អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នករៀបចំ​៖ ការជជែក​ដេញដោល​ត្រាំ​-​បៃ​ឌិន លើក​ទី​ពីរ នឹងមាន​សណ្ដាប់ធ្នាប់​ជាង​មុន​
01, Oct 2020 , 5:29 pm        
រូបភាព
ទិដ្ឋាភាពអំឡុងការជជែកដេញដោលលើកទី១ រវាងលោក ត្រាំ និង លោក បៃឌិន នៅយប់ថ្ងៃទៅ ២៩ ខែកញ្ញា ។ រូបភាព AFP
ទិដ្ឋាភាពអំឡុងការជជែកដេញដោលលើកទី១ រវាងលោក ត្រាំ និង លោក បៃឌិន នៅយប់ថ្ងៃទៅ ២៩ ខែកញ្ញា ។ រូបភាព AFP
ដោយ:
​ការជជែក​ដេញដោល​ប្រធានាធិបតី​អាមេរិក នឹងត្រូវ​កែប្រែ ក្រោយ​ការជួប​មុខ​លើកដំបូង​រវាង​លោក ចូ បៃ​ឌិន បេក្ខជន​មកពី​បក្ស​ប្រ​ធា​ធិបតេយ្យ និង​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រព្រឹត្តទៅ​យ៉ាង​អនាធិបតេយ្យ​។ គណៈកម្មាធិការ​រៀបចំ​កម្មវិធី​នេះ បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ពួកគេ​កំពុង​ពិចារណា​ដាក់​វិធានការ​នានា​ដូច​ជាការ​កាត់ផ្ដាច់​មីក្រូហ្វូន បើ​បេក្ខជន​ណា​ម្នាក់​ព្យាយាម​និយាយ​រំខាន​ភាគី​ផ្សេង​។

 
 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៣០ ខែកញ្ញា គណៈកម្មាធិការ​រៀបចំ​ការជជែក​ដេញដោល​ប្រធានាធិបតី (CPD) បានបញ្ជាក់​ពី​ភាពចាំបាច់​នៃ​ការដាក់បញ្ចូល​វិធានការ​ថ្មី​ក្នុង​ទម្រង់​នៃ​ការជជែក​ដេញដោល​ដែល​នៅ​សេសសល់​ចំនួន​២​លើក​ទៀត​។ គោលដៅ គឺ​ដើម្បី​ធានាថា កិច្ចពិភាក្សា​រវាង​លោក​ត្រាំ​និង​លោក​បៃ​ឌិន​មា​នស​ណ្ឋា​ប់​ធ្នាប់​ជាង​មុន​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទូរទស្សន៍​អាមេរិក CBS News គណៈកម្មាធិការ​ឯករាជ្យ​មួយ​នេះ នឹង​ចំណាយ​៤៨​ម៉ោង​ដើម្បី​បង្កើត​សេចក្តីណែនាំ​និង​ក្បួនច្បាប់​ថ្មី​សម្រាប់​ការតស៊ូ​មតិ​លើក​ទី​២ ដែល​នឹង​រៀបចំឡើង​នា​ថ្ងៃទី ១៥ ខែតុលា ក្នុង​រដ្ឋ Florida ។ 
 
​ទូរទស្សន៍​ដដែល​បាន​ផ្សាយ​ទៀតថា ការ​កាត់ផ្ដាច់​មីក្រូហ្វូន​របស់​បេក្ខជន គឺជា​ជម្រើស​អាទិភាព​របស់​ពួកគេ ដើម្បី​បង្ការ​ការនិយាយ​កាត់​សម្តី​អ្នកសម្របសម្រួល ឬ​គូប្រជែង​ពួកគេ​។ ក្រុម​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ និង​លោក ចូ បៃ​ឌិន នឹងត្រូវ​ផ្ដល់ដំណឹង​ពី​ក្បួនច្បាប់​ថ្មី​នៃ​ការជជែក​ដេញដោល តែ​ពួកគេ​នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ចរចា​ឡើយ​។ 
 
​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ត្រាំ លោក Tim Murtaugh ដែល​ចាត់ទុក​ការតស៊ូ​មតិ​លើក​ទី​១​ថា​ជាការ​ផ្លាស់ប្តូរ​គំនិត​ដោយ​សេរី បាន​រិះគន់​គម្រោង​កែប្រែ​នេះ ។ ចំណែក អនុប្រធាន​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​បៃ​ឌិន អ្នកស្រី Kate Bedingfield បាន​និយាយថា លោក បៃ​ឌិន នឹង​គោរព​តាម​ក្បួនច្បាប់​ណា​ដែល​អាច​ទប់ទល់​ការប្រព្រឹត្ត​ឥត​សណ្ដាប់ធ្នាប់​របស់លោក​ត្រាំ​។ 
 
​សូមបញ្ជាក់ថា ការតស៊ូ​មតិ​លើកដំបូង​រវាង​លោក​ត្រាំ និង​លោក​បៃ​ឌិន កាលពី​ថ្ងៃទី ២៩ ខែកញ្ញា​ដែល​ធ្វើឡើង​៩០​នាទី បាន​ប្រព្រឹត្តទៅ​យ៉ាង​អនាធិបតេយ្យ​ជាខ្លាំង ដោយ​ស្ទើរ​គ្រប់​ប្រធានបទ អ្នក​ទាំងពីរ​និយាយ​កាត់​សម្តី​ទៅវិញទៅមក និង​បង្ក​ការលំបាក​ដល់​អ្នក​ស​ម្រួ​ប​សម្រួល​ក្នុងការ​គ្រប់គ្រង​ផងដែរ​។ 
​ដោយ​ទ្រាំលែងបាន​នឹង​ការនិយាយ​រំខាន​ពី​លោក ត្រាំ ដែល​ព្យាយាម​ឆ្លើយ​កាត់ លោក បៃ​ឌិន បាន​ស្រែក​ឲ្យ​លោក ត្រាំ បិទមាត់​។ លោក​ចាត់ទុក​ទង្វើ​នេះ​មិន​សម​នឹង​ឥរិយាបថ​របស់​ប្រធានាធិបតី​អាមេរិក​ឡើយ​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com