ជាតិ
សង្គមជាតិ
អ្នកគ្រូ​ជីវវិទ្យា កែវ យុ​ទ្ធា​រី​៖ សិស្ស​ត្រូវ​ទន្ទេញមេរៀន អនុវត្ត​លំ​ហាត់ និង ស្វះស្វែង​សួរ​គ្រូ ទើបបាន​និទ្ទេស​ល្អ​
13, Oct 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សល់​ជាង​២​ខែ​ទៀត នឹង​ដល់​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​)​។  អ្នកស្រី កែវ យុ​ទ្ធា​រី ដែលជា​គ្រូ​ជីវវិទ្យា​នៅ​វិទ្យាល័យ​បាក់​ទូក​បាន​ណែនាំ​ឲ្យ​សិស្ស​មើល​មេរៀន និង​អនុវត្ត​លំ​ហាត់​ដែល​បាន​រៀន​ជាមួយ​គ្រូ​នៅតាម​សាលារៀន​ជា​រៀងរាល់ថ្ងៃ​។ រាល់​ចំណុច​ណា​ដែល​សិស្ស​មិនទាន់​យល់ អាច​យកមក​សួរ​គ្រូ​បន្ថែម ទើប​ពួកគេ​មាន​ទុន​ក្នុងការ​ប្រឡង​បាក់​ឌុប​ទទួលបាន​និទ្ទេស​ល្អ​។

 
​សូម​តាមដាន​វីដេអូ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកគ្រូ កែវ យុ​ទ្ធា​រី ផ្នែក​ជីវវិទ្យា​នៅ​វិទ្យាល័យ​បាក់​ទូក​ដូចតទៅ​៖ 

 
​បង្រៀន​ផ្នែក​ជីវវិទ្យា​នៅ​វិទ្យាល័យ​បាក់​ទូក​អស់​រយៈពេល​ជាង​១៨​ឆ្នាំ​មកហើយ អ្នកគ្រូ កែវ យុ​ទ្ធា​រី បាន​ណែនាំ​ឲ្យ​សិស្ស​ដូច្នេះ​ថា​៖«​សិស្ស​ត្រូវយក​មេរៀន​ទាំងអស់​មក​សង្ខេប​។ យើង​ត្រូវយក​វិញ្ញាសា​ដែល​បានចេញ​ប្រឡង​នៅ​ឆ្នាំមុនៗ យកមក​ធ្វើ​ឡើងវិញ​។ កន្លែង​ណា​ដែល​មិនចេះ អាច​យកមក​សួរ​គ្រូ​នៅក្នុង​ថ្នាក់​បាន​។ បើ​សិស្ស​ធ្វើ​ហើយ អត់​ចេះ​ចម្លើយ​ហ្នឹង យើង​អាច​យកមក​សួរ​គ្រូ​ត្រង់​កន្លែង​ឆ្ងល់​បាន​»​។ 
 
​អ្នកគ្រូ កែវ យុ​ទ្ធា​រី បាន​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ទន្ទេញមេរៀន​ជីវវិទ្យា​ឲ្យ​បាន​ច្រើន​។ អ្នកគ្រូ យុ​ទ្ធា​រី មានប្រសាសន៍​ដូច្នេះ​ថា​៖«​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចេញ​សំណួរ​មេរៀន​ច្រើនជាង​លំ​ហាត់​។ អ៊ីចឹង​គ្រប់​ថ្នាក់​ដែល​ខ្ញុំ​ចូល​ត្រឡប់មកវិញ​ហ្នឹង ខ្ញុំ​ជួយ​រំលឹក​រូបមន្ត​ទាំងអស់ ហើយ​ឲ្យ​គាត់​ទន្ទេញមេរៀន និង​មើល​សំណួរ​។ មាន​សំណួរ​នៅក្នុង​វិញ្ញាសា​ខ្លះ​មាន​ចេញ​ប្រឡង​ជាន់​ឆ្នាំ​គ្នា​ដែរ ដោយសារ​សំណួរ​ហ្នឹង​វា​ល្អ​។ អ៊ីចឹង​មានតែ​ឲ្យ​គាត់​ខំប្រឹង​រៀន​ដោយ​ខ្លួនឯង​។ គ្មាន​អ្នកណា​ជួយ​យើង​បានជា​ជាង​យើង​ជួយ​ខ្លួនឯង​ទេ​។ គ្រូ​គ្រាន់តែ​បានបង្ហាញ​កន្លែង​នេះ​ដែល​រៀន​ទៅ ចេញ​ប្រឡង​»​។ 
 
​ពេល​កៀក​ដល់​ថ្ងៃ​ប្រឡង​បាក់​ឌុប អ្នកគ្រូ យុ​ទ្ធា​រី បាន​ដាស់តឿន​ដល់​សិស្ស​ថែទាំ​សុខភាព​ឲ្យ​បានល្អ កុំ​បរិភោគ​អាហារ​ណា​ដែល​ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព និង​ជៀសវាង​កុំ​ដើរ​ទៅណា​ឆ្ងាយ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ហានិភ័យ និង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ 
 
​ខណៈពេលដែល​សិស្សានុសិស្ស​ប្រឡង​បាក់​ឌុប​លើ​មុខវិជ្ជា​ជីវវិទ្យា អ្នកគ្រូ យុ​ទ្ធា​រី បាន​ណែនាំ​ឲ្យ​សិស្ស​ធ្វើ​លំ​ហាត់ និង​សំណួរ​ណា​ដែល​ខ្លួន​ចេះ​ធ្វើ​មុន​។ អ្នកគ្រូ បាន​ប្រាប់​ដូច្នេះ​ថា​៖«​នៅពេលដែល​យើង​ប្រឡង​យើង​កុំ​គិតថា​សំណួរ​ណា​បាន​ពិន្ទុ​ច្រើន​បាន​យើង​ធ្វើ សំណួរ​ណា​ដែល​យើង​ចេះ​យើង​បង់​លេខ ហើយ​ធ្វើ​ភ្លាម​។ ហើយ​កុំ​ចាំ​ធ្វើ​សំណួរ​នេះ​ពិន្ទុ​តិច​ចាំ​ធ្វើ​ក្រោយ បើ​យើង​ចាំ​ធ្វើ​អ៊ីចឹង យើង​អាច​នឹង​ភ្លេច​»៕ 
 
 

Tag:
 បាក់​ឌុប​
 ​សិស្ស​
 ​គ្រូ​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com