អន្តរជាតិ
បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុងចូលជាធរមាន តើមានបញ្ហាអ្វីខ្លះកើតឡើង?
19, Aug 2020 , 10:59 am        
រូបភាព
កងកម្លាំងសន្តិសុខហុងកុង។ រូបភាព៖ Reuters
កងកម្លាំងសន្តិសុខហុងកុង។ រូបភាព៖ Reuters
ផែនការច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានគេដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គលើកទីបី នីតិកាលទី១៣នៃសភាប្រជាជនចិន លើកដំបូងនៅថ្ងៃទី២២ ខែឧសភា។ ៦ថ្ងៃបន្ទាប់ ផែនការច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានអនុម័ត។ ប៉ុន្មានសប្ដាហ៍បន្ទាប់ គណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន ក៏តាក់តែង និងសរសេរសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុងតែម្ដង។ ថ្ងៃទី១ ខែកក្កដា សេចក្ដីស្នើច្បាប់ ក៏ចូលធរមាន។ 


នៅថ្ងៃទី៣០ មិថុនា សំណើច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានអនុម័តដោយគណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន និងនៅថ្ងៃទី១ ខែកក្កដា សេចក្តីស្នើច្បាប់នេះ ចូលជាធរមានតែម្តង។ ការចូលជាធរមាននៃច្បាប់សន្តិសុខជាតិហុងកុង គឺត្រូវនឹងខួបលើកទី២៣ឆ្នាំ ដែលអង់គ្លេសប្រគល់ទឹកដីហុងកុង មកឲ្យចិន។ តើមានបញ្ហាអ្វីខ្លះបន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុងចូលជាធរមាន? 

ការចាប់ខ្លួនប្រជាជន ពីសំណាក់ប៉ូលិសហុងកុង
 
បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុងបានចូលជាធរមាន ប្រជាជនហុងកុងជាច្រើននាក់ បានចេញមកបាតុកម្មប្រឆាំងច្បាប់ថ្មីនេះ បាតុករខ្លះ បានកាន់ទង់ ដែលសរសេរថា «ឯករាជ្យហុងកុង»។ បាតុករ យ៉ាងហោចណាស់ ៣៧០នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយក្នុងចំណោមនោះ មនុស្សចំនួន១០នាក់ ត្រូវចោទពីបទលើ្មសក្រោមច្បាប់សន្តិសុខជាតិ។
 
បន្ថែមពីលើនេះ ប៉ូលិសហុងកុង នៅថ្ងៃទី២៩ ខែកក្កដា បានចាប់និស្សិតចំនួន ៤នាក់ ពីបទសង្ស័យមានជាប់ពាក់ព័ន្ធនឹងក្រុមប្រកាសឯករាជ្យហុងកុង។ នេះគឺជាលើកដំបូងហើយ ដែលប៉ូលិសហុងកុងចាប់ខ្លួនមនុស្ស នៅក្រៅការធ្វើបាតុកម្ម បន្ទាប់ពីច្បាប់សន្តិសុខជាតិចូលជាធរមាន។  
 
ប៉ូលិសហុងកុង នៅថ្ងៃទី១០ ខែសីហា បានចាប់ខ្លួនសេដ្ឋីក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយហុងកុង លោកJimmy Lai ផងដែរ ដោយចោទពីបទគប់គិតជាមួយបរទេស។ លោក Lai គឺជាស្ថាបនិក កាសែត Apple Daily ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥។ កាសែតApple Daily និងវេបសាយ ត្រូវបានគេអានច្រើនបំផុតលំដាប់ទី២ក្នុងទីក្រុងហុងកុង។ នេះបើតាមការស្រង់មតិរបស់ទីភ្នាក់ងារព័ត៌មានReuters។
 
នៅថ្ងៃទី១២ ខែសីហា សេដ្ឋីរូបនេះ ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំហើយ ប៉ុន្តែលោកត្រូវបង់ទឹកប្រាក់ប្រមាណ៣៨០០០ដុល្លារ និងបូកជាមួយទឹកប្រាក់ធានាជាង២៥០០០ពាន់ដុល្លារ។ នៅថ្ងៃបន្ទាប់ ប៉ូលិសហុងកុង បានចាប់ខ្លួនប្រជាជនហុងកុង មួយចំនួនទៀតជាបន្តបន្ទាប់ដោយផ្អែកលើច្បាប់សន្តិសុខជាតិហុងកុង។ 
 
