ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ធ្វើ​ឲ្យ​អ្នកដទៃ​ភ្ញាក់ស្មារតី ភ្លាត់មាត់ ឬ​កាយវិការ ក៏​អាចជា​ទង្វើ​ខុសច្បាប់​ដែរ​
07, Aug 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់​សាធារណៈ ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​នីតិ​បញ្ញា​ត្តិ ហើយ​ក្លាយជា​ច្បាប់​ផ្លូវការ សូម​ប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​សកម្មភាព​ដែល​បង្ក​ឲ្យ​អ្នកដទៃ​ភ្ញាក់ស្មារតី ភ្លាត់មាត់ ឬ​ភ្លាត់​កាយវិការ​។​



អត្ថបទទាក់ទង


តាម​សេចក្តីព្រាងច្បាប់​ដែល​បាន​ពិនិត្យ​កែសម្រួល​ចប់​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ដែល​សារព័ត៌មាន​ថ្មីៗ ទទួលបាន សកម្មភាព​ដែល​បង្ក​ឲ្យ​អ្នកដទៃ​ភ្ញាក់ស្មារតី ភ្លាត់មាត់ ឬ​ភ្លាត់​កាយវិការ ស្ថិតក្នុង​ចំណោម​សកម្មភាព​ដែល​ប៉ះពាល់​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ​នៅ​ទីសាធារណៈ​។​

​សកម្មភាព​ផ្សេងទៀត​ដែល​ប៉ះពាល់​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ​នៅ​ទីសាធារណៈ មានដូចជា ការ​ចារឹក​អក្សរ ការ​គូរគំនូរ ការ​គូរ​និមិត្តសញ្ញា ការបាញ់​ថ្នាំ ការបិទ​ផ្សាយ​ព័ត៌មាន ឬ​ការ​ដាក់តាំង​រូបភាព​ដែលមាន​ខ្លឹមសារ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណីជាតិ សាសនា​, ការដាក់​បង្ហាញ ឬ​ចែកចាយ​នូវ​សំណេរ ឬ​រូបភាព ឬ​ប្រើ​ពាក្យសម្តី​មាន​ខ្លឹមសារ​ជា​ប្រមាថ​តាម​បណ្តាញ​សង្គម​, ការយក​រូបភាព ឬ​និម្មិត​សញ្ញា​ដែលមាន​តម្លៃ​ខាង​វប្បធម៌​ជាតិ​ទៅប្រើ​ប្រាស់​លើ​វត្ថុ​ដែល​នាំ​ឲ្យ​អាប់ឱន​ដល់​កិត្តិយស​របស់​ជាតិ​។​

​ការបញ្ចេញ​អាកប្បកិរិយា​ច្រងេង​ច្រ​ង៉ាង ប្រើពាក្យ​សម្តី​ឡូឡា បង្កជម្លោះ បង្ក​ភាពភ័យខ្លាច គំរាមកំហែង ឬ​ជេរប្រមាថ​, ការចែក​ចាយ ឬ​ដាក់​បង្ហាញ​នូវ​សំណេរ សញ្ញា​សម្គាល់ ឬ​រូបភាព​ដែល​តំណាង​ឲ្យ​ការគំរាមកំហែង​, ការ​ឈ្លោះ​វាយតប់​គ្នា ការ​រៃអង្គាស ការប្រមូល​វិភាគទាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច  រួមទាំង​ការសុំ​ទាន​តាម​គ្រប់រូប​ភាព​។​


​តាម​មាត្រា​៣៨​នៃ​សេចក្តីព្រាងច្បាប់ អំពើ​ល្មើ​សនឹង​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដោយ​ការព្រមាន ការពិន័យ​អន្តរការណ៍ ការដាក់វិន័យ​រដ្ឋបាល ឬ​ការដាក់ទោស​ពន្ធនាគារ ឬ​/​និង​ពិន័យ​ជា​ប្រាក់​។

​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ  ការដាក់វិន័យ​រដ្ឋបាល​ជា​សមត្ថកិច្ច​របស់​ក្រសួង​សា​ម៉ី ដែល​គ្រប់គ្រង​មន្ត្រី​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្របតាម​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន រីឯ​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ ឬ​/​និង​ការផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ ជា​សមត្ថកិច្ច​របស់​តុលាការ​៕




© រក្សាសិទ្ធិដោយ thmeythmey.com