កំណាព្យ
គំនិតមួយ
ជាតិ
កវី អ៊ីវ ហួត៖ ឲ្យតែមានចិត្តចង់ កូនខ្មែរសុទ្ធតែអាចតែងកំណាព្យខ្មែរបាន (២)
× ឆ្លើយតបនឹងសំណួរទីមួយ របស់សារព័ត៌មានថ្មីៗ កវី អ៊ីវ ហួត វ័យ៨០ឆ្នាំ បានរៀបរាប់យ៉ាងក្បោះក្បាយទាក់ទងនឹងការផ្សាភ្ជាប់ខ្លួនជាមួយយុវជនសម័យបច្ចុប្បន្ន តាមរយៈអត្ថបទកាព្យដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក។
បន្ទាប់មក សារព័ត៌មានថ្មីៗ ចង់បានការយល់ឃើញ និងការវាយតម្លៃរបស់កវីជើងចាស់ រូបនេះ លើស្នាដៃតែងនិពន្ធរបស់យុវជននាពេលបច្ចុប្បន្ន។ ឆ្លើយតបនឹងការសាកសួររបស់លោក អ៊ឹង ចំរើន និពន្ធនាយកសារព័ត៌មានថ្មីៗ ព្រឹទ្ធាចារ្យ អ៊ីវ ហួត បានសរសេរកាព្យឆ្លើយឆ្លងរហូតដល់៥០ល្បៈបន្ថែមទៀត។
លោក អ៊ឹង ចំរើន៖ នាយុគសម័យ--ក្មេងមានស្នាដៃ--ក៏មិនតិចដែរ
ពួកគាត់ច្រើននាក់--ប្រឹងរក្សាថែ--ពាក្យកាព្យក្បូនខ្មែរ
ឲ្យបានគង់វង្ស។
តើព្រឹទ្ធាចារ្យ--យល់ឃើញយ៉ាងណា--បែបផែនទម្រង់
សិល្ប៍វិធីតែង--ចារចែងទ្រាយទ្រង់--នាំអ្នកអានលង់ ទៅតាមដែរទេ?
កវី អ៊ីវ ហួត៖ រឿងប្រាថ្នា គ្រាណាថាបានសម្រេចពេញចិត្ត? ឲ្យតែចង់ គ្រប់កូនខ្មែរអាចតែងកំណាព្យខ្មែរបាន
១. ស្និទ្ធដិតវិញ្ញាណ--រឿងចេះពីរៀន--មានពីរករៀង
ចារជាប្រាថ្នា--រចនាពង្រាង--តាំងចិត្តឥតផ្អៀង
ទៀងស្មានបានផល។
២. ទឹកចិត្តកវី--ក្មេងចាស់ប្រុសស្រី--លៃច្នៃលាភយល់
ចារកំណាព្យខ្មែរ--ដង្ហែកោសល្យ--ជួនជូនយោបល់
តម្កល់មេត្រី។
៣. ខ្ញុំសុំសរសើរ--ដំណាលដំណើរ--ហោះហើរក្នុងទ័យ
កាព្យខ្មែរពីរោះ--ស្មោះស្មេរបេតី--ចារចែងវែងខ្លី
ប្រាស្រ័យច្នៃជាប់។
៤. សូមលើកទឹកចិត្ត--បន្តប្រឌិត--ស្វែងឫទ្ធគិតគាប់
ខន្តីលៃចំ--សន្សំសព្វភ័ព្វ--សំណេរកេររាប់
ទាំងទ្រព្យវប្បធម៌។
៥. ស្នាដៃច្នៃបាន--ពិតផ្សំចំណាន--លើឋានអក្សរ
ជាក់ជាកំណប់--ប្រសព្វបន្ត--សូមចិត្តគិតល្អ
ចរនឹងយុទ្ធសាស្ត្រ។
៦. ជោគជ័យច្នៃចំ--ត្រូវការសន្សំ--បន្ទុំមន្តណាស់
ជួនពេលបូកគុណ--មុននឹងលេចច្បាស់--វាស់វែងប្រវាស់
ឱកាសផងដែរ។
៧. ប្រាណបានប្រយ័ត្ន--យល់ហេតុត្រូវណាត់--ចាត់ចែងបែងបែរ
