ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​សេដ្ឋកិច្ច​៖ សេចក្ដីព្រាងច្បាប់ «​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​» ផ្ដល់​ប្រយោជន៍​ជាតិ តែ​ក៏មាន​ផល​អវិជ្ជមាន​
07, Oct 2020 , 10:33 am        
រូបភាព
កាស៊ីណូមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ (រូបពីAFP)
កាស៊ីណូមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ (រូបពីAFP)
​ភ្នំពេញ​៖ រដ្ឋសភា បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​«​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​»​ហើយ កាលពី​ថ្ងៃទី​៥ តុលា ។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង​ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ (Integrated Resort) និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​។ អ្នកជំនាញ​សេដ្ឋកិច្ច យល់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា លុះត្រាតែ​មានការ​អនុវត្ត​ត្រឹមត្រូវ​។​



​នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​លោក  ឆេង គឹម​ឡុង មើលឃើញថា សេចក្តីព្រាងច្បាប់​នេះ វា​នឹង​ជួយ​ឱ្យ​កម្ពុជា អាច​គ្រប់គ្រង​លើ​កាស៊ីណូ និង​កន្លែង​ល្បែង​អន​ឡាញ​បាន​ត្រឹមត្រូវ ដោយ​បញ្ចៀស​បញ្ហា​អនាធិបតេយ្យ​ក្នុងសង្គម​។ ជាពិសេស​វា​នឹង​ផ្ដល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការយកពន្ធ , ការហូរចូល​ភ្ញៀវ​ទេសចរណ៍ រួមទាំង​ផល​វិជ្ជមាន​ដល់​សេវាកម្ម​ទេសចរណ៍​ផ្សេងទៀត​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឆេង គឹម​ឡុង បាន​និយាយ​ដូច្នេះ​ថា​៖«​អត្ថប្រយោជន៍​ទី​១ គឺ​វា​ជួយ​ការ​គ្រប់​គ្រង់​សកម្មភាព​ល្បែងស៊ីសង​អនាធិបតេយ្យ មានន័យថា បើ​យើង​មិន​មានច្បាប់​គ្រប់គ្រង គឺ​រដ្ឋអំណាច​មិនអាច​មាន​សិទ្ធិ​នៅក្នុង​ការអនុវត្ត​ច្បាប់​មួយចំនួន ទៅលើ​សកម្មភាព​ល្បែង​ដែល​មិនបាន​ប្រតិបត្តិ​ទៅតាម​ច្បាប់​។ ចំណុច​ទី​២ បើតាម​តួលេខ​ចំណូល​ពី​ផ្នែក​វិស័យ​កាស៊ីណូ​បាន​ចំណូល​ជាតិ​គួរសម​ដែរ​។ ហើយ​ទោះបី​មានការ​រិះគន់​យ៉ាងណា​ថា ល្បែងស៊ីសង​មិនគួរ​ឱ្យមាន ក៏ប៉ុន្តែ​យើង​ឃើញ​ប្រជាប្រិយភាព​កាស៊ីណូ​នៅក្នុង​តំបន់​រីកចម្រើន​ដូចជា​នៅ​សិង្ហ​បុរី​ជាដើម បានចាប់ផ្ដើម​ឱ្យ​កាស៊ីណូ​៤​ទៅ​៥​ឆ្នាំ​មកហើយ​»​។​
 
​សេចក្ដីព្រាងច្បាប់​ស្ដីពី​«​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​» រៀបចំឡើង​មាន​ចំនួន​១២​ជំពូក និង​៩៧មាត្រា​។​សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង​ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ (Integrated Resort) និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម​។​
 
​រដ្ឋាភិបាល ធ្លាប់បាន​អះអាងថា ការ​ប្រែក្លាយ​ល្បែង​ពាណិជ្ជកម្ម ទៅជា​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ជា​កន្លែង​កម្សាន្ត​ទាក់ទាញ​ទេសចរ តាមរយៈ​ការរៀបចំ​ទីតាំង​ល្បែង​ពាណិជ្ជកម្ម ដោយ​រួមបញ្ចូល​នូវ​ទីតាំង​បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារ​ទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌល​កម្សាន្ត​និង​ទស្សនា មណ្ឌល​សន្និបាត ឬ​ពិ​ព័រ​ណ៌ និង​ហាង​លក់ទំនិញ​ជាដើម​។​
 
​ដ្បិត​មាន​ផលប្រយោជន៍​ក្តី ប៉ុន្តែ​វា​ក៏មាន​ផល​វិជ្ជមាន​ដល់​កម្ពុជា​ផងដែរ​។ ត្រង់ចំណុច​នេះ លោក ឆេង គឹម​ឡុង យល់ឃើញថា នៅពេល​មានច្បាប់​ស្តីពី​«​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​»​នោះ វា​នឹង​អាច​ឱ្យមាន​កំណើន​កាស៊ីណូ ឬ​ល្បែង​អន​ឡាញ​ស្របច្បាប់​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ លោក គឹម​ឡុង ក៏​បារម្ភ​ពី​ផល​អវិជ្ជមាន​នៃ​បទឧក្រិដ្ឋ​កម្ម​កើតឡើង​នៅ​កម្ពុជា​ផងដែរ​។ បញ្ហា​ដែល​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ មើលឃើញ​នោះ គឺអាច​កើតមាន​ករណី​លាងលុយកខ្វក់ តាមរយៈ​កាស៊ីណូ (​អ្នករកស៊ី​ទុច្ចរិត យកលុយ​មកលេង​កាស៊ីណូ​ហើយ​បង្វិល​លុយ​នោះ​ចេញ​ជា​លុយ​ស្របច្បាប់​វិញ​) រួមទាំង​ករណី​ចាប់ជំរិត និង​ឃាតកម្ម​ប្លន់​យក​ទ្រព្យ ពី​សំណាក់​អ្នកចាញ់​ល្បែង​ទៀតផង​។​
 
​នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ហើយ​ប្រសិនបើ​កម្ពុជា មាន​សកម្មភាព​រឿង​ការលាង​លុយកខ្វក់​ច្រើន វា​នឹង​នាំឱ្យ​សហគម​អន្តរជាតិ រួមទាំង​សហគម​អឺរ៉ុប និង​អាមេរិក នឹង​ចាត់ទុក​ប្រទេស​កម្ពុជា ជាប់​ក្នុង Black List (​បញ្ជីខ្មៅ​) ឬ​បញ្ជី​ប្រផេះ​។ ក៏ប៉ុន្តែ​យើង​បក​មក​មើល​ចំណុច​ល្អ​វិញ​នៃ​ច្បាប់ គឺ​ការធ្វើ​ច្បាប់​ក្នុង​គោលបំណង​គ្រប់គ្រង​លើ​សកម្មភាព​(​ឧក្រិដ្ឋកម្ម​)​ទាំងអស់នេះ​។ តាមពិត​មែន​ទៅ​សភាជាតិ​អនុម័ត​សេដ្ឋកិច្ច​ព្រាង​ច្បាប់ ដើម្បី​បញ្ជាក់​ទៅ​សហគម​អន្តរជាតិ​ថា កម្ពុជា​បាន​គ្រប់គ្រង និង​បង្កើត​ច្បាប់​ទៅជា​បទដ្ឋាន​ក្នុង​ការធ្វើ​និយ័តកម្ម គ្រប់គ្រង​សកម្មភាព​លាងលុយកខ្វក់​និង​លំហូរ​លាងលុយកខ្វក់​ចូលទៅក្នុង​ប្រភព​ល្បែងស៊ីសង​…​។
​ដើម្បី​ទប់ស្កាត់​ផល​អវិជ្ជមាន​ទាំងនេះ លោក គឹម​ឡុង ស្នើឱ្យ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​ឱ្យបាន​ត្រឹមត្រូវ នៅពេល​ច្បាប់​នេះ​លេចចេញ​ជា​រូបរាង ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ និង​ប្រជាពលរដ្ឋ​។​ជាពិសេស​ទប់ស្កាត់​បទ​ឧក្រិដ្ឋ​។ ចំណុច​ដែល​លោក គឹម​ឡុង គិតថា រដ្ឋ​ត្រូវអនុវត្ត​ឱ្យបាន​ល្អ​នោះ គឺ​គួរ​អនុញ្ញាតឱ្យ​បើក​ទីតាំង​កាស៊ីណូ​នៅតាម​ព្រំដែន ល្អ​ជាង​នៅ​តំបន់​ទេសចរណ៍ ឬ​ទីក្រុង ។ បើតាម​លោក គឹម​ឡុង ការរៀបចំ​ទីតាំង​កាស៊ីណូ​នៅតាម​ព្រំដែន គឺ​វា​ផ្ដល់​ប្រយោជន៍ដល់​ប្រជាជន​នៅ​ទីនោះ តាមរយៈ​ភ្ញៀវទេសចរ​ដែល​ចេញ​-​ចូល​កម្ពុជា រួមទាំង​ការអភិវឌ្ឍ និង​ការពារ​ទឹកដី​ទៀតផង​។​
 
​បន្ថែម​ពីនេះ រដ្ឋ​ក៏ត្រូវ​ពង្រឹង​វិន័យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ និង​សមត្ថភាព​គ្រប់គ្រង​លំហូរ​ចូល​របស់​ភ្ញៀវទេសចរ ។ ជាពិសេស​ការគ្រប់គ្រង​លើ​សកម្មភាព​ល្បែងស៊ីសង​ទាំងនោះ ឱ្យមាន​ការចុះបញ្ជី និង​បង់ពន្ធ​ត្រឹមត្រូវ រួមទាំង​ទប់ស្កាត់​សកម្មភាព​គ្រឿងញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម​។ នេះ​បើតាម​លោក ឆេង គឹម​ឡុង​។​
 
​កន្លងមក​រដ្ឋាភិបាល ក៏​ធ្លាបបាន​អះអាងថា សេចក្ដីព្រាងច្បាប់​នេះ នឹង​អនុញ្ញាតឱ្យ​មានការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​យ៉ាង​តឹងរ៉ឹង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា សម្រាប់​អាជីវកម្ម​កាស៊ីណូ​។ បើតាម​រដ្ឋាភិបាល សេចក្តីព្រាងច្បាប់​នេះ ក៏មាន​ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម ឬ​មិនគួរ​អនុញ្ញាត ជាពិសេសការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកវិទ្យា​សមស្រប ក្នុងការ​ត្រួតពិនិត្យ​ជាប្រចាំ លើ​កិច្ចដំណើរការ​របស់​ប្រតិ​ប​ត្ត​ករ​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បានគិត​គូរ​អំពី​យន្តការ​យ៉ាង​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ទៀតផង​។​
 
​កាលពី​ឆ្នាំ​២០១៩​កន្លងមក ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​បទឧក្រិដ្ឋ និង​គ្រឿងញៀន (United Nation On Drug and Crime) បាន​លើកឡើងថា កាស៊ីណូ​នៅ​កម្ពុជា អាច​ប្រឈម​ការលាង​លុយកខ្វក់រ​បស់​ឈ្មួយ​ញ​រកស៊ី​ទុច្ចរិត​។ តែ​យ៉ាងណា​រដ្ឋាភិបាល បាន​បដិសេធ​លើ​របាយការណ៍​នេះ​៕

Tag:
 សេដ្ឋកិច្ច​
  ល្បែង​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com