កំណាព្យ
ជាតិ
ពីនេះ ពីនោះ
គ្រួសារសម័យឌីជីថល
24, Oct 2020 , 9:29 am        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:


បទ បថ្យាវត្ត
 
អនឡាញ ប៊ីហ្គោហ៊ោហាក់ហំហាន ភ្លេចគិតរំខានដល់អ្នកនៅក្បែរ
ទាំងប្តីប្រពន្ធកូននិងពុកម៉ែ សង្គមប្រួលប្រែម្យ៉ាងដែរឥឡូវ។
 
មានពេលជុំគ្នាជជែកមិនសូវ កូនជួបម៉ែឪនៅមុខមិនស្តី
ខ្លះស្រែកតែឯងឥតក្រែងគិតអ្វី ជក់លេងហ្គេមថ្មីឥតស្តីនរណា។
 
ម៉ែឪខ្លះខ្លាំងតាំងLive ផឹកស្រា ជល់កែវហ៊ឺហារច្រៀងរាំសម្ញែង
បង្ហាញមិត្តភ័ក្តិឲ្យឃើញជាក់ស្តែង អួតថាផ្ទះឯងផឹកស៊ីមិនខ្វះ។
 
កូនសួរមេរៀនថារវល់ណាស់ ជាប់រាំធុងបាស់បទទើបចេញថ្មី
ច្រៀងមួយបទសិនកូនអើយមិនថ្វី មានមួយបទអីច្រៀងលុះយប់ជ្រៅ។
 
រីកូនគេងលក់នៅក្បែរសៀវភៅ ចាំឪពុកទៅបង្រៀនយូរពេក
គេងលក់ម្នាក់ឯងគួរឲ្យសង្វេគ ល្មមៗកុំពេកគិតកូនខ្លះផង។
 
ម្តាយខ្លះភ្លេចខ្លួនថាមានចំណង ធ្វើរឿងសៅហ្មងឲ្យកូនខ្លួនឯង
ស្លៀកពាក់មិនសមបញ្ចេញសម្ញែង សម្តីស្តីស្តែងឥតបែងត្រូវខុស។
 
ខ្លះស្ទើរអាក្រាតអួតសាច់សក្បុស ស្បើមរឿងLive ផុសអួតខ្លួនគ្រាន់បើ
អួតរឿងមានបានឲ្យគេសរសើរ ភ្លេចគិតថាតើ អួតហើយបានអី?
 
អួតរឿងគ្រួសារជាសិទ្ធិសេរី ស្មេរមិនថាអីសុំត្រឹមរអែង
ក្រែងកូនកាត់តាមតាំងត្រាប់ជាត់ស្តែង ថ្ងៃក្រោយចម្បែងដល់ម៉ែឪវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com