COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
កម្មវិធី​ស្បៀងអាហារ​ពិភពលោក អំពាវនាវ​រកលុយ​៦,៨​ពាន់​លាន​ដុល្លារ​ដើម្បី​បញ្ចៀស​ការអត់ឃ្លាន​
15, Oct 2020 , 7:59 pm        
រូបភាព
លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក។ រូបភាព៖ AFP
លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក។ រូបភាព៖ AFP
ដោយ:
កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ត្រូវការ​រៃអង្គាស​ថវិកា ៦,៨​ពាន់​លាន​ដុល្លារ​ក្នុងពេល​៦​ខែ​ខាងមុខ ដើម្បី​បញ្ចៀស​ភាពអត់ឃ្លាន​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។ ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី ១៣ ខែតុលា​។

 
 
​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដែល​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​សប្ដាហ៍​មុន បាន​អះអាងថា មកទល់ពេលនេះ ខ្លួន​រៃអង្គាស​បាន​ប្រាក់​១,៦​ពាន់​លាន​ដុល្លារ​ហើយ​។ លោក David Beasley នាយក​ប្រតិបត្តិ WFP បានបញ្ជាក់​ក្នុង​សន្និសីទ​មួយ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម (FAO) ដូច្នេះ​ថា​៖«​យើង​ត្រូវ​រៃអង្គាស​លុយ​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​ច្បាស់​ថា​យើង​បញ្ចៀស​អំពើ​អត់ឃ្លាន​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Beasley កត់សម្គាល់ថា មនុស្ស​៧​លាន​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​អត់​អាហារ​ក្នុងឆ្នាំនេះ ខណៈ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដែល​អាចធ្វើ​ឲ្យ​តួលេខ​ភាពអត់ឃ្លាន​កើន​ទ្វេដង​ទូទាំង​ពិភពលោក បានសម្លាប់​មនុស្ស​១​លាន​នាក់​។ លោក​សង្កត់ធ្ងន់​ទៀតថា ប្រសិនបើ​ពិភពលោក​មិន​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ដាច់ស្រេច​ទេនោះ អត្រា​អ្នកស្លាប់​ដោយសារ​ភាពអត់ឃ្លាន អាច​កើនឡើង​ចន្លោះ​ពី​៣​ទៅ​៥​ដង​ឯណោះ​។ 
 
​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​រ៉ូម នៃ​ប្រទេស​អ៊ីតាលី អះអាងថា ខ្លួន​ជួយ​មនុស្ស​ប្រមាណ​៩៧​លាន​នាក់​ក្នុងប្រទេស​៨៨ ជា​រៀងរាល់ឆ្នាំ ហើយ​មនុស្ស​ម្នាក់​ក្នុងចំណោម​៩​នាក់ ពុំទាន់​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ឡើយ​។ 
 
​ក្រោយ​ថយចុះ​ជាច្រើន​ទសវត្សរ៍ ភាពអត់ឃ្លាន​ពិភពលោក​បាន​កើនឡើង​ជាថ្មី ចាប់តាំងពី​ឆ្នាំ​២០១៦ ដែល​បង្កឡើង​ដោយ​ជម្លោះ និង​បម្រែបម្រួល​អាកាសធាតុ​។ ត្រង់នេះ លោក Beasley និយាយ​ដូច្នេះ​ថា «​ប្រសិនបើ​អ្នក​គិត​អំពី​ទ្រព្យសម្បត្តិ​លើ​ផែនដី​ថ្ងៃនេះ យើង​ពុំគួរ​មើលឃើញ​កូនក្មេង​ណា​ម្នាក់​អត់​អាហារ ឬ​ស្លាប់​ដោយសារ​អត់ឃ្លាន​ឡើយ​»​។ ។ 
 
​អំឡុង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​បញ្ជូន​បរិក្ខារ​សុខាភិបាល​ទៅកាន់​ប្រទេស​ជាង​១២០ ហើយ​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ដល់​បុគ្គលិក​មនុស្សធម៌​តាម​នាវា​ផងដែរ ជាពិសេស​នៅ​កន្លែង​ដែល​ការហោះហើរ​មិន​ដំណើរការ​៕ 
 
 
 
 
 
 
 
 
 

Tag:
 កម្មវិធី​ស្បៀងអាហារ UN
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com