ការរិះគន់លើទីក្រុងប៉េកាំង 
 
ចាប់តាំងពីផែនការច្បាប់សន្តិសុខជាតិហុងកុងដាក់ចូលក្នុងសភាចិន និងក្រោយពេលចូលជាធរមាន ទីក្រុងប៉េកាំង បានទទួលរងការរិះគន់ជាបន្តបន្ទាប់ ដោយក្នុងនោះមានដូចជាអាមេរិក អង់គ្លេស អូស្រ្តាលី កាណាដា និងអាល្លឺមង់ជាដើម។ ក្នុងក្រសែភ្នែកអាមេរិក ច្បាប់សន្តិសុខជាតិហុងកុង គឺគ្រាន់តែជាឧបករណ៍មួយរបស់ទីក្រុងប៉េកាំង ក្នុងការក្តាប់យកទីក្រុងហុងកុង និងបំផ្លាញគោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ»ប៉ុណ្ណោះ។ 
 
ចំណែកអង់គ្លេសវិញ បានអះអាងថា ច្បាប់សន្តិសុខជាតិហុងកុង គឺជាការបំពានសេចក្តីប្រកាសរួមអង់គ្លេស-ចិន ឆ្នាំ១៩៨៤ និងបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជន។ ចំណែកកាណាដាវិញ លោកនាយករដ្ឋមន្រ្តី ចាស្ទ្រីន ទ្រូដូ បានយល់ឃើញថា ច្បាប់សន្ធិសុខជាតិហុងកុង គឺជាដំណើរថយក្រោយនៃសិទ្ធិសេរីភាពរបស់ហុងកុង។
 
សេចក្តីប្រកាសរួមរវាងចិន និងអង់គ្លេសឆ្នាំ ១៩៨៤ គឺជាសន្ធិសញ្ញាមួយ ដែលបើកផ្លូវឲ្យអង់គ្លេសប្រគល់ទឹកដីហុងកុងមកឲ្យចិនវិញនៅក្នុងឆ្នាំ១៩៩៧។ ក្នុងសន្ធិសញ្ញា ចំណុចមួយបានចែងថា ក្នុងរយៈពេល៥០ បន្ទាប់ពីអង់គ្លេសប្រគល់ហុងកុងឲ្យមកចិន គោលនយោបាយមូលដ្ឋានរបស់ចិន ដែលទាក់ទិននឹងហុងកុង នឹងមិនត្រូវមានការផ្លាស់ប្តូរអ្វីឡើយ ក្នុងនោះក៏រួមបញ្ចូលទាំងស្វ័យភាពកម្រិតខ្ពស់របស់ហុងកុងផងដែរ។ ចំណុចនេះ មានចែងនៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុង។

ផ្អាកបត្យាប័ន និងពន្យារទិដ្ឋាការឲ្យពលរដ្ឋហុងកុង
 
មិនត្រឹមតែរិះគន់ប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាច្រើន ប្រកាសផ្អាកការធ្វើបត្យាប័នអ្នកទោស និងជនល្មើសជាបន្តបន្ទាប់ជាមួយហុងកុង ក្នុងនោះមានដូចជា អូស្រ្តាលី អង់គ្លេស កាណាដា នូវែលសេឡង់ជាដើម។ ការផ្អាកនេះ ដោយសារប្រទេសទាំងនោះបារម្ភថា ច្បាប់សន្តិសុខជាតិហុងកុង ធ្វើឲ្យប៉ះពាល់ដល់ការធ្វើបត្យាប័នទោស ព្រោះនៅក្នុងច្បាប់ថ្មីនេះ មានចែងពីការបញ្ជូនជនសង្ស័យ ដែលស្ថិតក្រោមច្បាប់សន្តិសុខជាតិ យកទៅកាត់ទោសនៅចិនដីគោក។ ចំណែកអាល្លឺម៉ង់ បានផ្អាកការធ្វើបត្យាប័នជាមួយហុងកុង បន្ទាប់ពីរដ្ឋាភិបាលតំបន់ស្វយ័ត ហាមឃាត់បេក្ខជនប្រជាធិបតេយ្យចំនួន១២នាក់ មិនឲ្យឈរឈ្មោះបោះឆ្នោតសភាហុងកុង។ 
 
