COVID-19
អន្តរជាតិ
លោក ត្រាំ រង​ការរិះគន់​ក្រោយ​ជិះឡាន​ទៅ​ស្វាគមន៍​អ្នកគាំទ្រ​នៅក្រៅ​មន្ទីរពេទ្យ
05, Oct 2020 , 11:55 am        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អង្គុយក្នុងរថយន្ត លើកដៃស្វាគមន៍អ្នកគាំទ្រលោក នៅក្រៅបរិវេណពេទ្យទាហាន Walter Reed  នៅថ្ងៃទី ៤ ខែតុលា ។ រូបភាព AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អង្គុយក្នុងរថយន្ត លើកដៃស្វាគមន៍អ្នកគាំទ្រលោក នៅក្រៅបរិវេណពេទ្យទាហាន Walter Reed នៅថ្ងៃទី ៤ ខែតុលា ។ រូបភាព AFP
ដោយ:
​ចូលដល់​ថ្ងៃទី​៤ ក្រោយ​កើត​ជំងឺ​កូ​វីដ​-១៩ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ដែល​លោក​កំពុង​ព្យាបាល ដោយ​ជិះ​ក្នុង​រថយន្ត​មួយគ្រឿង ដើម្បី​ស្វាគមន៍​អ្នកគាំទ្រ​លោក​។ ទង្វើ​លោក​ត្រាំ​នេះ រង​ការរិះគន់​ខ្លាំងៗ​សំណាក់​សហគមន៍​វេជ្ជសាស្ត្រ ដែលថា ប្រធានាធិបតី​កំពុង​បង្ក​ហានិភ័យ​ដល់​អ្នកដទៃ​។​

 
 
​ខណៈ​អ្នកគាំទ្រ​លោក កំពុង​ឈរ​រង់ចាំ​នៅក្រៅ​បរិវេណ​ពេទ្យ​ទាហាន Walter Reed នៃ​រដ្ឋ Maryland នោះ ពី​ក្នុង​រថយន្ត លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវ​មើលឃើញថា ពាក់​ម៉ាស់ បាន​លើកដៃ​ស្វាគមន៍​ពួកគេ ។ ក្នុង​រថយន្ត SUV ពណ៌​ខ្មៅ​នេះ មនុស្ស ២​នាក់​ទៀត ដែលជា​អង្គរក្ស​លោក ក៏ត្រូវ​បាន​មើលឃើញ​អង្គុយ​ជាមួយ​លោក​ប្រធានាធិបតី​ផងដែរ​។ 
 
​នេះ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ដែល​កើតឡើង​នៅ​ថ្ងៃទី​៤ ខែតុលា ដែលជា​ថ្ងៃទី​៤ ចាប់តាំងពី​លោក​បានប្រកាសថា​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ជាធម្មតា អ្នកជំងឺ ដែល​កើត​កូ​វីដ​-១៩ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដើម្បី​ចៀសវាង​ការចម្លង​អ្នកដទៃ​។ បច្ចុប្បន្ន​ជំងឺ​ដ៏​កាច​សាហាវ​នេះ សម្លាប់​ប្រជាជន​អាមេរិក​ជាង​២០​ម៉ឺន​នាក់​ហើយ​។​
 
​នៅមុន​ពេល​ចេញទៅ​ស្វាគមន៍​អ្នកគាំទ្រ លោក ត្រាំ បាន​បង្ហោះ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម Twitter ដោយ​និយាយថា លោក​នឹង​ចេញទៅ​ពញ្ញាក់​អារម្មណ៍​ដល់​អ្នកស្នេហាជាតិ​ខ្លះ ដែល​កំពុង​ឈរ​នៅតាម​ដងផ្លូវ​។  ម្យ៉ាងទៀត មេដឹកនាំ​ា​អាមេរិក​ដែល​មន្ទិលសង្ស័យ​ពី​ជំ​ង​កូ​វីដ​-១៩ ក៏​អះអាង​ទៀតថា លោក​រៀនសូត្រ​បាន​ច្រើន​អំពី​ជំងឺ​នេះ​។ 
 
