សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប្រា​យុទ្ធ បញ្ជា​ឲ្យ​ស៊ើប​ករណី​ស្លាប់​សាក្សី​សំខាន់​ក្នុង​សំណុំរឿង​ចៅប្រុស​ថៅកែ Red Bull
03, Aug 2020 , 9:59 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រក្សាទុក​សាកស​ព​សាក្សី​សំខាន់​ថ្មី​ម្នាក់​ក្នុង​សំណុំរឿង​ប្រឆាំង​ចៅប្រុស​ថៅកែ Red Bull ដើម្បី​វះកាត់​ពិនិត្យ​ស្វែងរក​មូលហេតុ​ពិត​នៃ​ការស្លាប់​។ ការដាក់ចេញ​បញ្ជា​នេះ ធ្វើឡើង​ខណៈ​ពលរដ្ឋ​ថៃ​នៅ​មិន​អស់ចិត្ត​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​បង្ហាញ​ពី​និ​ទណ្ឌ​ភាព​មួយ​នេះ​។​

 
 
​សាក្សី​ឈ្មោះ Jaruchart Mardthong អាយុ ៤០​ឆ្នាំ បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុងបើក​ម៉ូតូ​កាលពី​ថ្ងៃទី ៣០ ខែកក្កដា ក្រោយ​បុក​ជាមួយ​អ្នកបើកបរ​ម៉ូតូ​ម្នាក់ទៀត​។ ក្រោយ​រងរបួស​ធ្ងន់ ហើយ​សម្រាក​នៅ​មន្ទីរពេទ្យ រូបគេ​បាន​ស្លាប់ទៅ​។ នេះ​បើតាម​ការអះអាង​របស់​ប៉ូលិស​ថៃ​។ យ៉ាងណា សាធារណជន​ថៃ នៅតែ​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​មូលហេតុ​ពិត​នៃ​ការស្លាប់​លោក​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ អ្នកស្រី Traisuree Taisaranakul នៅ​ថ្ងៃទី ២ ខែសីហា បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុងការ​រក្សាទុក​សាក​សព​លោក Jaruchart គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​មន្ត្រី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ខណៈ​សាធារណជន​ថៃ​នៅ​មិន​អស់ចិត្ត​រឿង​ពេលវេលា​នៃ​ការស្លាប់​របស់លោក​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក លោក​ស្លាប់​នៅ​ម៉ោង​១​រំលងអធ្រាត្រ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ អ្នកស្រី Traisulee បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចង់​ធានា​ឲ្យ​បាន​យុត្តិធម៌ និង​ជម្រះ​មន្ទិលសង្ស័យ​សាធារណៈ​ជុំវិញ​សំណុំ​រឿងនេះ​។ អ្នកស្រី​និយាយ​ដូច្នេះ​ថា​៖«​នាយករដ្ឋមន្ត្រី រំ​ឮ​ក​ជាថ្មី​ថា រដ្ឋាភិបាល​នឹង​ជួយ​រក​យុត្តិធម៌​ក្នុង​សំណុំ​រឿងនេះ ។ ជនល្មើស នឹងត្រូវ​ដាក់ទោស​»​។​
 
​អ្នកនាំពាក្យ​ស្នងការ​ប៉ូលិស​ជាតិ លោក Kissana Phathanacharoen អះអាងថា ការស្លាប់​របស់​សាក្សី Jaruchart គឺ​ខុសពី​ធម្មតា ទើប​វា​កើតមាន​ការសង្ស័យ​បែបនេះ​។ លោក​បន្តថា បច្ចុប្បន្ន ប៉ូលិស កំពុង​ស៊ើបអង្កេត​លើ​ទិដ្ឋភាព​២ រួមមាន គ្រោះថ្នាក់​ចរាចរណ៍ និង​មួយទៀត​គឺពាក់ព័ន្ធ​នឹង​ការវះកាត់​សក​សព​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ ។​
 
​កាលពី​សប្តាហ៍​មុន លោក Jaruchart ក្លាយជា​ឈ្មោះ​ជា​សាក្សី​ដ៏​សំខាន់​ម្នាក់ ដែល​បានផ្ដល់​ចម្លើយ​បំភ្លឺថា លោក Vorayuth Yoovidhya ចៅប្រុស​ថៅកែ​ភេសជ្ជៈ​គោ​ជល់ ពុំបាន​បើក​លើស​ល្បឿន​កំណត់​ឡើយ (៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​) នៅពេល​លោក​បុក​ប៉ូលិស​ម្នាក់​លើផ្លូវ​ក្នុង​ទីក្រុង​បាងកក​ក្នុង​ឆ្នាំ​២០១២​។ លោក Jaruchart និង​សាក្សី​ម្នាក់ទៀត ដែលជា​មន្ត្រី​ថៃ​ចូលនិវត្តន៍ អះអាងថា រថយន្ត Ferrari របស់លោក Vorayuth បើក​ក្នុង​ល្បឿន​ចន្លោះ​ពី​៥០-៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពេល​មាន​គ្រោះថ្នាក់​។​
 
​បន្ថែម​ពីលើ​នេះ សាក្សី​ទាំងពីរ​នាក់ ក៏បាន​ឆ្លើយបំភ្លឺ​ទៀតថា ប៉ូលិស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​ជិះ​ប្ដូរ​គន្លង​ផ្លូវ​ភ្លាម​មួយ​រំពេច កាត់​ចំ​កណ្ដាល​មុខ​រថយន្ត​លោក Vorayuth ដែល​កំពុង​បើកបរ​លើ​គន្លង​ត្រឹមត្រូវ ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​លោក​បុក​ម៉ូតូ​ប៉ូលិស​បែបនេះ​។ រថយន្ត​ស៊េរី​ទំនើប​នោះ បាន​អូស​សព​ជាច្រើន​ម៉ែត្រ មុនពេល​បើក​រត់គេច​ពី​កន្លែងកើតហេតុ​។ 
 
​ដោយ​ផ្អែក​តាម​ហេតុផល​ខាងលើ រាជអាជ្ញា​ថៃ ក៏​សម្រេច​ទម្លាក់​បទ​ចោល​ប្រឆាំង Vorayuth ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាជន​ថៃ​ទូទៅ ដោយ​ចាត់ទុក​រឿងនេះ​ជា​ឧទាហរណ៍​មួយ​នៃ​វប្បធម៌​អភ័យឯកសិទ្ធិ​របស់​ពួក​អ្នកមាន​។​
 
​លោក Vorayuth ផ្ទាល់ ក៏​ពុំបាន​មាន​វត្តមាន​តាម​ការកោះហៅ​របស់​តុលាការ​ចំនួន​៨​ដង​ហើយ ចាប់តាំងពី​រង​ការចោទប្រកាន់​មក ។ អាជ្ញាធរ​បានចេញ​ដីការ​ចាប់ខ្លួន​លោក​៥​ឆ្នាំក្រោយ​កើត​ឧបទ្ទវ​ហេតុនេះ ហើយ​ក្រោយមក លោក Vorayuth បាន​រត់​ចេញពី​ប្រទេស​ថៃ ។ បច្ចុប្បន្ន គ្មាន​នរណា​ដឹងថា​លោក​នៅទីណា​ឡើយ​៕ 
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Red Bull
  Vorayuth Yoovidhya
  Jaruchart Mardthong
© រក្សាសិទ្ធិដោយ thmeythmey.com