​គ្រួសារ​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ថា គ្មាន​ទទួលដំណឹង​អ្វី​សោះ​ពី​អាជ្ញាធរ​
ជាតិ
សង្គមអន្តរជាតិ​
អន្តរជាតិ
​គ្រួសារ​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ថា គ្មាន​ទទួលដំណឹង​អ្វី​សោះ​ពី​អាជ្ញាធរ​
28, Aug 2020 , 7:29 pm        
រូបភាព
នៅឯបាតុកម្មកាលពីថ្មីៗនេះ ក្រុមបាតុករ បានលើករូបភាពរបស់សកម្មជនថៃដែលបាត់ខ្លួនដោយសារប្រឆាំងរបបដឹកនាំរបស់លោក ប្រាយុទ្ធ នេះ ដោយសារសរសេរអក្សរនៅក្រោមរូបនោះថា «មូលហេតុបាត់ខ្លួន៖ ត្រូវបានចាប់ជំរិតដោយរដ្ឋ» (AFP)
នៅឯបាតុកម្មកាលពីថ្មីៗនេះ ក្រុមបាតុករ បានលើករូបភាពរបស់សកម្មជនថៃដែលបាត់ខ្លួនដោយសារប្រឆាំងរបបដឹកនាំរបស់លោក ប្រាយុទ្ធ នេះ ដោយសារសរសេរអក្សរនៅក្រោមរូបនោះថា «មូលហេតុបាត់ខ្លួន៖ ត្រូវបានចាប់ជំរិតដោយរដ្ឋ» (AFP)
​ក្រុមគ្រួសារ​របស់​សកម្ម​ជន​ថៃ លោក Wanchalearm Satsaksit ដែល​បាន​បាត់​ខ្លួន​ក្នុង​ទឹកដី​កម្ពុជា កាលពី​ជាង​២​ខែ​មុន បាន​អះអាងថា​គ្មាន​ដំណឹង​អ្វី​សោះ​ពី​អាជ្ញាធរ​ថៃ និង​កម្ពុជា​ពាក់ព័ន្ធ​នឹង​ករណីនេះ​។ អំឡុងពេល​ចូលរួម​កម្មវិធី​មួយ ពួកគេ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ព​ន្លឿ​ន​ការអនុម័ត​សេចក្តីព្រាងច្បាប់​ដាក់ទោស​លើ​ករណី​បាត់​ខ្លួន​ដោយសារ​រឿង​នយោបាយ ខណៈ​មាន​ចលនា​យុវជន​គាំទ្រ​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​មាន​គណនេយ្យភាព​ចំពោះ​រឿងនេះ​។​

 
 
​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ ប្រទេស ថៃ ទទួលរង​ការធ្វើ​បាតុកម្ម​តវ៉ា​ស្ទើរ​រាល់ថ្ងៃ​ពី​សំណាក់​និស្សិត ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែង​តំណែង និង​ធ្វើកំណែទម្រង់​លើ​របបរាជានិយម​។ 
 
​ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក Wanchalearm Satsaksit ក៏ត្រូវ​បានលើកឡើង​ក្នុង​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ផងដែរ​។ តួយ៉ាង នៅឯ​បាតុកម្ម​កាលពី​ថ្មីៗ​នេះ ក្រុមបាតុករ បាន​លើក​រូបភាព​របស់​សកម្ម​ជន​ថៃ​ដែល​បាត់​ខ្លួន​ដោយសារ​ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ នេះ ដោយសារ​សរសេរ​អក្សរ​នៅក្រោម​រូបនោះ​ថា «​មូលហេតុ​បាត់​ខ្លួន​៖ ត្រូវបាន​ចាប់ជំរិត​ដោយ​រដ្ឋ​»​។​
 
​ក្នុង​ព្រឹត្តិការណ៍​មួយនា​ទីក្រុង បាងកក នៅ​ថ្ងៃទី​២៧ ខែសីហា ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តីពី​ជនរងគ្រោះ​នៃ​ការបាត់​ខ្លួន​ដោយ​ចាប់បង្ខំ (International Day of Victims of Enforced Disappearances) បងស្រី​របស់លោក Wanchalearm អ្នកស្រី Sitanan Satsaksit បាន​បញ្ជាក់ថា​៖«​ខ្ញុំ​នឹងមិន​អនុញ្ញាត​ឲ្យ​រឿងនេះ​ស្ងប់ស្ងាត់ ឬ​ត្រូវ​បំភ្លេច​ឡើយ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រី Sitanan បាន​អះអាងថា គ្មាន​ដំណើរការ​អ្វី​ឡើយ​ពី​អាជ្ញាធរ​ថៃ​និង​កម្ពុជា​ក្នុងពេល​៨៧​ថ្ងៃ ចាប់តាំងពី​ការចាត់​ខ្លួន​របស់​ប្អូនប្រុស​របស់​នាង​។ អ្នកស្រី​បន្តថា​៖«​យើង​ស្ថិតក្នុង​ភាព​ងងឹតសូន្យ​តែម្ដង​»​។​
 
