CAS ថា UEFA គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ Man City បំពាន​ច្បាប់​ហិរញ្ញវត្ថុ​ឡើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
CAS ថា UEFA គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ Man City បំពាន​ច្បាប់​ហិរញ្ញវត្ថុ​ឡើយ​
29, Jul 2020 , 11:59 pm        
រូបភាព
​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) នៅ​ថ្ងៃទី​២៨ កក្កដា អះអាងថា សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ Manchester City រំលោភច្បាប់​ហិរញ្ញវត្ថុ «Financial Fair Play» ឡើយ​។ ប៉ុន្តែ CAS រកឃើញថា​ក្លិ ប​រហស្សនាម​មេឃ​ខៀវ​នេះ​បានបង្ហាញ​កាយវិការ​មិន​យកចិត្តទុកដាក់​ចំពោះ​ការស៊ើបអង្កេត​របស់ UEFA​។​


Man City បាន​រួច​ផុតពី​ការហាមឃាត់​លេង​ក្របខណ្ឌ UEFA Champions League រយៈពេល​២​ឆ្នាំ ក្រោយ​ឈ្នះក្តី​នៅឯ​តុលាការ​អាជ្ញាកណ្តាល​កីឡា ក្នុងប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី​១៣ ខែកក្កដា​កន្លងមក​។ ការសម្រេច​ដក​បម្រាម​នេះ​វិញ បន្ទាប់ពី​ក្លិប​រហស្សនាម​មេឃ​ខៀវ​បាន​យក​រឿងក្តី​ដែល​ត្រូវបាន​ចោទប្រកាន់​ពី UEFA នេះ​ទៅកាន់ CAS ដើម្បី​ប្តឹង​ឧទ្ធរណ៍​ជំទាស់​។​
 
​នៅឯ​តុលាការ CAS អះអាងថា ក្លិប​យក្ស​អង់គ្លេស​មួយ​នេះ បានបង្ហាញ​ទិន្នន័យ​ច្បាស់លាស់​អស់ហើយ បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី UEFA​។ ក្រៅពី​ហាម​មិន​ឲ្យ​លេង​ក្របខណ្ឌ​អឺរ៉ុប​ពីរ​រដូវ​កាល UEFA ថែមទាំង​បានដាក់​ពិន័យ Man City ជា​ប្រាក់ ៣១,៦០ លាន​ដុល្លារ​ផង ក្រោយ​រកឃើញថា​ក្លិប​នេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់ FFP ដោយ​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើន​លើស​ចំណូល​ក្នុង​ទិញដូរ​កីឡាករ​ចូល​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៦​។​
 
​ក្រោយ​ការពិនិត្យ CAS បានសម្រេច​ឲ្យ Man City ឈ្នះក្តី​នេះ ដោយ​អាច​រួច​ផុតពី​បម្រាម និង​បន្ថយ​ការពិន័យ​ជា​ប្រាក់​ត្រឹម ១១,៣១​លាន​ដុល្លារ​វិញ​ប៉ុណ្ណោះ​។ CAS បញ្ជាក់​ច្បាស់​ថា កិច្ចព្រមព្រៀង​ឧបត្ថម្ភ​គឺ​ផ្អែកលើ​តម្លៃ​ទីផ្សារ​ពិត​របស់ Man City និង​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិតប្រាកដ​មួយ មិនមែនជា​មធ្យោបាយ​ស​ម្រា​ប់​ម្ចាស់​ក្លិប​ក្នុង​ការបញ្ចូល​សាច់ប្រាក់​ទៅក្នុង​ក្លិប​របស់​ពួកគេ​ដើម្បី​គេច​ផុតពី​ច្បាប់ FFP នោះឡើយ​។​
 
​យ៉ាងណាក៏ដោយ តាមរយៈ​ការពិនិត្យ​យ៉ាង​ហ្មត់ចត់ CAS រកឃើញ​មួយ​ករណី​ថា Man City មិនបាន​សហការ​ជាមួយ​ការស៊ើបអង្កេត​របស់​ស្ថាប័ន UEFA ឡើយ ដែល​នេះ​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​កីឡាបាល់ទាត់​អឺរ៉ុប​។ ករណីនេះ គឺ Man City មិនបាន​ចូលរួម​ក្នុង​ដំណើរការ​ស៊ើបអង្កេតរ​បស់ UEFA ទាក់ទង​ការបង្កើត​មូលនិធិ​បន្លំ​ដើម្បី​អាច​ទិញ​កីឡាករ​បាន​៕
 
 

Tag:
 Manchester City
  UEFA
  CAS
  FFP
© រក្សាសិទ្ធិដោយ thmeythmey.com