ចាំគេសរសើរ--ជួនដើរខុសខ្សែ--ដូច្នេះត្រូវតែ
កែយុទ្ធសាស្ត្រឆ្ងាយ។
៨. ផ្ចិតផ្ចង់គុណភាព--គាស់ក្បាច់ខ្ពស់ទាប--រៀបមន្តអន្លាយ
ខ្លួនជាគ្រូដែរ--គ្រោងកែមិនណាយ--កំណាព្យប្រែក្លាយ
អាយភាពអស្ចារ្យ។
៩. ភាពអស្ចារ្យហ្នឹង--ជួនវាតសន្ធឹង--ស្និទ្ធនឹងព្រឹត្តិការណ៍
កាលៈទេសៈ--បញ្ជាក់សព្វសារ--គួរពិចារណា
គ្រាណាចារជ័យ។
១០. គិតស្រួលដូចខ្ញុំ--កោសល្យពុំធំ--សន្សំខន្តី
គុណភាពរៀបចំ--កំណាព្យខ្លីៗ--ស្ទើរតែរាល់ថ្ងៃ
នៃជីវិតខ្ញុំ។
១១. អ្នកអាននិងស្មេរ--គឺតែម្នាក់ទេ--រិះរេគ្នេរជុំ
តិះទៀនរៀនទៀត--វាតមន្តអាគម--ពិនិត្យបន្ទុំ
សម្ផស្សកាព្យស្ងួន។
១២. តាមរៀនគ្រប់គ្រូ--ប្រជុំគម្រូ--គិតគូរ'លួច'ក្បួន
ចារត្រាប់លុះត្រា--វាចារសមសួន--ល្បិចល្បែងចែងចួន
លេងពួននឹងពាក្យ។
១៣. ណែងណងក្រងល្បះ--ចួនពីរោះណាស់--មិនខ្មាស់បង្កៀក
ពេចន៍លេចពន្លឺ--គឺចេះវិភាគ--កាព្យខ្មែរជានាគ
ងាកប្រាណបានងាយ។
១៤. គុណភាពចម្បង--គិតយល់រាល់ដង--បំណងពង្រាយ
ជា'ល្បែងពាក្យ--រស់ពីរោះអាយនាយ--សន្សំសម្ទាយ
ស្ពាយផងរែកទៀត។
១៥. ខិតខំរៀបចំ--ជីវិតគ្រួក្រុម--ពុំឲ្យចង្អៀត
ការងារទៀងទាត់--អំណត់ឥតឃ្លាត--ពេលទំនេរឆ្លៀត
វាតកាព្យជាថ្នល់។
១៦. សូមរួមសាទរ--ទឹកដីអង្គរ--បង្កកោសល្យ
ធនធានបញ្ញា--ស្មារតីលៃយល់--សន្សំតម្កល់
រាល់ផលរៀនរក។
១៧. សិលាចារឹក--កវីខ្មែរនឹក--មុនថ្នឹក ពន្លក
ទុកជាស្នាដៃ--ឆ្នើមច្នៃលៃលក--និទានតមក
ជម្រកអរិយ។
១៨. ឆ្លាក់ល្អឥតខ្ចោះ--ព្រោះបានរៀនអស់--ស្មោះផ្ទេរមេត្រី
មហានគរ--បន្ទរសេចក្តី--អក្ខរាចារន័យ
ជ័យជាតិខេមរា។
១៩. កវីនិពន្ធ--ស្គាល់ច្បាស់ទម្ងន់--មន្តស្នេហ៍ភាសា
ទ្រព្រលឹងជាតិ--ឆ្លាសឆ្លៀតសិក្សា--ច្បាស់ទាំងសាវតារ
អាណាចក្រខ្មែរ។
២០. ចេះឆ្អិនប៉ិនថ្នឹក--ពន្លកពន្លឹក--នឹកភ្លឹកគិតប្រែ
សង់សាងចក្រភព--វប្បធម៌មន្តស្នេហ៍--អរិយដង្ហែ
រាល់តែភ័ព្វផ្សំ។
២១. មាតាធិបតេយ្យ--គ្រឹៈថ្នាលសិរី--ន័យរុំបន្ទុំ
បិតាធិបតេយ្យ--នៃឥណ្ឌាផ្គុំ--ទាំងចិនមកជុំ
ផ្សំផ្គុំអារ្យខ្មែរ។
២២. រៀនចេះពីលោក--យកមកគុណបូក--ជាស្នូកទ្រថែ
