COVID-19
ជាតិ
សេដ្ឋកិច្ច
ឆ្នាំ​២០២០​ចលនា​ភ្ញៀវទេសចរ​ក្នុងស្រុក អាចជួយ​សេដ្ឋកិច្ចជាតិ យ៉ាងហោចណាស់​៣០០​លាន​ដុល្លារ​
04, Sep 2020 , 5:39 pm        
រូបភាព
ភ្ញៀវទេសចរជាតិមកលេងកម្សាន្តរមណីដ្ឋានអង្គវត្ត ក្នុងពិធីឈប់សម្រាកជំនួសបុណ្យឆ្នាំប្រពៃណីខ្មែរ កាលថ្ងៃទី១៧សីហា ឆ្នាំ២០២០។ រូបថត៖ អ៊ីសា រ៉ូហានី/thmeythemy
ភ្ញៀវទេសចរជាតិមកលេងកម្សាន្តរមណីដ្ឋានអង្គវត្ត ក្នុងពិធីឈប់សម្រាកជំនួសបុណ្យឆ្នាំប្រពៃណីខ្មែរ កាលថ្ងៃទី១៧សីហា ឆ្នាំ២០២០។ រូបថត៖ អ៊ីសា រ៉ូហានី/thmeythemy
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩(COVID-19) បានធ្វើ​ឲ្យ​កម្ពុជា​បាត់​ចំណូល​ស្ទើរ​ទាំងស្រុង​ពី​ភ្ញៀវទេសចរ​អន្តរជាតិ  នា​ក្នុង​ឆ្នាំ​២០២០​នេះ​។ ស្រប​ពេលដែល​កម្ពុជា​បាត់​ចំណូល​ពី​ភ្ញៀវ​ទេស​អន្តរជាតិ​នេះ  ចលនា​ភ្ញៀវទេសចរ​ក្នុងស្រុក បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ចរន្ត​សេដ្ឋកិច្ចជាតិ​។  លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​បាន​រំពឹងថា ចលនា​ដើរលេង​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ក្នុងស្រុក នឹង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​បាន​យ៉ាង​ណាស់​ជិត​៣០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​។​

 
​សូម​ស្តាប់​ប្រសាសន៍​របស់លោក ទិ​ត ចន្ថា  រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​៖​
 


 
​មួយឆ្នាំៗ ចំណូល​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ចាក់​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​រង្វង់​ជិត​៥​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​ចំណូល​ជិត​៥​ពាន់​លាន​ដុល្លារ​នេះ  មាន​៩០​ភាគរយ​ដែល​កម្ពុជា​ទទួល​ពី​ភ្ញៀវទេសចរ​អន្តរជាតិ និង​១០​ភាគរយ​ទៀត បាន​ពី​ភ្ញៀវទេសចរ​ក្នុងស្រុក​។ នេះ​បើតាម​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ ដែល​បាន​បន្ថែមថា ទំហំ​១០​ភាគរយ​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក នឹង​អាច​ចាក់​បញ្ចូល​លុយ​ពី​៤០០-៥០០​លាន​ដុល្លារ ក្នុង​វិស័យ​ទេសចរណ៍​ឱ្យមាន​ចរន្ត​សេដ្ឋកិច្ច​។ 
 
​លោក ទិ​ត ចន្ថា ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្រោយ​បញ្ចប់​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្តីពី​៖«​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣​កញ្ញា ដូច្នេះ​៖«​នៅក្នុង​ដំណាក់កាល​នេះ​[​វិបត្តិ​កូ​វីដ​-១៩] ចំណូល​ពី​ភ្ញៀវ​អន្តរជាតិ គឺ​ជិត​ស្មើ​សូ​ន្រ​។ ប៉ុន្តែ​ភ្ញៀវទេសចរ​ក្នុងស្រុក​យើង​នៅមាន​សកម្មភាព​ដដែល ឬ​មាន​សកម្ម​ភាពខ្លាំង​ជាង​ឆ្នាំមុនៗ​។ ដូច្នេះហើយ​ចំណូល​ពី​ភ្ញៀវទេសចរ​ក្នុងស្រុក​៤០០-៥០០​លាន​ដុល្លារ​ហ្នឹង​[១០​ភាគរយ​នៃ​ចំណូល​ពី​វិស័យ​ទេសចរណ៍​សរុប​]​ថា​តិច​នោះ គឺ​មិនតិច​ទេ​[​សម្រាប់​កម្ពុជា​]»​។ 
​ស្ថិតនៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ ចលនា​ភ្ញៀវទេសចរ​ក្នុងស្រុក នឹង​ជួយ​ចរន្ត​សេដ្ឋកិច្ចជាតិ​។​រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​រូបនេះ បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ក្នុងស្រុក​១,៤​លាន​នាក់ ដែល​បាន​ដើរ​ក​ម្សា​ន្ត្រ ក្នង​ថ្ងៃ​ឈប់សម្រាក​ជំនួស កាលពី​ខែសីហា​កន្លងមកនេះ បាន​ចាក់​បញ្ចូល​លុយ​ក្នុង​សេដ្ឋកិច្ច​ប្រមាណ ១០០​លាន​ដុល្លារ  ដែល​បានធ្វើឱ្យ​ប្រតិបត្តិ​ករ​នានា​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ចំនួន​៣០​ភាគរយ មាន​សកម្មភាព​ឡើងវិញ​។​
 
​ជាមួយគ្នានេះ លោក ទិ​ត ចន្ថា រំពឹងថា​នៅ​បំណាច់​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន​ចំណូល​ពី​ចលនា​ភ្ញៀវ​ទេស​ក្នុងស្រុក​យ៉ាងតិច​៣០០​លាន​ដុល្លារ សម្រាប់​ចាក់​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​។  លោក បន្តថា បើ​គិត​ត្រឹម​ក្របខណ្ឌ​សេដ្ឋកិច្ច​ផ្ទៃក្នុង​ប្រទេស ចំណូល​៣០០​លាន​ដុ​លា្ល​រ​ពី​ភ្ញៀវទេសចរ​ក្នុងស្រុក​នេះ គឺមាន​ទំហំ​ច្រើន និង​មាន​ប្រសិទ្ធភាព​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ខណៈ​កម្ពុជា​ស្ទើរតែ​បាត់បង់​ចំណូល​ទាំងស្រុង ពី​ភ្ញៀវទេសចរ​អន្តរជាតិ ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ 
  

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ កំពុង​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​៖«​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០២០​។ រូបថត​៖ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​។ 

​បើតាម​ការប៉ាន់ស្មាន​ប​ឋ​មរ​បស់​ក្រសួងទេសចរណ៍​កន្លង កម្ពុជា​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​៣,០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​។​
 
​លោក ថោង ខុន បាន​បញ្ជាក់ថា ការបាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ គឺ​ដោយសារតែ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ដ៏​ច្រើន​លើសលុប ពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​។  បើតាម​រដ្ឋមន្ត្រី​ទេសចរណ៍ នៅ​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​អាច​ធា្ល​ក់​ចុះ​ដល់​រង្វង់​៨០​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ ក្នុង​វ​ង្វ​ង់​៥០​ភាគរយ​។​
 
​កាល​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៦,៦១​លាន​នាក់ និង​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​រហូត​៤,៩១៩​លាន​ដុល្លារ​ដែល​បាន​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ និង​បាន​ចូលរួមចំណែក​ប្រមាណ​១៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com