមោកជិត៣០០ហិកតានោះ គឺសម្រាប់ធ្វើជាអគ្គបញ្ជាការដ្ឋានថ្មីនៃកងយោធពលខេមរភូមិន្ទ។ 

យ៉ាងណា លោក មិនទាន់ដឹងព័ត៌មានលម្អិតឡើយថា អគ្គបញ្ជាការដ្ឋានថ្មី នឹងត្រូវចាប់ផ្តើមកសាងនៅពេលណា ដោយលោក គ្រាន់តែបញ្ជាក់ដូច្នេះថា៖«ប្រហែលជាមិនយូរទេ»។

ម្យ៉ាងទៀត ទីតាំងអគ្គបញ្ជាការដ្ឋានចាស់ នឹងត្រូវទុកធ្វើអ្វី ឬប្រគល់ទៅឲ្យខាងណានោះ លោក ក៏មិនទាន់ដឹងថា។ លោក និយាយយ៉ាងខ្លីថា៖«ទុកធ្វើអី ធ្វើទៅ»។

បច្ចុប្បន្ន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលជាស្ថាប័នកំពូលក្នុងការគ្រប់គ្រងនិងការបញ្ជាកងទ័ព គឺស្ថិតនៅជាប់នឹងក្រសួងការពារជាតិ តាមបណ្តោយវិថីហ្សកឌីមីត្រូវ សង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ 

វា ជាលើកទី៤ហើយ ដែលរដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក។ ប៉ុន្តែ ការកាត់ផ្ទៃបឹងតាមោកទាំង៣លើក កាលពីលើកមុនៗ គឺធ្វើឡើងតាមរយៈលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីមានការយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី។

លើកទី១ លិខិត ចុះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ សម្រេចថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែនិងធ្វើជាកន្លែងចតរថយន្ត។

លើកទី២ មានលិខិត២ដាច់ដោយឡែកពីគ្នា តែចុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ជាមួយគ្នា គឺ លិខិត១ សម្រេចថា រដ្ឋាភិបាល យល់ព្រមផ្តល់ផ្ទៃបឹងតាមោក៧៥ហិកតា ឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ និងលិខិត១ទៀត សម្រេចថា រដ្ឋាភិបាល ផ្តល់ផ្ទៃបឹងតាមោក៨ហិក ទៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃ​អគ្គស្នង​ការ​នគរ​បាលជាតិ ដើម្បីសាងសង់អគារថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​នានានៃ​នាយកដ្ឋាននេះ។ 

លើកទី៣ លិខិត ចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សម្រេចថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។

បឹងតាមោកឬបឹងកប់ស្រូវ ដែលស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃជាង៣,២ពាន់ហិកតា។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យោងតាមលិខិតទាំង៣លើកពីទីស្តីការគណៈរដ្ឋមន្រ្តី និងអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលនាពេលនេះ ផ្ទៃបឹងតាមោក ត្រូវបានកាត់៤លើកហើយ ដែលសរុបមានប្រមាណ៤៣០ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ យ៉ាងណា ការអភិវឌ្ឍឬការកសាងសំណង់ណាមួយ លើផ្ទៃបឹងតាមោក ដែលត្រូវបានកាត់នោះ មិនទាន់លេចជារូបរាងនៅឡើយទេ។

របាយការណ៍ពីសមាគមធាងត្នោត ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សរសេរថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅឋាន៕ 

អត្ថបទទាក់ទង

Tag:
 បឹងតាមោក
  ទីតាំងអគ្គបញ្ជាការដ្ឋានថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com