​អ្នកជំនាញ​វេជ្ជសាស្ត្រ បាន​រិះគន់​ប្រធានាធិបតី ដោយ​អះអាងថា ការធ្វើ​បែបនេះ​គឺ​ខុស​នឹង​ការណែនាំ​សុខាភិបាល​របស់​រដ្ឋាភិបាល​លោក ដែល​ទាមទារ​ឲ្យ​អ្នកជំងឺ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ពី​គេឯង ខណៈ​ពួកគេ​កំពុង​ទទួល​ការព្យាបាល​។ 
 
​លោក James Phillipes ដែលជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​សាលា​ពេទ្យ George Washington បាន​សរសេរ​លើ Twitter ថា មនុស្ស​ក្នុង​រថយន្ត​ជាមួយ​លោក ត្រាំ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡ័ក​១៤​ថ្ងៃ ហើយ​ពួកគេ​អាច​ធ្លាក់ខ្លួន​ឈឺ ឬ​ស្លាប់ សម្រាប់​ឈុត​ឆាកនយោបាយ​របស់លោក ត្រាំ ។ 
 
​ក្នុង​សារ Twitter ដដែល លោក  Phillipes សង្កត់ធ្ងន់ថា ទង្វើ​លោក​ត្រាំ​នេះ​កំពុង​បង្ក​ហានិភ័យ​ដល់​ជីវិត​អ្នកដទៃ ហើយ​នេះ​ជា​រឿង​ឆ្កួត​មែនទែន​។ ចំណែក លោក Zeke Emanual ប្រធាន​ដេ​ប៉ា​តឹ​ម៉​ង់​គោលនយោបាយ​សុខាភិបាល និង​សីលធម៌​វេជ្ជសាស្ត្រ នៅ​សកល​វិទ្យាល័យ Pennsylvania បានចាត់ទុក​សកម្មភាព​នេះ​ថា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​។ 
 
​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក លោក Judd Deere បានចេញ​មុខការ​ពារ​ទង្វើ​លោក​ប្រធានាធិបតី ដោយ​អះអាងថា ក្បួន​រថយន្ត​ស្វាគមន៍​អ្នកគាំទ្រ​នេះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​លោក ត្រាំ បាន​ប្រញាប់​ត្រលប់​ចូល​មន្ទីរពេទ្យ​។ លោក​បញ្ជាក់ទៀតថា វិធាន​ការបង្ការ​ត្រឹមត្រូវ បាន​យកទៅអនុវត្ត មុនពេល​ចេញដំណើរ​ដើម្បី​ការពារ​ប្រធានាធិបតី ព្រមទាំង​អ្នក​ដែល​គាំទ្រ​លោក​។ 
 
​ការ​ចេញពី​ពេទ្យ​ទៅ​ស្វាគមន៍​អ្នកគាំទ្រ​នៅក្រៅ​បែបនេះ កើតឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ក្រុមគ្រូពេទ្យ​របស់លោក លើកឡើងថា សុខភាព​លោក​បាន​បន្ត​ធូរស្រាល ហើយ​លោក​អាច​ត្រលប់​ទៅ​ព្យាបាល​បន្ត​នៅ​សេត​វិមាន​ផងដែរ​។ លោក ត្រាំ ត្រូវបាន​ផ្លាស់​ពី​សេត​វិមាន​ទៅកាន់​ពេទ្យ​ទាហាន Walter Reed នៅ​ថ្ងៃទី ២ ខែតុលា ក្រោយ​លោក​គ្រុនក្តៅ​ខ្លាំង ហើយ​កម្រិត​អុកស៊ីសែន​លោក​បន្ត​ធ្លាក់ចុះ​ទាប​ក្នុង​បរិមាណ​គួរ​ឲ្យ​ព្រួយបារម្ភ​។​
 
​បន្ទាប់ពី​កើត COVID-19 លោក ត្រាំ ខកខាន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ខណៈ​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​កាន់តែ​ខិត​កៀក​មកដល់​។ ប្រជាជន​អាមេរិក​ខ្លះ ក៏បាន​បោះឆ្នោត​រួចហើយ​ផងដែរ តាមរយៈ​ប្រៃសណីយ៍​។ ការរៀបចំ​កម្មវិធី​ដេញដោល​ប្រធានាធិបតី​លើក​ទី​២ ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី ១៥ ខែតុលា​ខាងមុខ ក៏មាន​ភាពស្រពេចស្រពិល​ផងដែរ​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូ​វីដ​-១៩
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com