ជាតិ
ទោះមានកូវីដ-១៩ តែជំនួយរបស់ USAID នៅកម្ពុជា មានការកើនឡើង
30, Aug 2020 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នាពេលកន្លងមក ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) បានផ្ដល់ជំនួយជាច្រើនដល់កម្ពុជា។ ជាក់ស្ដែងក្នុងបរិបទកូវីដ-១៩នេះ ជំនួយរបស់ USAID នៅកម្ពុជា មានចំនួន ១១លានដុល្លារ។



ក្នុងពិធីចែកផ្ទះដល់ជនក្រីក្រ នៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ សៀមរាប កាលពីថ្ងៃទី២៨ សីហា លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា បានលើកឡើងថា៖ «ជំនួយរបស់យើង គឺមានការកើនឡើងនៅក្នុងកំឡុងពេលកូវីដ-១៩នេះ ដែលមានទំហំទឹកប្រាក់ ១១លានដុល្លារ ផ្ដល់សម្រាប់កម្ពុជា»។ បើតាមលោកស្រី Veena Reddy ក្នុងកាលៈទេសៈដ៏លំបាកនេះ USAID ក៏បានជួយគាំទ្រដល់សហគ្រិនស្រ្តី ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគេ ដែលកំពុងជួបបញ្ហាប្រឈម។

 លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា 
 
តាមរយៈជំនួយរបស់ USAID បានជួយដល់វិស័យជាច្រើននៅកម្ពុជា រួមមាន អប់រំ កសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខភាពសាធារណៈជាដើម។ លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា សង្ឃឹមថា ជំនួយរបស់ USAID នឹងជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា រួមទាំងកម្ពុជាឲ្យក្លាយជាប្រទេសមួយដែលរីកចម្រើន។
សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ សហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទាន៥៦លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យចំនួន៤ នៅកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបានផ្តល់ការគាំទ្រដល់កម្ពុជាជាង ១,០០០លានដុល្លារ៕
 
 

Tag:
 ជំនួយ
  USAID
© រក្សាសិទ្ធិដោយ thmeythmey.com