អន្តរជាតិ
អាមេរិក និង​កូរ៉េខាងត្បូង បន្ត​ជជែក​គ្នា​លើ​បញ្ហា​កូរ៉េខាងជើង
29, Sep 2020 , 9:29 pm        
រូបភាព
លោកLee Do-hoon ប្រធានក្រុមចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង(ខាងឆ្វេង) និងរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្តេហ្វិន ប៊ីហ្កាន់ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាបពីជំនួបចរចាទ្វេភាគី នៅថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២០។ រូបភាព៖ Yonhap
លោកLee Do-hoon ប្រធានក្រុមចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង(ខាងឆ្វេង) និងរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្តេហ្វិន ប៊ីហ្កាន់ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាបពីជំនួបចរចាទ្វេភាគី នៅថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២០។ រូបភាព៖ Yonhap
​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៨ ខែកញ្ញា បាន​ជួបចរចា​គ្នា លើ​បញ្ហា​កូរ៉េខាងជើង និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងទៀត​។ ជំនួប​នេះ ធ្វើឡើង​បន្ទាប់ពី​ការអំពាវនាវ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន ស្វែងរក​ការគាំទ្រ​លើ​សេចក្តីប្រកាស​បញ្ចប់សង្គ្រាម​ឧបទ្វីប​កូរ៉េ និង​បន្ទាប់ពី​កងទ័ព​កូរ៉េខាងជើង បាញ់សម្លាប់​មន្ត្រី​នេសាទ​កូរ៉េខាងត្បូង នៅ​តំបន់​ព្រំដែន​សមុទ្រ​ប្រទេស​ទាំងពីរ​។



​លោក Lee Do-hoon ប្រធាន​ក្រុម​ចរចា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង បាន​ទៅដល់​ទឹកដី​អាមេរិក​ហើយ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ដើម្បី​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ស្តេ​ហ្វិ​ន ប៊ី​ហ្កា​ន់ (Stephen Biegun) នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ ជំនួប​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក និង​កូរ៉េខាងត្បូង​លើក​នេះ បាន​និយាយ​ពី​បញ្ហា​កូរ៉េខាងជើង ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ បញ្ហា​សន្តិភាព​លើ​ឧបទ្វីប​កូរ៉េ​ជាដើម​។ 
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង លោក ប៊ី​ហ្កា​ន់ បាន​អះអាងថា អាមេរិក និង​កូរ៉េខាងត្បូង នៅតែ​បន្ត​ប្តេជ្ញា​លើ​ការចរចា​ផ្នែក​ការទូត ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​សន្តិភាព​លើ​ឧបទ្វីប​កូរ៉េ ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ ការនាំ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ប្រជាជន​កូរ៉េ និង​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ 
 
​ទន្ទឹមគ្នានេះ មន្ត្រី​ទូត​អាមេរិក​ខាងលើ បាន​ទទួលស្គាល់ថា ការចរចា​សន្តិភាព​លើ​ឧបទ្វីប​កូរ៉េ មិនអាច​ទទួលជោគជ័យ​បានឡើយ ប្រសិនបើ​គ្មាន​ភាគី​កូរ៉េខាងជើង​ចូលរួម​។ «​ខ្ញុំ​សាទរ​យ៉ាងខ្លាំង​លើ​គំនិត​ច្នៃប្រឌិត ដែល​យើង​បាន​ពិភាក្សា​ថ្ងៃនេះ​។ ប៉ុន្តែ​យើង​មិនអាច​ធ្វើ​វា​បានត្រឹមតែ​ពីរ​ភាគី​ទេ​។ យើង​ត្រូវការ​កូរ៉េខាងជើង ដើម្បី​ចូលរួម ហើយ​យើង​នៅតែ​បើកចំហ​ការជជែក​ជាមួយ​កូរ៉េខាងជើង នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួច​»​។ មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក បានលើកឡើង​បែបនេះ​។ 
 
​ចំណែក​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​វិញ ក៏​យល់​ដូច​អាមេរិក​ដែរ​ថា ជំនួប​ទ្វេភាគី​នេះ គឺ​ទទួលបាន​ផ្លែផ្កា​ច្រើន​។ បើតាម​បញ្ជាក់​របស់លោក​Lee កិច្ចពិភាក្សា​នេះ គឺ​បាន​ជជែក​លើ​បញ្ហា​ជាច្រើន ការអនុវត្ត​កិច្ចការ​រួមគ្នា​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ និង​ការកសាង​របប​សន្តិភាព​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ជំនួប​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ​សេចក្តីប្រកាស​បញ្ចប់សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​ឆ្នាំ​១៩៥០ ដល់​១៩៥៣​។ ជា​ការពិត​សង្គ្រាម​ឧបទ្វីប​កូរ៉េ​នេះ គឺ​មិនទាន់មាន​សេចក្តីប្រកាស​បញ្ចប់សង្គ្រាម​នៅឡើយ​ទេ ប៉ុន្តែ​មាន​ត្រឹមតែ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា ក្នុងជំនួប​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​កូរ៉េខាងត្បូង​នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​បាញ់សម្លាប់​មន្ត្រី​នេសាទ​កូរ៉េខាងត្បូង ពី​សំណាក់​កូរ៉េខាងជើង​ផងដែរ​។ ក្នុងនោះ​ភាគី​អាមេរិក បាន​គាំទ្រ​ការរិះគន់​របស់​កូរ៉េខាងត្បូង​លើ​កូរ៉េខាងជើង និង​ថា​ជា​ឧបទ្ទវហេតុ​គួរ​ឲ្យ​ខ្លោចផ្សា​មួយ​សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង​៕ 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com