ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សំណុំរឿង ដែលកកស្ទះទូទាំងប្រទេស ដោះស្រាយបាន៧១ភាគរយហើយ
19, Oct 2020 , 6:00 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ថ្លែងសារក្នុងពិធីសំណេះសំណាល និងបំពាក់អាវផាយ ជូនដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៥ និងជំនាន់ទី៦ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ (រូបពីក្រសួងយុត្តិធម៌)។
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ថ្លែងសារក្នុងពិធីសំណេះសំណាល និងបំពាក់អាវផាយ ជូនដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៥ និងជំនាន់ទី៦ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ (រូបពីក្រសួងយុត្តិធម៌)។
គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ប្រកាសលទ្ធផលការងាររបស់ខ្លួនជាលើកទី២ថា សំណុំរឿងព្រហ្មទណ្ឌ ដែលកកស្ទះនៅដំណាក់កាលទាំង៣ គឺដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និង ដំណាក់កាលជំនុំជម្រះ ត្រូវបានដោះស្រាយចេញជាង២,៧ម៉ឺនសំណុំរឿងហើយ គឺស្មើនឹង៧១ភាគរយ នៃសំណុំរឿងសរុបជិត៤ម៉ឺន ដែលកកស្ទះតាមសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស។



សំណុំរឿងជាង២,៧ម៉ឺន (ជាង២៧៧០០សំណុំរឿង) ដែលត្រូវបានដោះស្រាយចេញនេះ ប្រើពេល១៥០ថ្ងៃ ដោយគិតចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០មក គឺក្រោយគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបានបង្កើតឡើង រហូតដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២០។ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង បន្តកោតសរសើរ ចៅក្រម ព្រះរាជធាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមជំរុញដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ផងដែរ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ដែលដឹកនាំផ្ទាល់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សរសេរដូច្នេះថា៖«គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង...សង្ឃឹមថា តួអង្គពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត សំដៅរួមចំណែកធ្វើឲ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត អាចសម្រេចលទ្ធផលបានតាមផែនការ ដែលបានគ្រោងទុក ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ»។

កាលពីដើមខែកក្កដា ឆ្នាំ២០២៣០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង បានប្រកាសពីលទ្ធផលការងាររបស់ខ្លួនលើកទី១ ដោយដោះស្រាយសំណុំរឿងព្រហ្មទណ្ឌជាង៣,៤ពាន់ ស្មើនឹងប្រមាណ២៧ភាគរយនៃសំណុំរឿងទាំងអស់ ដែលកកស្ទះនៅតាមសាលាដំបូងរាជធានី-ខេត្ត។ ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលការងារ ដែលប្រកាសកាលពីលើកទី១ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង បង្ហាញក្តីរំពឹកទុកថា សាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស នឹងខិតខំដោះស្រាយការកកស្ទះសំណុំរឿង «ឲ្យចប់សព្វគ្រប់» នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ៕

អត្ថបទទាក់ទង
 

Tag:
 ដោះស្រាយសំណុំរឿងកកស្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com