ភ្នំពេញ៖ គ្មានឡើយការលាងសម្អាតប្រាក់ តាមរយៈកាស៊ីណូនៅកម្ពុជា។ នេះជាការអះអាងរបស់រដ្ឋាភិបាល ឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកលើបទឧក្រិដ្ឋ និងគ្រឿងញៀន (United Nation On Drug and Crime) ដែលលើកឡើងថា កាស៊ីណូនៅកម្ពុជា អាចប្រឈមការលាងលុយកខ្វក់របស់ឈ្មួយញរកស៊ីទុច្ចរិត។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ១០៣ទំព័រ បានរៀបរាប់ពីបញ្ហាបទឧក្រិដ្ឋ និងគ្រឿងញៀន ដែលកំពុងសាយភាយ និងគំរាមកំហែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះក៏មានពាក់ព័ន្ធនឹងប្រទេសកម្ពុជាផងដែរ។ ក្នុងរបាយការណ៍ដដែល បានលើកពីបញ្ហាថ្នាំញៀន ប្រភេទថ្នាំជក់ ការជួញដូរមនុស្ស និងសត្វព្រៃ រួមទាំងបទឧក្រិដ្ឋលាងលុយកខ្វក់ជាដើម។
ទាក់ទងនឹងបទល្មើសលាងលុយនេះ ការិយាល័យអង្គការសហប្រជាជាតិ បានរៀបរាប់ថា គិតត្រឹមខែមករាឆ្នាំ២០១៩ មានកាស៊ីណូចំនួន២៣០កើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះកម្ពុជា មានកាស៊ីណូ១៥០កន្លែង និងកាស៊ីណូ៦៧កន្លែងទៀត មាននៅក្នុងប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ របាយការណ៍អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភថា ការកើនឡើងចំនួនកាស៊ីណូនេះ កើតឡើងក្រោយពីមានចំណាត់ការបង្ក្រាបករណីលាងលុយកខ្វក់នៅទីក្រុង ម៉ាកាវ ប្រទេសចិន ២០១៤។
«ការកើនឡើងក្តីព្រួយបារម្ភដែល ចលនានៃសកម្មភាពបទឧក្រិដ្ឋទាក់ទងនឹងកាស៊ីណូបានផ្លាស់ទីទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ជាពិសេសប្រព័ន្ធតុលាការនៅតំបន់មេគង្គនោះ នៅខ្វះសមត្ថភាពនៃការបង្ខិតបង្ខំ និងធ្វេសប្រហែសលើការអនុវត្តច្បាប់លើសកម្មភាពឧក្រិដ្ឋ»។ នេះជាការលើកឡើងរបស់ការិយាល័យអង្គការសហប្រជាជាតិ ដែលបានបន្ថែមថា កម្ពុជាគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ នៃការកើនឡើងចំនួនកាស៊ីណូគ្មានការអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណ នៅក្នុងអំឡុងឆ្នាំ២០១៤មក។
ជុំវិញការលើកឡើងនៅក្នុងរបាយការណ៍ ត្រូវបានលោក ម៉ី វ៉ាន់ ច្រានចោលហើយ អះអាងថា កម្ពុជាគ្មានករណីលាងលុយតាមរយៈកាស៊ីណូនោះទេ។ ត្រង់ចំណុចនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ បាននិយាយថា កម្ពុជា បានចូលជាសមាជិកនៃអង្គការអាស៊ីប៉ាស៊ីហ្វិក (Asia/Pacific Group on Money Laundering ) ដែលប្រឆាំងលើបទល្មើសលាងលុយនៅកម្ពុជា។ ក្នុងន័យនេះលោក ម៉ី វ៉ាន់ បានអះអាងថា កម្ពុជា តែងតែបញ្ចូនរបាយការណ៍ពីកាស៊ីណូ ទៅអង្គការអន្តរជាតិមួយនេះ ត្រួតពិនិត្យរៀងរាល់មួយខែម្ដង ដើម្បីទប់ស្កាត់បទល្មើសលាងលុយកខ្វក់នេះ។ ប៉ុន្តែមិនទាន់មានចម្លើយអវិជ្ជមានជុំវិញកាស៊ីណូនៅកម្ពុជា ពីអង្គការអាស៊ីប៉ាស៊ីហ្វិកប្រឆាំងលើបទល្មើសលាងលុយនៅឡើយទេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ម៉ី វ៉ាន់ បាននិយាយដូច្នេះថា៖«គេ(អង្គការអាស៊ីប៉ាស៊ីហ្វិក) មានកម្មវិធីឲ្យយើងដំណើរការពីព័ត៌មានកាស៊ីណូ នៅពេលដែលយើងយកព័ត៌មានដាក់ចូលទៅកម្មវិធីនោះ ម៉ាស៊ីនកម្មវិធីគេវាយតម្លៃចេញមកឲ្យថា កាស៊ីណូណាមានហានិភ័យផ្នែកខាងលាងលុយ កាស៊ីណូណាអត់មានហានិភ័យផ្នែកខាងលាងលុយ។ យើងកំពុងធ្វើការងារហ្នឹងជាមួយពួកគាត់(អង្គការអាស៊ីប៉ាស៊ីហ្វិក) ហើយជាប្រចាំរៀងរាល់៣ខែ ប៉ុន្តែប៉ុន្មានខែមកនេះ គឹ១ខែម្ដង យើងរាយការណ៍ទៅឲ្យគេ ហើយគេវាយតម្លៃហើយ នៅក្នុងហ្នឹងគេអត់ទាន់មានប្រាប់ថា យើងមានហានិភ័យនៅផ្នែកខាងកាស៊ីណូនេះទេ ព្រោះអីយើងធ្វើអ្វីៗតាមគេប្រាប់យើងហើយ»។
បន្ថែមពីនេះលោក ម៉ី វ៉ាន់ បានពន្យល់ពីរបៀបអនុវត្តនៃដំណើរការទប់ស្កាត់ការលាងលុយនៅក្នុងកាស៊ីណូ ថា នៅពេលដែលបុគ្គលបរទេសម្នាក់ចូលលេងល្បែងនៅក្នុងកាស៊ីណូ ដែលនាំយកទឹកប្រាក់លើសពី៣ពាន់ដុល្លារឡើងទៅ គឺត្រូវកំណត់អត្តសញ្ញាណ ហើយបញ្ជូនទិន្នន័យពីបុគ្គលទៅប្រទេសដើម ដើម្បីរកប្រភពព័ត៌មានថាតើបុគ្គលម្នាក់នេះ មានលុយប៉ុន្មានចូលមកកម្ពុជា? ហើយតើបុគ្គលម្នាក់នោះរកស៊ីអ្វីនៅប្រទេសដើមកំណើត មុនពេលមកកម្ពុជានេះ? នេះជាចំណុចទី១នៃការទប់ស្កាត់បទល្មើសលាងលុយ។
ចំណែកជំហានមួយទៀតនៃការទប់ស្កាត់បទល្មើសលាងលុយនោះ គឺការកំណត់អត្តសញ្ញាណពីក្រៅប្រទេសតែម្ដង តាមរយៈកិច្ចសហការគ្នារវាងរដ្ឋ និងរដ្ឋ ដែលសង្ស័យលើបុគ្គលណាម្នាក់ យកលុយច្រើនលើសចំនួនកំណត់ឆ្លងដែនចូលប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក ម៉ឺ វ៉ាន់។
នៅពេលសួរថា តើកម្ពុជា អាចមានច្បាប់បង្ក្រាបការលាងលុយកខ្វក់នៅពេលណា? អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុរូបនេះ បានអះអាងថា ច្បាប់បង្ក្រាបបទល្មើសលាងលុយនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃការប្រមូលធាតុចូលបន្ថែម ក្នុងការដាក់ទោសទណ្ឌលើជនល្មើសប៉ុណ្ណោះ។ «ច្បាប់យើងជិតចេញហើយ ។ វាខុសតែប៉ុណ្ណេះទេ គឺច្បាប់ចេញមកយើងអាចដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តខុស។ ហើយឥឡូវអត់ទាន់មានច្បាប់ ពេលមាន(អ្នកប្រព្រឹត្តខុស)ម្ដងៗ តុលាការត្រូវច្បាប់ព្រហ្មទណ្ឌមកអនុវត្ត បើករណីលាងលុយយើងយកច្បាប់លាងលុយមកអនុវត្ត វាខុសតែប៉ុណ្ណឹងទេ»។ នេះជាការបញ្ជាក់របស់លោក ម៉ី វ៉ាន់។
