ជាតិ
សង្គមជាតិ
ពីថ្ងៃ​១​តុលា​២០២០​ទៅ កម្ពុជា​-​វៀតណាម អាច​សុំ​ផ្ទេរ​អ្នកទោស​ទៅវិញទៅមក​
11, Sep 2020 , 3:08 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ចាប់ដៃគ្នា ក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅវៀតណាម កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ចាប់ដៃគ្នា ក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅវៀតណាម កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ (រូបពី AFP)
​​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ក​ម្ពុ​ជា​និង​វៀតណាម នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែតុលា  ឆ្នាំ​២០២០​។ លោក ស៊ា កុសល រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​ចុះហត្ថលេខា​ជួស​លោក ប្រាក់ សុខុន ជា​រដ្ឋមន្ត្រី លើ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការចូល​ជាធរ​មាននៃ​សន្ធិសញ្ញា​នេះ ហើយ​ផ្ញើជូន​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។

 

​ការចូល​ជាធរ​មាននៃ​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ក​ម្ពុ​ជា​និង​វៀតណាម មានន័យថា ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ កម្ពុជា អាច​ស្នើសុំ​យក​ទណ្ឌិត (​អ្នកទោស​) ជា​ជនជាតិខ្មែរ ដែល​ជាប់ពន្ធនាគារ​នៅ​វៀតណាម មក​បន្ត​ឃុំ​នៅ​កម្ពុជា​វិញ ហើយ​ទណ្ឌិត​ជា​ជនជាតិ​វៀតណាម ដែល​ជាប់ពន្ធនាគារ​នៅ​កម្ពុជា នឹង​អាច​ត្រូវបាន​វៀតណាម ស្នើសុំ​យកទៅ​បន្ត​ឃុំ​នៅ​វៀតណាម​។ 
 
​កម្ពុជា​និង​វៀតណាម ចាប់ផ្តើម​ពិភាក្សា​ជាមួយគ្នា អំពី​ការបង្កើត​សន្ធិ​ត​សញ្ញា​ផ្ទេរ​ទណ្ឌិត​នេះ តាំងពី​ចុងឆ្នាំ​២០១៦​មក​។ រហូតដល់​ខែមីនា ឆ្នាំ​២០២០ រដ្ឋសភា​កម្ពុជា បានអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​នេះ និង​ក្រោយមក ក៏​ត្រូវបាន​ព្រះមហា​ក្ស​ក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រកាស​ឲ្យ​ប្រើប្រាស់ ហើយនឹង​ត្រូវ​ចូល​ជា​ធរមាន (​ចាប់ផ្តើម​អនុវត្ត​) នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​តទៅ​៕
 
 
 

Tag:
 កម្ពុជា​-​វៀតណាម​
  ផ្ទេរ​អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com