យន្តហោះបំបាំងកាយដំបូងរបស់ចិន ស៊េរី J-20 បានចូលផលិតកម្មទ្រង់ទ្រាយធំជាផ្លូវការហើយ ក្រោយបច្ចេកវិទ្យារបស់យន្តហោះនេះឡើងថ្នាក់ជាយន្តហោះចម្បាំងជំនាន់ទី៥។ នេះបើតាមប្រភពយោធាចិនដែលដឹងពីគម្រោងនេះ ប្រាប់កាសែតហុងកុង South China Morning Post ។
«ការផលិតទ្រង់ទ្រាយធំរបស់យន្តហោះចម្បាំង J-20B បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី៨ ខែកក្កដា។ ចុងក្រោយ វាបានក្លាយយន្តហោះបំបាំងកាយពេញលេញ ដោយសមត្ថភាពវាត្រូវតាមលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ»។ ប្រភពយោធាចិន អះអាងបែបនេះ។
ការប្រកាសពីដំណឹងនេះ បានធ្វើឡើងនៅពិធីដាក់បង្ហាញយន្តហោះ J-20B ដែលទើបត្រូវបានដំឡើងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន កាលពីថ្ងៃពុធសប្តាហ៍មុន។ ក្នុងកម្មវិធីនេះ ក៏មានចូលរួមដោយថ្នាក់ដឹកនាំយោធាចិនជាច្រើននាក់ រួមមាននាយឧត្តមសេនីយ៍ Zhang Youxia អនុប្រធានគណៈកម្មការយោធាមជ្ឈិម ហើយក៏ជាអ្នកទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍សព្វាវុធសម្រាប់កងទ័ពរំដោះប្រជាជនផងដែរ។ នេះបើតាមប្រភពយោធាចិនដដែល ដោយចុះផ្សាយដោយកាសែតហុងកុង South China Morning Post នៅថ្ងៃទី១២ ខែកក្កដា។
«ការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយរបស់យន្តហោះចម្បាំង J-20B នេះ គឺថា ឥឡូវនេះ វាបំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងវិកទ័ររុញ (Thrust Vector Control)»។ ប្រភពយោធាចិន បញ្ជាក់បែបនេះ។ ប្រព័ន្ធបច្ចេកវិទ្យា Thrust vector control (TVC) អនុញ្ញាតឲ្យអ្នកបើកបរគ្រប់គ្រងយន្តហោះចម្បាំងពួកគេប្រសើរជាងមុន ដោយការផ្លាស់ប្ដូរទិសដៅកម្លាំងរុញរបស់ម៉ាស៊ីន។
ខណៈបច្ចេកវិទ្យា TVC ត្រូវបានបំពាក់ទៅឲ្យយន្តហោះចម្បាំងទំនើបជាងគេរបស់ចិននេះ យន្តហោះយោធា J-20B នឹងនៅតែបន្តប្រើប្រាស់ម៉ាស៊ីនយន្តហោះដែលផលិតដោយរុស្ស៊ី Saturn AL-31 ព្រោះថា ម៉ាស៊ីនចិន WS-15 ដែលគ្រោងបំពាក់ឲ្យយន្តហោះ J-20B ត្រូវការពេលបន្ថែមទៀតដើម្បីអភិវឌ្ឍ។ នេះបើតាមប្រភពយោធាចិនដដែល។
តាមកាសែត South China Morning Post បច្ចុប្បន្ន ក្រុមវិស្វករចិនកំពុងអភិវឌ្ឍម៉ាស៊ីន WS-15សម្រាប់យន្តហោះចម្បាំងត្រកូល J-20 ក៏ប៉ុន្តែការងារនេះ មានភាពយឺតយ៉ាវជាងផែនការ។ ត្រង់ចំណុចនេះ ប្រភពដដែលនិយាយដូច្នេះថា៖«ម៉ាស៊ីនយន្តហោះចិនដែលអភិវឌ្ឍសម្រាប់ត្រកូល J-20 នៅតែពុំទាន់ជោគជ័យជាស្ថាពរ ក៏ប៉ុន្តែការអភិវឌ្ឍរបស់វា ដំណើរការទៅមុខដោយរលូន ហើយវាប្រហែលជារួចរាល់ក្នុងរយៈពេល១ឆ្នាំ ឬ២ឆ្នាំខាងមុខ»។
គិតត្រឹមចុងឆ្នាំ២០១៩ ចិន ត្រូវបានគេប៉ាន់ស្មានថាផលិតយន្តហោះត្រកូល J-20 ប្រមាណ ៥០គ្រឿងហើយ ក៏ប៉ុន្តែបញ្ហាជាមួយការអភិវឌ្ឍម៉ាស៊ីនរបស់យន្តហោះនេះ បានពន្យារពេលគម្រោងផលិត។ យន្តហោះចម្បាំងស៊េរី J-20 ជុំទី១ របស់ចិន បានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៧ ។
យន្តហោះចម្បាំង J-20 ត្រូវបានជាប់ឈ្មោះជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលដូចគ្នានឹងយន្តហោះចម្បាំង F-22 Raptor និងយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុនអាមេរិក Lockheed ។ យន្តហោះចម្បាំងជំនាន់ទី៥ គឺសំដៅលើបច្ចេកវិទ្យាបំបាំងកាយ (គេចផុតពីការតាមចាប់របស់រ៉ាដា) ល្បឿនលឿនជាងសំឡេង ភាពបត់បែនគ្រប់កាលៈទេសៈដោយងាយស្រួល និងបំពាក់ដោយឧបករណ៍ទំនើបផុតលេខ៕