នៅក្រោមកិច្ចព្រមព្រៀងបត្យាប័ន ប្រទេសជាសមាជិក អាចបញ្ជូនជនសង្ស័យដែលប្រព្រឹត្តបទល្មើសណាមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ដោយផ្អែកទៅតាមការស្នើសុំរបស់ប្រទេសសាមី។
 
ជាមួយគ្នានេះ ប្រទេសមួយចំនួន ក៏បានប្រកាសពន្យារពេលទិដ្ឋាការសម្រាប់ពលរដ្ឋហុងកុងផងដែរ ដែលអាចនាំឲ្យអ្នកទាំងនោះ ទទួលបានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍នៅបរទេស។ បើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី នាថ្ងៃទី៩ ខែកក្កដា អូស្រ្តាលី នឹងពន្យារពេលទិដ្ឋការសម្រាប់ប្រជាជនហុងកុង ដែលកំពុងស្នាក់នៅប្រទេសនេះ និងអាចឈានទៅដល់រស់នៅជាអចិន្រ្តៃយ៍ក្នុងអូស្រ្តាលីថែមទៀត ប្រសិនបើរស់នៅបានរយៈពេល ៥ឆ្នាំ។ 
 
ចំណែកអង់គ្លេសវិញ បានប្រកាសផ្តល់ឱកាសឲ្យប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែន សម្រាប់ពលរដ្ឋចក្រភពអង់គ្លេសនៅបរទេស(BNO) ប្រមាណ២,៩លាននាក់ អាចទទួលបានសិទ្ធិជាប្រជាជនរបស់អង់គ្លេសផងដែរ។ រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស បានបញ្ជាក់ថា ពាក្យស្នើសុំលើលិខិតឆ្លងដែន BNO នឹងបើកឲ្យស្នើសុំចាប់ពីខែមករា ឆ្នាំ២០២១ ខាងមុខ។ 
 
ការដាក់ទណ្ឌកម្ម និងផ្តាច់ឋានៈពិសេស
 
បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង បានចូលជាធរមានរយៈពេល ២សប្តាហ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលបញ្ចប់ឋានៈពិសេសរបស់ហុងកុង។ ការបញ្ចប់ឋានៈពិសេសហុងកុងនេះ អាមេរិក ត្រូវចាត់ទុកហុងកុងដូចចិនដីគោកដែរ ពោលគឺលែងឲ្យមានការអនុគ្រោះពន្ធ និងការនាំចេញបច្ចេកវិទ្យាមួយចំនួន ដូចជាដ្រូនជាដើម ពីអាមេរិក ទៅហុងកុងទៀតហើយ។ 
 
ជាមួយគ្នានេះ លោកត្រាំ នៅថ្ងៃទី១៤ ខែកក្កដាដដែល ក៏បានចុះហត្ថលេខាលើច្បាប់ស្តីពីស្វ័យភាពហុងកុងផងដែរ។ តាមរយៈច្បាប់នេះ អាមេរិកមានសិទ្ធិដាក់ទណ្ឌកម្មលើបុគ្គលទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិ។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួន ក៏អាចរងទណ្ឌកម្មនេះផងដែរ ប្រសិនបើរកឃើញថា បានរកស៊ីជាមួយបុគ្គលទាំងនោះ។ 
 
រហូតដល់ថ្ងៃទី៧ ខែសីហា ទីក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ទណ្ឌកម្មលើលោកស្រីការី ឡាំ រដ្ឋមន្រ្តីយុត្តិធម៌ ស្នងការប៉ូលិសបច្ចុប្បន្ន អតីតស្នងការមុន អ្នកតំណាងចិនប្រចាំនៅហុងកុង អនុប្រធានពីរនាក់នៃការិយាល័យកិច្ចការហុងកុងនិងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋ និងប្រធានទីភ្នាក់ងារឃ្លាំងមើលការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង។ ទណ្ឌកម្មនេះ គឺជាការបង្កកទ្រព្យសម្បត្តិ និងហាមរកស៊ីជាមួយក្រុមហ៊ុនអាមេរិក។ ជាការឆ្លើយតប ចិន បានដាក់ទណ្ឌកម្មលើជនជាតិអាមេរិកចំនួន ១១នាក់ ដែលក្នុងនោះក៏មានសមាជិកព្រឹទ្ធសភាអាមេរិកចំនួនពីររូបផងដែរ៕

Tag:
 ចិន
 ហុងកុង
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com