​ការបាត់​ខ្លួន​ដោយ​ចាប់បង្ខំ​យ៉ាងតិច ៨២​ករណី បាន​កើតឡើង​ក្នុងប្រទេស​ថៃ ចាប់តាំងពី​ឆ្នាំ​១៩៨០​មក​។ នេះ​បើតាម​ការកត់ត្រា​របស់​អង្គការសហប្រជាជាតិ​។ ក៏ប៉ុន្តែ​អ្នកជំនាញ អះអាងថា តួលេខ​នេះ អាច​ទាប​ជាង​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ដែល​បាន​បាត់​ខ្លួន​។  
 
​ក្រុម​សិទ្ធិមនុស្ស​ភាគច្រើន តែង​ចោទ​អាជ្ញាធរ​ថៃ​ថា​បាន​ពាក់ព័ន្ធ​នឹង​ករណី​បាត់​ខ្លួន​របស់​មនុស្ស​ទាំងនេះ តែ​ឧក្រិដ្ឋជន​កម្រ​ត្រូវបាន​នាំយកមក​កាន់​ទោស​ណាស់​។  ចំណែក សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្ការ​និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​និង​ការបាត់​ខ្លួន​ដោយ​ចាប់បង្ខំ ត្រូវបាន​រដ្ឋាភិបាល​ថៃ​ទុកចោល​អស់​ពេល​ជិត​១០​ឆ្នាំ​មកហើយ​។  
 
​ទាក់ទិន​បញ្ហា​នេះ បងស្រី​សកម្មជន​នយោបាយ Wanchalearm លើកឡើងថា​៖«​ប្រសិនបើ​យើង​មានច្បាប់​នេះ វា​អាចជា​យន្តការ​មួយ​សម្រាប់​ខ្ញុំ សម្រាប់​សកម្មជន​នយោបាយ ដូច្នេះ​ពួកគេ​នឹងត្រូវ​បានការ​ពារ​»​។ 
 
​ដោយឡែក ម្ដាយ​របស់លោក Wanchalearm និយាយថា​៖«​វា​គឺជា​រឿង​ឈឺចាប់​ណាស់ ដែល​ដឹងថា ខ្ញុំ​ប្រហែល​លែង​អាច​ស្វែងរក​កូនប្រុស​ឃើញ​ម្ដងទៀត​»​។ អ្នកស្រី Kanya Theerawut ទ្រហោយំ​ហើយ​បន្តថា ការរក​កូនប្រុស គឺ​ប្រៀបដូចជា ម្ជុល​ក្នុង​មហាសមុទ្រ​។  
 
​សូមបញ្ជាក់ថា លោក Wanchalearm ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​មួយក្រុម​ចាប់ជំរិត​នៅ​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ ២០២០ នៅពេលដែល​សកម្មជន​នយោបាយ​ថៃ​រូបនេះ បាន​ដើរ​នៅតាម​ផ្លូវ ដើម្បី​ទិញ​ម្ហូប​នៅ​ពីមុខ​កន្លែង​ស្នាក់នៅ​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​។ ក្រុម​ចាប់ជំរិត​នោះ បាន​ចាប់​លោក Wanchalearm បញ្ចូល​ក្នុង​ឡាន​ខ្មៅ​មួយគ្រឿង​។ នេះ​បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ទទួលបាន​ព័ត៌មាន​នេះ​។​
 
​លោក Wanchalearm គឺជា​សកម្មជន​នយោបាយ​ថៃ​ម្នាក់ ដែល​តែងតែ​ចេញមុខ​រិះគន់​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ។ លោក Wanchalearm ត្រូវបាន​គេ​ស្គាល់​ថា ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​។ លោក Wanchalearm បាន​រត់គេចខ្លួន​មក​សម្ងំ​រស់នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ក្រោយពី​យោធា​ថៃ តាម​ចាប់ខ្លួន​។ ដោយឡែក​អាជ្ញាធរ​ថៃ ក៏​ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៨ ថា ពួកគេ​នឹង​តាម​ចាប់ខ្លួន​លោក Wanchalearm ត្រលប់​យកទៅ​ប្រទេស​ថៃ​វិញ​ផងដែរ​៕

Tag:
 ថៃ​
  កម្ពុជា​
  Wanchalearm Satsaksit
© រក្សាសិទ្ធិដោយ thmeythmey.com