សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋសភា​ថៃ​ពន្យារពេល​កែប្រែ​ធម្មនុញ្ញ ទោះបីជា​មានការ​ទាមទា​រ​ពី​បាតុករ​
25, Sep 2020 , 10:45 am        
រូបភាព
បាតុករថៃ តវ៉ានៅពីមុខខ្លោងទ្វារដ្ឋសភាថៃ។ រូបភាព៖ Reuters
បាតុករថៃ តវ៉ានៅពីមុខខ្លោងទ្វារដ្ឋសភាថៃ។ រូបភាព៖ Reuters
ដោយ:
​​រដ្ឋសភា​ថៃ នៅ​ថ្ងៃទី​២៤ ខែកញ្ញា​បានសម្រេច​បោះឆ្នោត​ពន្យារ​ពេល​ក្នុងការ​សម្រេចចិត្ត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ រដ្ឋធម្មនុញ្ញ​ថៃ ដែល​ត្រូវបាន​តែង​ឡើង និង​អនុម័ត​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​២០១៤ ត្រូវបាន​បាតុករ​និស្សិត​ថៃ​ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម​សឹងតែ​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ​។

 
​រដ្ឋសភា​ថៃ ដែលមាន​តំណាងរាស្ត្រ​ភាគច្រើន​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល បាន​ពន្យារពេល​ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ ផ្ទុយទៅវិញ រដ្ឋសភា​ថៃ​បែរ​សម្រេច​បង្កើត​គណៈកម្មកា​រ​មួយ​ដើម្បី​សិក្សា​ពី​ដំ​នីតិវិធី​ក្នុង​ការធ្វើ​វិសោធនកម្ម​ទៅវិញ​។ លោក Chinnaworn Boonyakiat តំណាងរាស្ត្រ​គាំទ្រ​រដ្ឋាភិបាល​ថៃ និយាយថា​៖« សំណើ​ក្នុងការ​បោះឆ្នោត​លើ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវបាន​ពន្យារ​រហូតដល់​ខែវិច្ឆិកា​»​។​
 
​ប៉ុន្តែ​សេចក្តីសម្រេចចិត្ត​នេះ​ប្រៀបបាន​ដូចជា​យក​សាំង​ទៅ​ជះ​លើ​ភ្លើង សម្រាប់​បាតុករ​១​ពាន់​នាក់​ដែល​នាំគ្នា​ឈរ​នៅ​ពីមុខ​ខ្លោងទ្វា​រដ្ឋសភា​ថៃ ក៏ដូចជា​តំណាងរាស្ត្រ​បក្សប្រឆាំង  ។ លោក Wiroj Lakkhanaadisorn តំណាងរាស្ត្រ​បក្ស​ឆ្ពោះទៅមុខ និយាយថា សេចក្តីសម្រេច​របស់​ស​ភា​នេះ គឺជា​ការបោក​បញ្ឆោត​ប្រជាជន​។​
 
«​បើសិនជា​ដំណាក់កាល​ធ្វើ​វិសោធនកម្ម ត្រូវបាន​ពន្យារ​មួយខែ ដើម្បី​រៀបចំ​គណៈកម្មការ បន្ទាប់មក​សំណើ​ធ្វើ​វិសោធន​កម្មនេះ ត្រូវបាន​បដិសេធ វា​បានន័យថា សមាជិកសភា​មិនអាច​ស្នើ​រឿងនេះ​ម្តងទៀត​រហូតដល់​ឆ្នាំក្រោយ​»​។ នេះ​ជា​សារ​របស់លោក Wiroj នៅក្នុង​បណ្តាញ​សង្គម Twitter ។ 
 
​ស្រប​ជាមួយគ្នា​នោះ លោក Tattep Ford Ruangprapaikitseree អ្នករៀបចំ​បាតុកម្ម បាន​លើកឡើងថា រដ្ឋាភិបាល​មានបំណង​ពន្យារពេល​។ លោក​អះអាងថា សេចក្តីសម្រេចចិត្ត​នេះ​បង្ហាញ​ពី​ភាពមិនស្មោះត្រង់​ជាមួយ​ពលរដ្ឋ និង​មិនអាច​ទទួលយកបាន​។​
 
​រដ្ឋធម្មនុញ្ញ​ថៃ ដែល​អនុម័ត​ក្នុង​ឆ្នាំ​២០១៧ អំឡុងពេល​របប​យោធា​គ្រប់គ្រង​ប្រទេស ត្រូវបាន​ប្រជាពលរដ្ឋ​ថៃ​បោះឆ្នោត​យល់ព្រម​ក្នុង​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​គ្រានោះ​បក្សប្រឆាំង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ​យុទ្ធនាការ​ឡើយ​។ រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​បាតុករ​ថៃ​មើលឃើញថា​ឲ្យ​អំណាច​ច្រើន​ជ្រុល​ដល់​ព្រះមហាក្សត្រ ហើយ​បើកផ្លូវ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បន្ត​ដឹកនាំ​ប្រទេស​។ 
 
​ជិត​រយៈពេល​២​ខែ មកហើយ​ដែល​បាតុករ​និស្សិត​ថៃ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា លាលែង​ពី​តំណែង រំលាយ​សភា បញ្ឈប់​ការបំពាន​លើ​អ្នកប្រឆាំង ក៏ដូចជា​ធ្វើកំណែទម្រង់​របបរាជានិយម​។ បាតុករ ក៏​ទាមទារ​ផងដែរ​ឲ្យ​កាត់បន្ថយ​ឥទ្ធិពល​ព្រះមហា​ក្សត្រ​។ កាលពី​ចុង​សប្ដាហ៍​មុន បាតុករ​ប្រមាណ​៥​ម៉ឺន​នាក់​នេះ បាន​ជួបគ្នា​នៅក្បែរ​រាជវាំង ដែលជា​បាតុកម្ម​ធំ​បំផុត​តាំងតែ​ពី​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៤​មក​៕
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com