អន្តរជាតិ
រដ្ឋាភិបាល​ថៃ ប្រាប់​សាកលវិទ្យាល័យ​នានា​ណែនាំ​និស្សិត​ឲ្យ​ឈប់​ទាមទារ​កែទម្រង់​រាជានិយម​
14, Sep 2020 , 4:10 pm        
រូបភាព
បាតុករថៃទាមទារកំណែទម្រង់របបរាជានិយម។ រូបភាព៖ Getty Image
បាតុករថៃទាមទារកំណែទម្រង់របបរាជានិយម។ រូបភាព៖ Getty Image
ដោយ:
​អាជ្ញាធរ​ថៃ បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​នានា ណែនាំ​ក្រុមនិស្សិត​ឲ្យ​ឈប់​តវ៉ា​ទាមទារ​កំណែទម្រង់​រប​ប​រាជានិយម​។ នេះ​យោងតាម​ការ​បង្ហើប​រប​ស់​សមាជិក​ព្រឹទ្ធសភា​ថៃ នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។ បាតុករ​ដែលជា​យុវជន គ្រោង​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ខាងមុខ​។ សមាជិក​ព្រឹទ្ធសភា​ថៃ ក៏បាន​ព្រមាន​ថា ការទាមទារ​បែបនេះ នឹង​បណ្តាល​ឲ្យ​មាន​ហិង្សា​កើតឡើង​។​

 
​តាំងតែ​ពី​ពាក់កណ្តាល​ខែកក្កដា​មក ក្រុមយុវជន ក៏ដូចជា​និស្សិត​ថៃ​បាននាំគ្នា​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង ទាមទារ​ការបោះឆ្នោត និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​។​ក្រុមបាតុករ ក៏បាន​ដាក់ចេញ​នូវ​ការទាមទារ​ចំនួន​១០ ចំណុច ក្នុងការ​ធ្វើកំណែទម្រង់​របបរាជានិយម​ផងដែរ​។​
 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Somchai Sawangkarn សមាជិក​ព្រឹទ្ធសភា​ថៃ បាន​អះអាងថា លិខិត​ជាច្រើន​ច្បាប់​ត្រូវបាន​បញ្ជូនទៅ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ ដើម្បី​ជួបប្រជុំ មុននឹង​ការធ្វើ​បាតុកម្ម​តវ៉ា​រប​ស់​ក្រុមនិស្សិត​នៅ​ថ្ងៃទី​១៩ កញ្ញា​។ លោក Somchai បាន​និយាយថា លិខិត​ខាងលើនេះ មិនមែនជា​ការហាមឃាត់​បាតុកម្ម​ឡើយ ប៉ុន្តែ​ជាការ​ជជែក​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ ជុំវិញ​ការទាមទារ​ទាំង​១០ ចំណុច​ក្នុង​ការកែប្រែ​របបរាជានិយម​។​
 
​លិខិត​នោះ បាន​បញ្ជាក់ថា មាន​ក្តីបារម្ភ​អំពី​សកម្មភាព​របស់​ម​នុស្ស​មួយចំនួន​ដែល​ចូលរួម​ក្នុង​បាតុកម្ម ជា​ឧទាហរណ៍​ការប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយម ការលុបចោល​មាត្រា​១១២ ក្នុង​ក្រមព្រហ្មទណ្ឌ​ថៃ ដែល​ផ្តន្ទាទោស​ដាក់គុក​ដល់​ទៅ​១៥​ឆ្នាំ ដល់​បុគ្គល​ដែល​ប្រមាថ​ព្រះមហាក្សត្រ​។ លិខិត​ខាងលើ បន្តថា បញ្ហា​រសើប​ខាងលើ​អាច​នឹង​បណ្តាល​ឲ្យ​មាន​អំពើហិង្សា​។ 
 
​ប្រភពព័ត៌មាន​ដដែល បាន​ស្រង់​អ្នក​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ បាន​បង្ហើប​ថា អាជ្ញាធរ​ក៏ បាន​សុំ​បញ្ជី​ឈ្មោះ​និស្សិត​ដែល​អាច​នឹង​បង្ករឿង​នៅពេល​បាតុកម្ម​ពី​សាកលវិទ្យាល័យ​ផងដែរ​។ បាតុកម្ម​ថ្ងៃទី​១៩ ខែកញ្ញា រៀបចំ​ដោយ​មេដឹកនាំ​នៅ​សាកលវិទ្យាល័យ Thammasat ហើយ​អាចមាន​ច្រើនជាង​មួយ​ម៉ឺន​នាក់​ឯណោះ​។​
 
​ការទាមទារ​កំណែទម្រង់​របបរាជានិយម​ពី​សំណាក់​បាតុករ​ថៃ រួមមាន​ការកាត់បន្ថយ​អំណាច​ព្រះមហាក្សត្រ​តាមរយៈ​រដ្ឋធម្មនុញ លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ និង​អង្គភាព​កងទ័ព​ជាដើម​។ ការទាមទារ​នេះ ជា​ផ្នែក​មួយ​នៃ​ការទាមទារ​របស់​បាតុករ​ថៃ ដែល​ក៏​សំដៅ​ផងដែរ​លើ​លោក ប្រា​យុទ្ធ ។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែសីហា​កន្លងទៅ ចលនា​យុវជន និង​និស្សិត​ប្រឆាំង​រដ្ឋាភិបាល និង​ប្រជាធិបតេយ្យ​និយម​ដែលមាន​ឈ្មោះថា Free People បានរៀបចំ​ជួបជុំគ្នា​ធ្វើបាតុកម្ម​ដ៏​ធំ​បំផុត​តាំងតែ​ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤ ដែលមាន​មនុស្ស​ចូលរួម​យ៉ាងតិច​១​ម៉ឺន​នាក់​៕
 
 
 

Tag:
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com