ជាតិ
ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល ចុះ​សិក្សា​ពី​ស្ថានភាព​កម្មករ ពី​ការរង​ផលប៉ះពាល់​ដោយ​កូ​វីដ​-១៩
22, Jul 2020 , 8:59 am        
រូបភាព
កម្មកររោងចក្រកាត់ដេរកំពុងរៀនជំនាញទន់ពីកម្មវិធីរបស់ក្រសួងការងារ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
កម្មកររោងចក្រកាត់ដេរកំពុងរៀនជំនាញទន់ពីកម្មវិធីរបស់ក្រសួងការងារ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
​ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ពួកគេ​។ មេ​សហជីព​បង្ហាញ​ការគាំទ្រ​លើ​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ ប៉ុន្តែ​បាន ចោទ​ជា​សំណួរ​ថា គោលបំណង​នៃ​ការចុះ​ស្រាវជ្រាវ​នេះ នឹង​ជួយ​ដល់​កម្មករ​ឬ​វិស័យ​ឯកជន​?

 
​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃ​៣១​កក្កដា ឆ្នាំ​២០២០ នឹង​ចុះ​អង្កេត​និង​សិក្សា​ស្រាវជ្រាវ​ក្នុង​រោងចក្រ តាម​បណ្តា​រាជធានី​-​ខេត្ត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​។ 
 
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិនបាន​ឆ្លើយ​ប្រាប់​ពី​គោលបំណង​និង​របៀប​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះឡើយ​។ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោក ឆ្លើយ​នឹង​សារព័ត៌មាន​ថ្មីៗ​ថា​៖«​វា​ជា​ការងាររដ្ឋបាល​ផ្ទៃក្នុង ដែល​យើង​បាន​ធ្វើជា​រៀងរាល់ឆ្នាំ​សម្រាប់​ចែកជូន​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​តែប៉ុណ្ណោះ​»​។ 
 
​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោកស្រី យ៉ាង សុ​ភ័​ណ្ឌ បង្ហាញ​ជំហរ​ថា ភាគី​សហជីព​គាំ​ទ្រាំ​លើ​កិច្ច​សិក្សា​ពី​ស្ថានភាព​របស់​កម្មករ​ដែ​ល​រង​ផលប៉ះពាល់​នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ​។ ប៉ុន្តែ​ចំណុច​សំខាន់បំផុត លោកស្រី បាន​ចោទ​ជា​សំណួរ​ថា តើ​គោលបំណង​នៃ​ការចុះ​សិក្សា​នេះ គឺ​ដើម្បី​ជួយ​ដល់ក​ម្មករ​ឬ​ជួយ​ដល់​វិស័យ​ឯកជន​? 
 
​លោកស្រី​អះអាងថា បើ​រដ្ឋាភិបាល​ប្រើការ​សិក្សា​ស្រាវជ្រាវ​ជួយ​ដល់​កម្មករ​គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​របស់​កម្មករ​គឺជា​រឿង​ដែល​អាក្រក់​មើល​។ មេ​សហជីព​រូបនេះ ដែល​បាន​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​តេ​ឡេ​ក្រាម​ដែរនោះ ថ្លែង​ដូច្នេះ​ថា​៖«​យើង​គាំទ្រ​ការសិក្សា​នេះ ប៉ុន្តែ​យើង​ត្រូវ​មើល​ពី​គោលបំណង​សំខាន់​ដែល​សិក្សា​ស្រាវជ្រាវ​វិញ ក្នុង​គោលបំណង​យកទៅ​ប្រើ​យ៉ាងណា ជួយ​ជា​ប្រយោជន៍​ដល់ក​ម្មករ​ឬ​ជួយ​ជា​ប្រយោជន៍​ដល់​វិស័យ​ឯកជន​? នេះ​ជា​អ្វីដែល​ត្រូវ​គិត បើ​សម្រាប់​ជួយ​ដល់ក​ម្មករ​គឺជា​រឿង​មួយ​ល្អ​និង​ជាកា​ព្វ​កិច្ច​របស់​រដ្ឋ​»​។ 
 
​អ្នកស្រី បន្តថា​៖«​បើសិនណា​ការសិក្សា​នេះ សិក្សា​ស្រាវជ្រាវ​ហើយ យកទៅ​ជជែក​នៅ​គណៈកម្មការ​ក្រុមប្រឹក្សា​ការងារ​ឬ​ពេលដែល​យើង​ជជែក​គ្នា​ពី​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​ធ្វើ​ប្រាក់​ឈ្នួល​របស់​កម្មករ​មិនអាច​ដំឡើង​បាន​នៅ​ឆ្នាំ​ក្រោយនេះ វា​ជា​ចំណុច​មួយ​អាក្រក់​មើល ដោយ​រដ្ឋ​មិនបាន​ការពារ​សិទ្ធិ​ប្រយោជន៍​របស់​កម្មករ​ទេ បែរជា​ជួយ​ដល់​វិស័យ​ឯកជន​ទៅវិញ​»៕ 
 
 

Tag:
 កម្មករ​
  កាត់ដេរ​
  ការងារ​
  ប្រាក់​ឈ្នួល​
  អប្បបរមា​
© រក្សាសិទ្ធិដោយ thmeythmey.com