អន្តរជាតិ
លោក ត្រាំ ប្រាប់​ពលរដ្ឋ​អាមេរិក​កុំ​ឲ្យ​ខ្លាច​កូ​វីដ​-១៩ ក្រោយ​ចេញពី​ពេទ្យ​វិញ​
06, Oct 2020 , 1:59 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ឈរនៅសេតវិមានអាមេរិក ក្រោយចេញពីពេទ្យវិញ បន្ទាប់ពីសម្រាកព្យាបាលអស់៧២ម៉ោងរួចមក។ រូបភាព AP
ប្រធានាធិបតី ដូណាល់ ត្រាំ ឈរនៅសេតវិមានអាមេរិក ក្រោយចេញពីពេទ្យវិញ បន្ទាប់ពីសម្រាកព្យាបាលអស់៧២ម៉ោងរួចមក។ រូបភាព AP
ដោយ:
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាប់​ឲ្យ​ប្រជាជន​អាមេរិក​កុំ​ភ័យខ្លាច​ជំងឺ​កូ​វីដ​-១៩ ក្រោយ​លោក​វិល​ត្រលប់​ទៅកាន់​សេត​វិមាន​អាមេរិក​វិញ នៅ​ថ្ងៃទី ៥ ខែតុលា​។ លោក​ត្រាំ​បាន​ចេញពី​ពេទ្យ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​ពេល​៧២​ម៉ោង​រួច​។ ពី​សេត​វិមាន លោក ត្រាំ ក៏​ទទូច​ឲ្យ​ពលរដ្ឋ​ខ្លួន​ចេញ​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​នៅ​ខាងក្រៅ តែ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​។​

 
 
«​កុំ​បណ្ដោយ​ឲ្យ​វា​(​កូ​វីដ​-១៩)​គ្របដណ្ដប់​អ្នក​។ កុំ​ភ័យខ្លាច​វា​»​។ លោក ដូ​ណា​ល់ ត្រាំ និយាយ​បែបនេះ​ក្នុង​វីដេអូ​មួយ ភ្លាមៗ​ក្រោយ​លោក​ទៅដល់​សេត​វិមាន​វិញ​។ លោក​សង្កត់ធ្ងន់ថា​៖«​ចេញទៅ​ខាងក្រៅ តែ​ត្រូវ​ប្រុងប្រយ័ត្ន​»​។ 
 
​និយាយ​ទាំង​គ្មាន​ពាក់​ម៉ាស់ ប្រធានាធិបតី បញ្ជាក់ថា លោក​មាន​អារម្មណ៍មិនល្អ នៅពេល​លោក​ត្រូវ​ផ្លាស់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា Walter Reed ព្រោះ​លោក​ត្រូវតែ​ឈរ​នៅ​ជួរមុខ​ដើម្បី​ដឹកនាំ​ប្រទេស​ទោះ​មាន​ហានិភ័យ​និង​គ្រោះថ្នាក់​ក៏ដោយ​ក្តី​។  យ៉ាងណា លោក​អះអាងថា លោក​រៀនសូត្រ​បាន​ពី​ច្រើន​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ឥឡូវ លោក​មាន​សុខភាព​ល្អប្រសើរ ហើយ​ប្រហែល​ជាមាន​ប្រព័ន្ធ​ស៊ាំ​។ ត្រង់នេះ លោក ត្រាំ មិន​និយាយ​ឲ្យ​បាន​ច្បាស់​ឡើយ​។ 
 
​លោក ត្រាំ ដែល​នឹង​ប្រជែង​ជាមួយ​លោក​ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជា​ធិ​តេ​យ្យ ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​៣ ខែវិច្ឆិកា ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​២ ខែតុលា ក្រោយ​ឆ្លង​កូ​វីដ​-១៩​។ ជំងឺ​នេះ​បានសម្លាប់​មនុស្ស​ជាង​១​លាន​នាក់​ហើយ​នៅ​ទូទាំង​ពិភពលោក ហើយ​ជាង​២១​ម៉ឺន​នាក់​នាក់​ក្នុង​សហរដ្ឋអាមេរិក ដែលជា​តួលេខ​ខ្ពស់ជាង​ប្រទេស​ណាៗ​ទាំងអស់​។ 
 
​ប្រាប់​សារព័ត៌មាន​មួយ​នៅ​រដ្ឋ Florida ខណៈ​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ​ដ៏​សំខាន់​មួយ​នេះ លោក បៃ​ឌិន បាន​រិះគន់​លោក ត្រាំ ដែល​និយាយថា ពលរដ្ឋ​អាមេរិក​មិនគួរ​ភ័យខ្លាច​ជំងឺ ឬ​បណ្ដោយ​ឲ្យ​ជំងឺ​គ្របដណ្ដប់​ជីវិត​ពួកគេ​។ លោក​និយាយ​បែប​ឌឺដង​លោក ត្រាំ ថា គួរតែ​ប្រាប់​បែបនេះ​ទៅដល់​មនុស្ស​ទាំង ២០៥ ០០​គ្រួសារ ដែល​បាត់បង់​សមាជិកគ្រួសារ​ពួកគេ​ដោយសារ​កូ​វីដ​-១៩ ។ 
 
​បន្ថែម​ពីនេះ អតីត​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​រិះគន់​លោក ត្រាំ រឿង​ព្រងើយកន្ដើយ​ចំពោះ​សារសំខាន់​នៃ​ការពាក់​ម៉ាស់ ដោយ​លោក​ចាត់ទុក​ម៉ាស់​ទាំងនេះ ជា​របស់​សំខាន់​ក្នុង​ការជួយ​ជីវិត និង​បង្ការ​ការ​រាលដាល​ជំងឺ​។ លោក​បន្តថា នេះ​គឺជា​ក្តីកង្វល់​ដ៏​ធំ​មួយ ហើយ​លោក​សង្ឃឹមថា គ្មាន​ពលរដ្ឋ​អាមេរិក​ណាមួយ​ធ្វើតាម​ទង្វើ​លោក ត្រាំ​។​
 
​នៅ​សេត​វិមាន មនុស្ស​នៅ​ជុំវិញ​លោក ត្រាំ បាន​រកឃើញថា ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជា​បន្តបន្ទាប់​។ នៅ​ថ្ងៃទី ៥ ខែតុលា អ្នកស្រី Kayleigh McEnany រដ្ឋមន្ត្រី​ព័ត៌មាន​អាមេរិក បាន​អះអាងថា អ្នកស្រី​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​កូ​វីដ​-១៩​។ ក្រៅពី​អ្នកស្រី McEnany លោក Chad Gilmartin និង Karoline Leavit ដែល​ធ្វើការ​នៅ​ការិយាល័យ​ព័ត៌មាន​សេត​វិមាន ក៏​តេស្ត​វិជ្ជមាន​ផងដែរ​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូ​វីដ​-១៩
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com