ជាតិ
សង្គមជាតិ
លោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង TVFB ត្រូវបានដោះលែងវិញ
05, Oct 2020 , 1:18 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី
រូបពីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងរបស់លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មានធីវីហ្វេសប៊ុក (TVFB) ដោយសម្រេចផ្តន្ទាទោស១៨ខែ តែតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសនៅសល់ទាំងប៉ុន្មាន ត្រូវព្យួរ (មិនឲ្យស្ថិតនៅក្នុងពន្ធនាគារ)។



លោក សុវណ្ណ រិទ្ធី បានជាប់ឃុំតាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០មក ក្រោមបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គិតមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ គឺគ្រប់រយៈពេល៥ខែ២៨ថ្ងៃហើយ ដូច្នេះ លោក សុវណ្ណ រិទ្ធី ត្រូវចេញពីពន្ធនាគារក្នុងថ្ងៃនេះតែម្តង។

ចៅក្រម សម្រេចឲ្យលោក សុវណ្ណ រិទ្ធី ជាប់ពន្ធនាគារ១៨ខែ តែអនុវត្តទោសតែ៥ខែ២៨ថ្ងៃ ដូច្នេះ តើគាត់ ត្រូវចេញពីពន្ធនាគារថ្ងៃនេះតែម្តង? ហើយតុលាការ មានបានចេញដីកាបង្គាប់ទៅពន្ធនាគារ ឲ្យដោះលែងគាត់ហើយឬនៅ? លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនាក់ទំនងតេឡេក្រាមយ៉ាងខ្លីថា៖«ចំពោះសំណួរ ដែលបានអត្ថាធិប្បាយមកហ្នឹង គឺត្រឹមត្រូវតាមហ្នឹងហើយ»។

លោក សុវណ្ណ រិទ្ធី បាន​ស្រង់​សម្តី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា​៖«​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។​ ការស្រង់សម្តីរបស់ប្រមុខរដ្ឋាភិបាលត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យលោក សុវណ្ណ រិទ្ធី ត្រូវចាប់ខ្លួនពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ​

ឧត្តមសេនីយ៍ឯក ឆាយ គឹម​ចខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ​នាពេលនោះថា សំណេរ​របស់លោក សុវណ្ណ រិទ្ធី ជាការ​បំប៉ោង និង​បំពុលសង្គម ដែល​ធ្វើឲ្យប្រជា​ពលរដ្ឋ​យល់ច្រឡំ​លើស​ម្ដេចនាយករដ្ឋមន្រ្តី។ លោក ឆាយ គឹមខឿន ចាត់ទុក​សំណេរ​របស់លោក សុវណ្ណ រិទ្ធី ថាជា​ចេតនា​បង្កើតឲ្យមាន​ចលាចល​ក្នុងសង្គម​។

អ្នកនាំពាក្យនគរបាលជាតិ មានប្រសាសន៍ថា៖«​សម្ដេច ហ៊ុន សែន គាត់​បានចេញ​វិធានការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ​ដែល​ជួ​បបញ្ហាប្រឈម​នឹង​ជំងឺ​កូវីដ-១៩ ហើយ​គ្រាន់តែ​សម្ដេច​និយាយ​លេង​មួយ​ម៉ាត់ ពីរ​ម៉ាត់​សោះ បែរជា​យកមក​ចុះផ្សាយ​។ សម្ដេច​គាត់​គ្មាន​ចេតនា​ដូច​ការចុះផ្សាយ​ឯណា ព្រោះ​គាត់​បានចេញ​វិធានការ​ច្រើន​មកហើយ​»​។

ក្រោយលោក សុវណ្ណ រិទ្ធី ជាប់ឃុំ ក្រសួងព័ត៌មាន ក៏ចេញប្រកាសសម្រេចដកអាជ្ញាប័ណ្ណពីសារព័ត៌មាន TVFB របស់លោក។ ខណៈកំពុងជាប់ឃុំ លោក សុវណ្ណ រិទ្ធី ក៏ទទួលបានពាន «Freedom of Speech Award» ប្រចាំឆ្នាំ​២០២០ ពី​ស្ថាប័ន​សារព័ត៌មាន​អាល្លឺម៉ង់ Deutsche Welle (DW)​៕

អត្ថបទទាក់ទង

Tag:
 សុវណ្ណ រិទ្ធី មានសេរីភាពវិញ
© រក្សាសិទ្ធិដោយ thmeythmey.com