COVID-19
អន្តរជាតិ
លោក ត្រាំ ប្រកាស​ឈប់​ចរចា​លើ​កញ្ចប់​ជំនួយ​កូ​វីដ​-១៩ រហូតដល់​បោះឆ្នោត​ចប់​
07, Oct 2020 , 11:59 am        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ។ រូបភាព៖ AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ផ្អាក​ចរចា​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​លើ​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​កូ​វីដ​-១៩ ហើយ​អះអាងថា​នឹង​បន្ត​ជជែក​ឡើងវិញ​ក្រោយ​បោះឆ្នោត​រួចរាល់​។ លោក​ព្យាករ​ថា លោក​នឹង​ឈ្នះ​ការបោះឆ្នោត​នា​ខែក្រោយ ហើយ​ប្តេជ្ញា​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​តែម្ដង​។ បេក្ខជន​ប្រ​ធានា​ធិ​ប​តិ​បក្ស​ប្រជា​ធិ​តេ​យ្យ ចូ បៃ​ឌិន រិះគន់​លោក​ត្រាំ​ថា​បែរខ្នង​ដាក់​ពលរដ្ឋ​អាមេរិក​នៅ​គ្រា​លំបាក​។​

 
 
​លោក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​បន្ត​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅ​សេត​វិមាន​អាមេរិក បានប្រកាស​ផ្អាក​ចរចា​ជាមួយ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ជុំវិញ​សេចក្តីព្រាងច្បាប់​ជំនួយ​កូ​វីដ​-១៩ រហូតដល់​ការបោះឆ្នោត​ចប់ ។ លោក ត្រាំ ដែល​ឆ្លង​កូ​វីដ​-១៩​កាលពី​ថ្ងៃ​១ ខែតុលា បាន​ត្រលប់​ពី​ពេទ្យ​វិញ​ក្រោយ​សម្រាក​ព្យាបាល​នៅ​ទីនោះ​អស់​៣​យប់​មក​។ 
 
«​ខ្ញុំ​បាន​បញ្ជា​ឲ្យ​អ្នកតំណាង​ខ្ញុំ​បញ្ឈប់​ការចរចា រហូត​ការបោះឆ្នោត​ចប់​។ ភ្លាមៗ​ក្រោយ​ខ្ញុំ​ឈ្នះ យើង​នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​ជំនួយ​ដ៏​សំខាន់​មួយ​នេះ ដែល​ផ្តោត​សំខាន់​លើ​អាជីវកម្ម​ធុន​តូច និង​ប្រជាជន​អាមេរិក​ដែល​ប្រឹងប្រែង​ធ្វើការ​»​។ លោក ត្រាំ សរសេរ​បែបនេះ លើ​បណ្ដាញ​សង្គម Twitter​។ 
 
​កិច្ចចរចា​លើ​ជំនួយ​សេដ្ឋកិច្ច​កូ​វីដ​-១៩ រវាង​ប្រធានសភា​អាមេរិក អ្នកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​រដ្ឋមន្ត្រី​រតនាគា​រ លោក Steven Mnuchin បានចាប់ផ្ដើម​ក្នុង​ខែកក្កដា​។ ទង្វើ​របស់លោក​ត្រាំ ទទួលរង​ការរិះគន់​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​បក្ស​ប្រជា​ធិ​តេ​យ្យ ដែល​អះអាងថា ជំនួយ​នេះ​គឺ​សំខាន់​ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​សុខាភិបាល​។​
 
​ទាក់ទិន​ដំណឹង​នេះ អ្នកស្រី ផេ​ឡូ​ស៊ី បាន​បញ្ជាក់ថា ប្រធានាធិបតី ត្រាំ បានបង្ហាញ​ចរិត​ពិត​របស់លោក ដោយ​គិតតែ​ប្រយោជន៍​ខ្លួន​ជាង​ប្រទេសជាតិ​។ ចំណែក​លោក បៃ​ឌិន បាន​រិះគន់​លោក ត្រាំ ថា​បែរខ្នង​ដាក់​ពលរដ្ឋ​អាមេរិក​នៅ​គ្រា ដែល​ពួកគេ​រង​ទុក្ខលំបាក​។ 
 
​ក្រៅពី​អ្នក​ទាំង​២ ក៏មាន​សមាជិកសភា​មកពី​សាធារណរដ្ឋ​ម្នាក់​ផងដែរ ដែល​រិះគន់​លោក​ត្រាំ​។ លោក John Katko បាន​សរសេរ​លើ​Twitter​ដូច្នេះ​ថា​៖«​ខណៈ​ជីវិត​ប្រជាជន​កំពុង​រងគ្រោះ យើង​មិនអាច​បញ្ឈប់​ការចរចា​លើ​កញ្ចប់​ថវិកា​ជំនួយ​បានឡើយ​។ ខ្ញុំ​ទទូច​ឲ្យ​លោក​ប្រធានាធិបតី​គិត​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត​នេះ​»​។​
 
​មែនទែនទៅ ចាប់តាំងពី​បើក​កិច្ចចរចា​លើ​កញ្ចប់​ជំនួយ​កូ​វីដ​-១៩​មក ទាំង​សមាជិកសភា​បក្ស​សាធារណរដ្ឋ​និង​បក្ស​ប្រជា​ធិ​តេ​យ្យ និយាយ​មិនសូវ​ត្រូវ​គ្នា​សោះ​។ ខាង​សេត​វិមាន​របស់លោក ត្រាំ ប្រកាសថា ខ្លួន​នឹង​គាំទ្រ​កញ្ចប់​ថវិកា​ជំនួយ​កូ​វីដ​-១៩ ក្នុង​ទំហំ​ទឹកប្រាក់ ១,៦​ទ្រី​លាន​ដុល្លារ តែ​អ្នកស្រី ផេ​ឡូ​ស៊ី ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ជំនួយ​ច្រើនជាង​នេះ​។ 
 
​កាលពី​សប្ដាហ៍​មុន សភា​តំណាង​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជា​ធិ​តេ​យ្យ បានអនុម័ត​សេចក្តីព្រាងច្បាប់​ជំនួយ​កូ​វីដ​-១៩ ប្រមាណ​២,២​ទ្រី​លាន​ដុល្លារ ទោះបី​ដឹងថា វា​នឹង​ពុំ​អាច​ឆ្លង​ផុត​ព្រឹទ្ធសភា​ដែល​ក្ដោប​ក្ដាប់​ដោយ​បក្ស​សាធារណរដ្ឋ​ក្ដី​។ ប្រធាន​មតិ​ភាគច្រើន​ព្រឹទ្ធសភា​អាមេរិក លោក Mitch McConnell បានបង្ហាញ​ជំហរ​ថា លោក​នឹងមិន​គាំទ្រ​សេចក្តីព្រាងច្បាប់​ទាំងឡាយណា​ដែល​លើស​២​ទ្រី​លាន​ដុល្លារ​៕ 
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com