អន្តរជាតិ
ចិន ពន្លះ​អាមេរិក​ជាថ្មី ក្រោយ​បញ្ចប់​លំ​ហាត់​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជោគជ័យ​
12, Jul 2020 , 1:43 pm        
រូបភាព
នាវាចម្បាំងចិនក្នុងសមយុទ្ធកន្លងទៅ។ រូបភាព Xinhua
នាវាចម្បាំងចិនក្នុងសមយុទ្ធកន្លងទៅ។ រូបភាព Xinhua
ដោយ:
​បន្ទាប់ពី​បញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដោយ​ជោគជ័យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រយៈពេល​ជិត​មួយ​សប្តាហ៍​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៩ កក្កដា​កន្លងទៅ បានចេញ​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត​សម្តែង​ការខកចិត្ត និង​ជំទាស់​ដាច់ខាត​លើ​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​នឹង​ការធ្វើ​សមយុទ្ធ​យោធា​នេះ​។

 
​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រប​ស់​ខ្លួន រដ្ឋាភិបាល​ចិន បាន​ហៅ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​អាមេរិក​ពាក់ព័ន្ធ​នឹង​សមយុទ្ធ​យោធា​ចិន​ថ្មីៗ​នេះ ថា​រឿង​មិន​ពិត​, យល់ឃើញ​ពី​ត្រូវ​មក​ខុស និង​ប៉ុនប៉ង​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​កាន់តែ​ឃ្លៀតឆ្ងាយ​ពីគ្នា ហើយ​កេងចំណេញ​ស្ថានភាព​ដោយ​គ្មាន​តម្លាភាព​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Global Times​។​
 
​តាម​ការបញ្ជាក់​របស់​លោក Ren Guoqiang អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​១ ដល់​៥ កក្កដា​កន្លងទៅ គឺជា​លំ​ហាត់​យោធា​ប្រចាំឆ្នាំ ដែលមាន ការជូនដំណឹង​ជាមុន​ត្រឹមត្រូវ ហើយ​មាន​គោលដៅ​បង្កើន​សមត្ថភាព​ការពារ​សន្តិសុខ អធិបតេយ្យ និង​សន្តិភាព​ជាតិ​របស់​កង​ទ័ពជើងទឹក​ចិន​ប៉ុណ្ណោះ​។ លោក បន្តថា លំ​ហាត់​យោធា​នេះ ក៏​មិន​បានដាក់ គោលដៅ​លើ​ប្រទេស​ណា​ផងដែរ​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​គូសបញ្ជាក់ថា ក្រោម​កិច្ចប្រឹងប្រែង​របស់​ចិន និង​សមាជិក​អាស៊ាន ស្ថានភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​ស្ថិរភាព និង​ឆ្ពោះទៅរក​ទិសដៅ​មួយ​ដ៏​ល្អ​ហើយ​។ ក៏ប៉ុន្តែ​អាមេរិក នៅតែ​បន្ត​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​មកកាន់ សមុទ្រ​ចិន ខាងត្បូង​ម្តង​ហើយ​ម្តងទៀត​ក្នុង​ចេតនា​បង្ករឿង និង​បង្ហាញ​សាច់ដុំ​របស់ខ្លួន ដែល​បានធ្វើ​ឲ្យ​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​រង​ការគំរាមកំហែង​។ 
 
​អ្នកនាំពាក្យ ថែមទាំង​បាន​ហៅ​អាមេរិក​ពេញៗ​មាត់​ថា ជា​អ្នក​បង្ករឿង​ធំ​បំផុត ដែល​ជំរុញ​ឲ្យ​មាន​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូ​អ ហើយ​បាន​ដើរ​ផ្ទុយ​នឹង​សេចក្តីប្រាថ្នា និង​កិច្ចប្រឹងប្រែង​ក្នុង​ការកសាង​សន្តិភាព​របស់​ប្រទេស​ក្នុង​តំបន់​។ ចិន សង្ឃឹមថា អាមេរិក នឹង​រៀនសូត្រ​ពី​កំហុស​របស់ខ្លួន ហើយ​បញ្ឈប់​ប្រតិបត្តិការ​បង្ករឿង​ផ្នែក​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​នោះ បញ្ឈប់​ការចោទប្រកាន់​ចិន ដោយ​គ្មាន​មូលដ្ឋាន​តទៅទៀត​៕  
 
 

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com