ជាមួយគ្នានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា កម្ពុជា ជាប្រទេសប្រឆាំងនឹងបទល្មើសលាងលុយនេះ ដូច្នេះវាគ្មានអ្វីដែលត្រូវឲ្យកម្ពុជា ផ្ដល់កន្លែងបើកកាស៊ីណូ សម្រាប់ការចរាចរលុយកខ្វក់នោះឡើយ។
«របាយការណ៍(ការិយាល័យអង្គការសហប្រជាជាតិ)ហ្នឹង គឺមិនមានមូលដ្ឋានច្បាស់លាស់ទេ។ កម្ពុជា ជាប្រទេសមួយ ដែលប្រឆាំងនឹងការលាងលុយ ដូចជាចំណាត់ការបន្តបន្ទាប់ហើយ ឃើញចាប់បានជនបរទេសមួយចំនួន ដែលនាំលុយខុសច្បាប់ចូលមកកម្ពុជា។ រដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យខ្លួនឯងធ្លាក់ទៅក្នុងទិសដៅនៃការលាងលុយ»។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន ដែលបានបន្ថែមថា រដ្ឋាភិបាលរង់ចាំសហការជាមួយការិយាល័យអង្គការសហប្រជាជាតិ បើសិនជាសង្ស័យលើករណីលាងលុយនៅកម្ពុជានេះ ។
កាលពីពេលថ្មីៗនេះ សមត្ថកិច្ច បានរឹបអូសប្រាក់ជាង៧លានដុល្លារ ពីជនបរទេសជាបន្តបន្ទាប់ ក្រោយពីស៊ើបអង្កេតរកឃើញថា ថវិកាទាំងនោះ គ្មានប្រភពច្បាស់លាស។ ទឹកប្រាក់ទាំងនោះ ត្រូវបានតម្កល់នៅក្នុងធនាគារជាតិ ខណៈជនសង្ស័យជាច្រើននាក់ បានបញ្ជូនទៅឃុំខ្លួន។ ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនសង្ស័យ ដែលយកប្រាក់មកលាង តាមរយៈលេងល្បែងនៅក្នុងកាស៊ីណូឡើយ។ នេះជាការបញ្ជាក់របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ បញ្ជាក់ដូច្នេះថា៖«បើសិនមានករណី(លាងលុយនៅកាស៊ីណូ)អ៊ីចឹងមែន យើងខ្ញុំរីករាយនឹងទទួលព័ត៌មានជាផ្លូវការ តើនៅទីណា កន្លែងណា ដើម្បីយើងចាត់វិធានការ ធ្វើការស៊ើបអង្កេត»។
កម្ពុជាកំពុងស្ថិតនៅ«បញ្ជីប្រផេះ» (Grey List) របស់ក្រុមប្រឆាំងការសម្អាតប្រាក់កខ្វក់អាស៊ីប៉ាស៊ីហ្វិក (APG)។ «បញ្ជីប្រផេះ» គឺជាសញ្ញាហានិភ័យមួយ ដល់បណ្ដាប្រទេសនៅក្នុងពិភពលោក នៃសមាជិកក្រុមប្រឆាំងការសម្អាតប្រាក់កខ្វក់អាស៊ីប៉ាស៊ីហ្វិក (APG) ដែលសង្ស័យថា មានករណីចរាចរលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ។ កម្ពុជាត្រូវផ្ដល់របាយការណ៍រយៈពេល៣ខែម្ដង ដល់ក្រុមប្រឆាំងការសម្អាតប្រាក់កខ្វក់អាស៊ីប៉ាស៊ីហ្វិក ដើម្បីត្រួតពិនិត្យនឹងវាយតម្លៃ។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់អង្គការអាស៊ីប៉ាស៊ីហ្វិក៕