COVID-19
អន្តរជាតិ
វៀតណាម ផ្អាក​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក និង​ជើងហោះហើរ​ទាំងអស់​នៅ​ដា​ណា​ង​
28, Jul 2020 , 11:05 am        
រូបភាព
ភ្ញៀវទេសចរ នៅអាកាសយានដ្ឋានអន្តរជាតិដាណាង រង់ចាំការចាកចេញពីក្រុងដាណាង។ រូបភាព៖ AFP
ភ្ញៀវទេសចរ នៅអាកាសយានដ្ឋានអន្តរជាតិដាណាង រង់ចាំការចាកចេញពីក្រុងដាណាង។ រូបភាព៖ AFP
​ចាបពី​ម៉ោង ១២​យប់ ថ្ងៃទី​២៨ ខែកក្កដា​តទៅ អាជ្ញាធរ​ក្រុង​ដា​ណា​ង នឹង​បិទ​ជើងហោះហើរ និង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 នៅក្នុង​ប្រទេស​។ ចំណែក ដំណើរការ​នៃ​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ក៏ត្រូវ​ផ្អាក​ផងដែរ​។ នេះ​បើតាម​បទបញ្ជា​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ដែល​ចេញ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា​។


​គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ទីក្រុង​ដា​ណា​ង បាន​រាយការណ៍​ពី​ករណី​ឆ្លង​សរុប​ចំនួន ១៥​ករណី​ហើយ ដែលមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ចំនួន​៣ នៅក្នុង​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។ 
​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ក្រសួង​ដឹកជញ្ជូន​វៀតណាម បានចេញ​បទបញ្ជា​ថ្មី​មួយ ដោយ​ផ្អាក​ជើងហោះហើរ​ក្នុងស្រុក ចេញ និង​ចូល​ក្រុង​ដា​ណា​ង​ទាំងអស់ ក្នុង​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃទី​២៨ ខែកក្កដា​តទៅ​។ ដោយឡែក ជើងយន្តហោះ​ជម្លៀស​អ្នកដំណើរ ត្រូវតែ​ចាកចេញ​ពី​ក្រុង​ដា​ណា​ង​មុន​ម៉ោង ១២​យប់​ថ្ងៃទី​២៨ ខែកក្កដា ហើយ​ជើងហោះហើរ​នៅសល់​ត្រូវ​ផ្អាក​សិន​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋាភិបាល​វៀ​ត​ណា​ម VGP NEWS​។​
 
​ជាមួយគ្នានេះ វៀតណាម ក៏បាន​ផ្អាក​ការធ្វើដំណើរ​នៅក្នុង​ទីក្រុង និង​ការធ្វើដំណើរ​ចេញចូល​ក្រុង​ដា​ណា​ង​ផងដែរ លើកលែង​ករណី​ចាំបាច់​ដូចជា​អ្នកជំងឺ កម្មករ​ជំនាញ បុគ្គលិក​ក្នុង​រោងចក្រ​ម្ហូបអាហារ​ប៉ុណ្ណោះ​។ តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ស្តីទី​សុខាភិបាល​វៀតណាម ជំងឺ COVID-19 ពេលនេះ គឺជា​ប្រភេទ​ថ្មី ដោយ​ផ្អែក​ទៅតាម​ការវិភាគ​លើ​ហ្សែ​ន​របស់​វីរុស ហើយ​ឆ្លង​ខ្លាំង​ជាង​មុខ​។ ការណ៍​នេះ ធ្វើ​ឲ្យ​វៀតណាម​ត្រូវតែ​ចេញ​ចំណាត់ការ​ជាបន្ទាន់ និង​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នេះ​។ 
 
​ចំណែក​ប្រជាជន​វៀតណាម ដែល​រស់នៅក្នុង​សង្កាត់​ចំនួន​៦ ក្នុង​ក្រុង​ដា​ណា​ង ត្រូវបាន​អាជ្ញាធរ​ស្នើ​ឲ្យ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន ដើម្បី​ជៀសវាង​ការឆ្លង​COVID-19​។ ប្រជាជន​ទាំងនោះ ក៏​អាច​ចាក​ចេញពីផ្ទះ ក្នុងករណី​ចាំបាច់​តែប៉ុណ្ណោះ ដូចជា​ម្ហូបអាហារ ថ្នាំពេទ្យ និង​អ្នកធ្វើការ​ក្នុង​រោងចក្រ​ជាដើម​។ 
 
​ទន្ទឹមនេះ មន្ទីរពេទ្យ​ចំនួន​បី​ក្នុង​ក្រុង​ដា​ណា​ង ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង COVID-19 ក៏ត្រូវ​អាជ្ញាធរ​បិទ​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា វៀតណាម បានធ្វើ​តេស្ត​លើ​ប្រជាជន​ចំនួន ៧៦១​នាក់ ដែលមាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ COVID-19​។ ករណី​COVID-19 សរុប​របស់​វៀតណាម បាន​កើន​ដល់ ៤៣១​នាក់ និង​មិនមាន​ករណី​ស្លាប់​។ រីឯ​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៦៥​នាក់​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com