កីឡាអន្តរជាតិ
អន្តរជាតិ
Lyon និង Bayern Munich ប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រ Champions League យប់នេះ
19, Aug 2020 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
Lyon និង Bayern Munich ត្រូវតទល់គ្នានៅកីឡដ្ឋាន Estádio José Alvalade ក្រុងលីស្បោន នាវេលាម៉ោង២យប់នេះ [ម៉ោងនៅកម្ពុជា] ដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដែលមាន PSG នៅរង់ចាំ។

 
Bayern Munich និង Lyon នឹងជួបគ្នាក្នុងព្រឹត្តិការណ៍អឺរ៉ុបជាលើកទី៩ ដោយកន្លងមក ក្រុមអាល្លឺម៉ង់ឈ្នះ៤លើក ក្រុមពីបារាំងឈ្នះ២លើក និងស្មើគ្នា២លើក។ ជំនួបចុងក្រោយរបស់ក្រុមទាំងពីរ ក៏ស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ផងដែរ ដោយBayern ឈ្នះ ៤-០ ទាំងពីរជើងនារដូវកាល២០០៩-១០។
 
Bayern Munich នឹងបង្ហាញខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាលើកទី១២ ដោយ៤លើកចុងក្រោយសុទ្ធតែខកឱកាសទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានឈ្នះពានកាលពីរដូវកាលឆ្នាំ២០១២-១៣។ 
 
ខណៈដែល Bayern Munich កំពុងសំឡឹងឆ្ពោះទៅដណ្តើមពានជាលើកទី៦ លោក Rudi Garcia គ្រូបង្វឹក Lyon ត្រៀមខ្លួនក្លាយជាគ្រូបង្វឹកជនជាតិបារាំងទី២ ដែលដឹកនាំក្លិបពីបារាំង ចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់លោក Didier Deschamps ដែលបានដឹកនាំ Monaco កាលពីរដូវកាល២០០៣-០៤។
 
ក្នុងដំណើរមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រឹត្តនេះ Lyon ទទួលបានចំណាត់ថ្នាក់លេខ១ពូល G ហើយបន្តទម្លាក់ Juventus នៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយលទ្ធផលស្មើ ២-២ ទាំងពីរជើង ប៉ុន្តែមានប្រៀបលើគ្រាប់បាល់ក្រៅទឹកដី មុននឹងបន្តឲ្យ Manchester City ហាលអាវក្នុងលទ្ធផល ៣-១ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
 
រីឯ Bayern Munich ដែលជាជើងឯក៥សម័យកាល ទទួលបានលេខ១ ពូល B ហើយយកឈ្នះ Chelsea សរុបទាំងពីរជើងក្នុងលទ្ធផល ៧-១  ហើយបន្តទម្លាក់ Barcelona ជាកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងលទ្ធផលរហូតដល់ទៅ ៨-២។
 
ក្រុមដែលឈ្នះ ត្រូវឡើងទៅជួប PSG ដែលបានទម្លាក់ RB Leipzig ក្នុងលទ្ធផល ៣-០។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែសីហា៕
 

Tag:
 Lyon
  Bayern Munich
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com