សភា​ចិន សម្រេច​ឲ្យ​សភា​ហុងកុង​បន្តការងារ​១​ឆ្នាំ​ទៀត បន្ទាប់ពី​ការបោះឆ្នោត​ត្រូវ​លើក​ពេល​
អន្តរជាតិ
សភា​ចិន សម្រេច​ឲ្យ​សភា​ហុងកុង​បន្តការងារ​១​ឆ្នាំ​ទៀត បន្ទាប់ពី​ការបោះឆ្នោត​ត្រូវ​លើក​ពេល​
12, Aug 2020 , 11:45 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​១១ ខែសីហា បានសម្រេច​ឲ្យ​សភា​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​អាណត្តិ​ទី​៦ បន្ត​កិច្ចការងារ​របស់ខ្លួន បាន​តិចជាង ១​ឆ្នាំ​។ ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ហុងកុង បានប្រកាស​លើក​ពេល​បោះឆ្នោត ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ទៅធ្វើ​នៅ​ខែកញ្ញា ឆ្នាំ​២០២១ វិញ ដោយ​ផ្អែកលើ​ហេតុផល​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។

​តាមរយៈ​កិច្ចប្រជុំពេញអង្គ​លើក​ទី​២១ នៃ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​នីតិកាល​ទី​១៣ សមាជិកសភា​ចិន បានអនុម័ត​សេចក្តីសម្រេច​មួយ ដែល​អនុញ្ញាត​ឲ្យ​សភា​ហុងកុង បន្ត​កិច្ចការ​របស់ខ្លួន​តិចជាង ១​ឆ្នាំ បន្ទាប់ពី​ពន្យារពេល​បោះឆ្នោត​ទៅ​ឆ្នាំក្រោយ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ចិន CGTN សេចក្តីសម្រេច​នេះ បាន​បញ្ជាក់ថា សភា​ហុងកុង​អាណត្តិ​ទី​៦ នឹង​បន្ត​កិច្ចដឹកនាំ​កិច្ចការ​របស់ខ្លួន មិន​ឲ្យ​លើសពី​មួយឆ្នាំ​ឡើយ រហូតដល់​សភា​ហុងកុង​អាណត្តិ​ទី​៧ ចូលកាន់​តំណែង​។ មួយ​អាណត្តិ​របស់​សភា​ហុងកុង មាន​ចំនួន ៤​ឆ្នាំ​។ បើតាម​ការអះអាង​រប​ស់​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន សេចក្តីសម្រេច​នេះ គឺធ្វើឡើង​ស្របទៅនឹង​ច្បាប់ ហើយ​វា​សំខាន់​ណាស់ ក្នុង​ការធានា​មុខងារ​របស់​រដ្ឋាភិបាល និង​សង្គម​ហុងកុង​។ 
 
​សេចក្តីសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ហុងកុង​ប្រកាស​ពន្យារពេល​បោះឆ្នោត​សភា​ហុងកុង ទៅ​ឆ្នាំ​២០២១ ដោយសារ​COVID-19​។ លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ហុងកុង បានដាក់​របាយការណ៍​ទៅ​រដ្ឋាភិបាល​ចិន តាំងពី​ថ្ងៃទី​២៨ ខែកក្កដា ដើម្បី​ពន្យារពេល​ការបោះឆ្នោត​នេះ​។ អាណត្តិ​បច្ចុប្បន្ន​របស់​សភា​ហុងកុង ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ខាងមុខ​។ 
 
​កន្លងមក​ក្រុម​ប្រទេស Five eyes ដែលមាន​អាមេរិក កាណាដា អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ បាន​ជំរុញ​ឲ្យ​ហុងកុង​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​ការលើក​ពេល​បោះឆ្នោត​បែបនេះ គឺជា​ការបំផ្លាញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​។ ជាការ​ឆ្លើយតប ក្រសួងការបរទេស​ចិន បាន​អះអាងថា ការពន្យារពេល​បោះឆ្នោត​របស់​ហុងកុង មិនមែន​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​នោះទេ ផ្ទុយទៅវិញ វា​គឺជា​ការការពារ​សុវត្ថិភាព និង​សុខភាព​របស់​ប្រជាជន​។ 
 
​សូមបញ្ជាក់ថា ករណី​ឆ្លង​COVID-19 នៅក្នុង​ទីក្រុង​ហុងកុង គឺ​បាន​ធ្លាក់ចុះ​បន្តិច​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ នៅ​ថ្ងៃទី​១១ ខែសីហា ហុងកុង បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 ចំនួន ៣៣​ករណី ដែលជា​ចំនួន​ឆ្លង​តិចជាងគេ​បំផុត ក្នុង​រយៈពេល​១​ខែ​ចុងក្រោយ​។ ករណី​សរុប​COVID-19 នៅក្នុង​ទីក្រុង​ហុងកុង មាន​ចំនួន ៤១៨២​ករណី អ្នកស្លាប់​មាន​ចំនួន ៥៨​នាក់ និង​អ្នកជា​សះស្បើយ​មាន ៣០៥២​នាក់​៕ 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com