COVID-19
ជាតិ
សេដ្ឋកិច្ច
ទោះកូវីដ-១៩ តែ៧ខែដំបូង ការនាំចេញអង្ករកើនជាង៣៨ភាគរយ បើធៀបពេលដូចគ្នាកាលពីឆ្នាំមុន បុរសម្នាក់ដឹកអង្ករនៅលើផ្លូវមួយក្នុងរាជធានីភ្នំពេញ។ រូបថត AFP
× ភ្នំពេញ៖ កម្ពុជានាំចេញអង្ករបានរហូត ៤២៦,០៧៣តោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០។ ចំនួននេះ គឺបានកើនឡើងជាង៣៨ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ស្ថានភាពនៃការនាំចេញអង្ករកម្ពុជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងចំណោមអង្ករដែលកម្ពុជានាំចេញបានជាង៤២ម៉ឺនតោនខាងលើនេះ មាន១៥៥,៣២៧តោន ទៅកាន់ទីផ្សារប្រទេសចិន, មាន១៤៤,២៤៧តោន ទៅកាន់ទីផ្សារអឺរ៉ុប, មានជាង៥៧តោន ទៅទីផ្សារតំបន់អាស៊ាន និងប្រមាណ៧០តោនទៀត ទៅទីផ្សារក្នុងប្រទេសគោលដៅផ្សេងៗ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៧ខែមកនេះ មាន ប្រទេសចំនួន៥៧ បានបញ្ជាទិញអង្ករពីកម្ពុជា។ លោកលើកឡើងថា៖ «ការនាំចេញអង្ករកម្ពុជារយៈពេល ៧ខែដើមឆ្នាំនេះធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ មានកំណើនគោលដៅទាំងអស់ ដោយអឺរ៉ុបកើន ៣៧,៧ ភាគរយ ប្រទេសចិន កើន២៥,៩១ភាគរយ បណ្តាប្រទេសអាស៊ានកើន ៤៤,០៣ភាគរយ និងគោលដៅផ្សេងទៀតកើន ៧២,៤០ ភាគរយ»។
ទន្ទឹមនឹងកំណើននាំចេញអង្ករនេះ កម្ពុជាក៏បាននាំចេញស្រូវតាមច្រកបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម មានចំនួនជាង ១,១លានតោន ផងដែរ។ នេះបើយោងរបាយការណ៍របស់លោក វេង សាខុន។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់អះអាងប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជានឹងអាចនាំចេញអង្ករបានយ៉ាងតិច៨០ម៉ឺនតោន នៅបំណាច់២០២០ ហើយឈានសម្រេចគោលដៅក្នុងការនាំអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២១៕
© រក្សាសិទ្ធិដោយ thmeythmey.com