ទេពកោសល្យជាតិ--វាតវង្សមន្តស្នេហ៍--ធនម្នុស្ស(១)កែប្រែ
ហូរហែវិស័យ។
២៣. កាលៈទេសៈ--ស្មារតីលៃស្ម័គ្រ--ឆ្លាក់ចិត្តគិតជ័យ
វាសនាត្រចះ--រះជះអរិយ--វិទ្យាសាស្ត្រច្នៃ
បុរីសុខសាន្ត។
២៤. កវីនិពន្ធ--បញ្ញាពាក់ព័ន្ធ--គន់ផ្តុំចំណាន
វប្បធម៌ទូទៅ--ជាផ្លូវត្រូវឈាន--លោកាជាស្ពាន
ប្រៀនស្នើដើរដល់។
២៥. វាសនាស្រុកខ្មែរ--គ្រប់គ្នាត្រូវតែ--បែរមកអំពល់
សាងអនាគត--មូលមាត់តម្កល់--'ធនម្នុស្ស'(១)ដឹងយល់
ពន្យល់បង្រៀន។
២៦. ឲ្យស្គាល់សីមា--ស្គាល់ភោគលោកា--ដោយសារនិទាន
ហេតុជាក់រាក់ជ្រៅ--ប្រាប់ផ្លូវត្រូវហ៊ាន--សន្សំជំហាន
អាស៊ានសាទរ។
២៧. ប្រជាជនតិច--ជាតិខ្មែរមិនភ្លេច--ជានិច្ចថ្ពេច..ត
កោសល្យសង់សាង--ត្រដាងអង្គរ--ថេរផ្តុំកំដរ
ចិត្តចរចង់ចេះ។
២៨. ចង់ហើយឆ្លើយឆ្លង--សិក្សារាល់ដង--ចម្លងចំណេះ
រៀនហើយរំលែក--ចែករឿងត្រិះរិះ--អ្នកអានបានបេះ
ស្រេះស្រោបក្តាប់សារ។
២៩. ផ្ចិតផ្ចង់ពិគ្រោះ--ជាស្មេរស្ម័គ្រស្មោះ--ពិរោះពិស្តារ
អ្នកអានសប្បាយ--មិនណាយសិក្សា--ប្រឹងបែកប្រាជ្ញា
ចេតនាចារដែរ។
៣០. អាចជួយជាថ្នាល--ហ្វេសប៊ុកបណ្តាល--រាល់កាលប្រួលប្រែ
បង្ហាញលំហាត់--ណាត់ជួប Friends ក្បែរ--ជួយប្រាប់ហូរហែ
ពូកែកើនឡើង។
៣១. ចេះរៀនពីគ្នា--បង្កើតសាមគ្គា--មុខជាជាតិថ្កើង
ជំនាញចំណេះ--ស្រេះគ្រប់គ្នាយើង--ចែកលើកតម្កើង
ជើងត្បូងគ្រោងគ្រាន់។
៣២. ធនធានម្នុស្សខ្មែរ--តទៅស្និទ្ធស្នេហ៍--កែប្រែជាមន្ត
វាសនាអង្គរ--បន្ទររួសរាន់--ហេតុផលជាឈ្នាន់
បន្ទាន់គន់គិត។
៣៣. មុនបញ្ហាកើត--អ្នកមានកំណើត--អើតមើលរួមគិត
រកដំណោះស្រាយ--អាយចម្លើយឫទ្ធ--សន្ទនាពិនិត្យ
ជិតជ័យជូនជាតិ។
៣៤. បញ្ហាមានស្តែង--គិតលៃក្រៃលែង--ចារចែងជូនញាតិ
យល់ដឹងថ្លឹងគ្រាន់--បន្ទន់វិវាទ--ពិចារណ៍ព្រោងព្រាត
ឥតឃ្លាតហេតុ.ផល។
៣៥. រឿងពិតពឹងពាក់--ហេតុ.ផលជាក់លាក់--ប្រទាក់តម្កល់
'រចនាបថ'តែង--ត្រូវស្វែងដិតដល់--ជាគ្រឿងសម្គាល់
កោសល្យអាត្មា។
៣៦. ហេតុតែស្នេហ៍ណាស់--តាក់តែងច្បារច្បាស់--ដាស់ចិត្តខេមរា
ចំណែកអ្នកដឹង--នឹងប្រឹងសិក្សា--សរសើរសព្វសារ
អ្នកណាក្រៅខ្លួន។
