ជាតិ
អា​ជាធរ​ភ្នំពេញ​បន្ត​ព្រមាន​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ ចំពោះ​អ្នក​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម
24, Jul 2020 , 11:29 pm        
រូបភាព
សកម្មភាពអាជ្ញាធរខណ្ឌចំការមនចុះប្រមូលសំរាមនៅក្បែលសាលាសាមគ្គី
សកម្មភាពអាជ្ញាធរខណ្ឌចំការមនចុះប្រមូលសំរាមនៅក្បែលសាលាសាមគ្គី
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេតឃើញ​ពលរដ្ឋ​មួយចំនួន​តូច មិនទាន់​បង់់ថ្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ​មិថុនា ក្នុងដំណាក់កាល​អន្តរ​កាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ជាថ្មី​ម្ដងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ប្រញាប់​បង់​និង​ទូទាត់​បំណុល​រួម​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្ងៃទី​២៣ ខែកក្កដា​។


​សាលា​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ក្នុងករណី​ពលរដ្ឋ​ណា​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នោះទេ អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​មួយចំនួន​ដូចជា បញ្ចេញ​បញ្ជី​ឈ្មោះ តាម​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ លើសពីនេះ អាជ្ញាធរ នឹងត្រូវ​កត់ត្រា​ជា​បំណុល ហើយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម​បណ្ដោះអាសន្ន​។​
 
​ក្រៅពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។ 
​ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ពលរដ្ឋ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ឲ្យ​ទាន់ពេល​កំណត់ ជៀសវាង​ក្រុមការងារ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ខាងលើ​។​
 
​សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​ទៅ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​តួលេខ​អ្នក​ដែល​មិនបាន​បង់​កន្លងមក ប៉ុន្តែ​មិនមាន​ការឆ្លើយតប​ឡើយ ដោយសារ​គ្មាន​អ្នកទទួល​ទូរ​សព្ទ​៕
 

Tag:
 សំរាម​
 
© រក្សាសិទ្ធិដោយ thmeythmey.com