អន្តរជាតិ
ថៃ​៖ គ្រួសារ​ជនរងគ្រោះ រំឭក​ខួប​៤៤​ឆ្នាំ​ការសម្លាប់​រង្គាល​នៅ​សាកលវិទ្យាល័យ Thammasat
06, Oct 2020 , 6:49 pm        
រូបភាព
រូបថតព្រឹត្តិការណ៍សម្លាប់រង្គាលថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦។ រូបភាព៖ AFP
រូបថតព្រឹត្តិការណ៍សម្លាប់រង្គាលថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦។ រូបភាព៖ AFP
ដោយ:
​នៅ​ថ្ងៃទី​៦ ខែតុលា ក្រុមគ្រួសារ​និស្សិត​ដែល​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​សម្លាប់​រង្គាល​នៅ​សាកលវិទ្យាល័យ​Thammasat បាន​ជួបជុំ​ប្រារព្ធ​ពិធីបុណ្យ និង​ដាក់​កម្រងផ្កា​ឧទ្ទិស​ដល់​អ្នក​ដែល​បាត់បង់​ជីវិត​កាលពី​៤៤​ឆ្នាំមុន​។ ការ​រំឭក​ខួប​ឆ្នាំ​២០២០​នេះ ធ្វើឡើង​ខណៈ​ចលនា​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​នេះ កំពុង​តវ៉ា​ប្រឆាំង​របប​ដឹកនាំ​ដឹកនាំ​សព្វថ្ងៃ​។​

 
​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៧៦ នៅ​សាកលវិទ្យាល័យ​Thammasat នៅតែ​បន្ត​ដិត​ជាប់​ក្នុងការ​ចង់ចាំ​របស់​អ្នក​ដែល​រួច​រស់​មានជីវិត ក៏ដូចជា​សកម្មជន​ប្រជា​ធិ​ប​តយ្យ​ថៃ ជាពិសេស​ក្នុង​បរិបទ​ដែល​និស្សិត​ថៃ​ធ្វើបាតុកម្ម​សារជាថ្មី​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង និង​កំណែទម្រង់​របបរាជានិយម​។​
 
​ក្នុង​ហេតុការណ៍​សម្លាប់​រង្គាល​នៅ​សាកលវិទ្យាល័យ Thammasat ក្រុម​យោធា និង​អ្នកគាំទ្រ​របបរាជានិយម​បាញ់ប្រហារ ចង​ព្យួរ​និស្សិត​ភ្ជាប់​ដើមឈើ និង​វាយតប​លើ​និស្សិត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ល្បីឈ្មោះ​មួយ​នេះ​។ កន្លងទៅ រដ្ឋាភិបាល​ថៃ អះអាងថា មនុស្ស​ស្លាប់មាន​៤៥​នាក់ របួស​១៤៥​នាក់ និង​ចាប់ខ្លួន​ជាង​៣​ពាន់​នាក់​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​រួច​រស់​មានជីវិត ចំនួន​អ្នក​ស្លាប់មាន​ច្រើនជាង​១០០​នាក់​។ 
 
​មេធាវី​ការពារ​ក្រុមយុវជន​ប្រជាធិបតេយ្យ លោក Krisadang Nutcharut ដែលជា​អ្នក​រួចខ្លួន​មានជីវិត អះអាងថា ហេតុការណ៍​នោះ មិនមែនជា​ការប្រយុទ្ធ​ស្មើគ្នា​ទេ តែ​ជាការ​សម្លាប់​រង្គាល ខណៈ​និស្សិត​មិនបាន​វាយ​តបត​ឡើយ ព្រោះ​មិនមាន​កាំភ្លើង​។ ដោយ​ចាត់ទុក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៧៦ ជា​ថ្ងៃ​អាប់អួរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ បុរស​វ័យ​៦២​ឆ្នាំ បន្តថា ការធ្វើ​បាតុកម្ម​សន្តិវិធី​របស់​និស្សិត​សព្វថ្ងៃ បាន​រំឭក​លោក​ពី​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​១៩៧៦​។ 
 
«​ខ្ញុំ​ត្រូវ​បង្រៀន​យុវជន​ជំនាន់​ក្រោយ មិន​ឲ្យ​មើលស្រាល​ក្រុម​យោធា ដោយសារ​ពួកគេ​គ្មាន​សេចក្តី​សណ្តោស​ប្រណី​ឡើយ​»​។ លោក Krisadang និយាយ​បែបនេះ ដោយ​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បាតុកម្ម​នៅ​ឆ្នាំ​១៩៧៦ ធ្វើឡើង​ដោយ​និស្សិត​ថៃ ទាមទារ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍ Thanom Kittikachorn ដែល​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច និរទេស​ខ្លួន​ចេញពី​ប្រទេស​។ លោក Krisadang រំឭកថា នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៧៦ ក្រុម​យោធា និង​អ្នកគាំទ្រ​ព្រះមហាក្សត្រ​ហ៊ុំព័ទ្ធ​សាកលវិទ្យាល័យ បាញ់រះ បោះ​គ្រាប់បែក ចាក់​សម្លាប់​និស្សិត និង​អូស​និស្សិត​ដែល​ព្រម​ប្រគល់​ខ្លួន​ទៅ​សម្លាប់​នៅ​ទីលាន​Sanam Luang ដោយ​ស្រែក​បន្ទរ​ថា ជា​ក្រុម​កុម្មុយនីស្ត​បះបោរ​ផ្តួលរំលំ​របបរាជានិយម​។​
 
​ការស្វែងរក​អ្នកទទួលខុសត្រូវ និង​ការពិត​នៅ​ពីក្រោយ​ហេតុការណ៍​នៅ​សាកលវិទ្យាល័យ​Thammasat ជា​រឿង​រសើប​ក្នុងសង្គម​ថៃ ហើយ​មនុស្ស​ជំនាន់​មុន​ពុំមាន​អ្នកណា​ចង់​និយាយ​ឡើយ​។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ថៃ​ជំនាន់​ថ្មី ពិសេស​សិស្ស​និង​និស្សិត​ចង់បាន​ចម្លើយ​ទៅនឹង​សំណួរ​ដែល​ប្រ​វត្ថិ​សាស្ត្រ​មិនបាន​បង្រៀន​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​Puangthong Pawakapan សហប្រធាន​គម្រោង​អន​ឡាញ ដែល​រក្សាទុក​ឯកសារ​ស្តី​ព្រឹត្តិការណ៍​ថ្ងៃ​៦ ខែតុលា​។ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com