៣៧. សរសើរហើរមក--ត្រៀមទទួលយក--ពន្លកចិត្តស្ងួន
កាព្យខ្មែរខ្លួនចែង--តុបតែងសមសួន--កុំបីបំពួន
ពាក្យចួនខ្លាំងណាស់។
៣៨. ចួនគោលពោលដឹង--កវីលៃថ្លឹង--សន្ធឹងប្រឹងឆ្លាស់
ចួនខ្លួនពេញចិត្ត--ប្រណីតយុទ្ធសាស្ត្រ--បានច្រើនដេរដាស
ច្បាស់'រចនាបថ'។
៣៩. កំណាព្យគ្មានព្រំ--អាចរីកទំហំ--ពុំមានកំណត់
ក្បួនកំណាព្យខ្មែរ--ស្នេហ៍ចិត្តអំណត់--ចិត្តចង់ប្រាកដ
រត់រករស្មី។
៤០. ពិសោធន៍ជាក់ស្តែង--ខ្ញុំសុំសម្តែង--រែងម្តុំសម្តី
តែងល្អមួយល្បះ--ច្បាស់ជាភក្តី--ដូចណាត់អត្ថន័យ
វិស័យកាព្យខ្មែរ។
៤១. ជារឿងរៀបពាក្យ--ហេតុចង់បង្កៀក--ច្រៀកពេចន៍លេចថែ
ចាប់ចុងចួនចង--ណែងណងហូរហែ--បានច្រើនរឹតតែ
ពូកែគិតគន់។
៤២. កុំទាន់ទៅណា--រំលេចរចនា--ភាសាមានមន្ត
សន្សំបន្ទុំ--ទម្លាប់រាប់គ្រាន់--ចិត្តស្ម័គ្រពាក់ព័ន្ធ
រួសរាន់រកឫទ្ធ។
៤៣. ឫទ្ធរៀបពាក្យពេចន៍--បង្កៀករំលេច--ជានិច្ចពិនិត្យ
ចាប់ចុងចួនចែង--ណែងណងក្រងចិត្ត--ទាល់យល់វិចិត្រ
ខិតខំកែទៀត។
៤៤. ទាល់តែអស់ចិត្ត--ភាសាពិសិដ្ឋ--អាណិតចិត្តឆ្លៀត
រៀបរៀងផ្ទៀងផ្ទឹម--ចិញ្ចឹមមាយាទ--អំណត់ឥតឃ្លាត
វាតវង្សខន្តី។
៤៥. មិនបាច់ទៅឆ្ងាយ--'កាកគតិ'អាយ--បន្លាយនិស្ស័យ
សាកល្បងក្រងចិត្ត--ប្រព្រឹត្តស្និទ្ធន័យ--រំលេចសេចក្តី
កុំភ័យខ្លាចខុស។
៤៦. ខ្លួនជាលោកគ្រូ--ខ្លួនកូនជាងគូរ--ផ្ទឹមផ្ទូរពិគ្រោះ
កែទាល់បានល្អ--ស្មោះសរបណ្តុះ--សង់ធនធានម្នុស្ស
ស្រុះចិត្តគិតចំ។
៤៧. ចេះកែឲ្យស្រស់--ចេញល្បះពីរោះ--ជួសជុលឲ្យសម
ឡើងខ្លួនជាគ្រូ--ស៊ូរៀនគ្រប់មុម--កូនសិស្សតូចធំ
កុំភ្លេចប្រាប់ផ្លូវ។
៤៨. ផ្លូវល្អប្រពៃ--ប្រើមន្តខន្តី--លៃលករកទៅ
យុទ្ធសាស្ត្រច្បាស់ច្បារ--សិក្សាចារនៅ--កាព្យឃ្លោងយោងត្រូវ
ប៉ះពូវ'ស្នាដៃ'។
៤៩. អ្នកណាដឹងកើត--ស្មេរមានកំណើត--បង្កើតកាព្យជ័យ
ចេញពីមួយល្បះ--រះលើបុរី--រាលដល់ផែនដី
ស្មារតីសង់សាង។
៥០. រឿងប៉ងប្រាថ្នា--សម្រេចកាលណា--ចារកើតជាប្រាង្គ
កំណាព្យខាបចិត្ត--ស្និទ្ធអាថ៌សំណាង--អង្គរតំណាង
ខាងខណ្ឌកវី៕
(១) ធនធានមនុស្ស
(សូមរង់ចាំអានវគ្គ៣)
© រក្សាសិទ្ធិដោយ thmeythmey.com