អន្តរជាតិ
អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់ មាន​បទ​ឈប់​បាញ់​ថ្មី​ដែល​ជ្រោមជ្រែង​ដោយ​អាមេរិក
26, Oct 2020 , 10:45 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក និងអាមេនីនាជំនួបនៅទីក្រុងវ៉ាស៊ីនតោន។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក និងអាមេនីនាជំនួបនៅទីក្រុងវ៉ាស៊ីនតោន។ រូបភាព AFP
ដោយ:
​ជិត​១​ខែក្រោយ​ការប្រយុទ្ធ​គ្នា អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់​មនុស្សធម៌ មួយទៀត​នៅ​តំបន់ Nagorno-Karabakh​។ កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​លើក​ទី​២​នេះ សម្រេចបាន​ក្រោម​ការ​ជ្រោមជ្រែង​របស់​អាមេរិក បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ទាំង​២ មាន​ជំនួប​ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ កាលពី​ថ្ងៃទី​២៤ តុលា​កន្លងទៅ​។​

 
​បន្ទាប់ពី​បារាំង និង​រុស្ស៊ី ពេលនេះ​ដល់​វេន​អាមេរិក​ម្តង​ដែលជា​អ្នក​ស្វះស្វែង​រក​បទ​ឈប់​បាញ់​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​។ ការប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ទាំង​២ នៅ​តំបន់ Nagorno-Karabakh រយៈពេល​ជិត​១​ខែ​នេះ ត្រូវបាន​រុស្ស៊ី​អះអាងថា មាន​មនុស្ស​ស្លាប់​ចំនួន​៥​ពាន់​នាក់​។​
 
​បទ​ឈប់​បាញ់​ដែល​ជ្រោមជ្រែង​បាន​ដោយ​អាមេរិក ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៦ ខែតុលា​នេះ​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​អាមេរិក លើកឡើងថា កិច្ចប្រជុំ​ខាងលើ​ចូលរួម​ដោយ​សហប្រធាន​ក្រុម​មីន​ស្កិ៍​នៃ​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) ដែល​រួមមាន​បារាំង រុស្ស៊ី និង​អាមេរិក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​កិច្ចប្រជុំ​នេះ​មាន​សភាព​តឹងតែង​ជុំវិញ​បទ​ឈប់​បាញ់ ក៏ដូចជា​ការចាប់ផ្តើម​ពិភាក្សា​លើ​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ​នៃ​ជម្លោះ​»​។ នេះ​ជាការ​ប្រកាស​ក្រសួងការបរទេស​អាមេរិក​ដែល​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​បទ​ឈប់​បាញ់​ខាងលើ ដោយសារតែ​មានការ​គាំទ្រ​ពី​សំណាក់​រុស្ស៊ី និង​បារាំង​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​បារាំង រុស្ស៊ី និង​អាមេរិក នឹង​ជួបគ្នា​ម្តងទៀត​នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃទី​២៩ តុលា ។​
 
​អា​ស៊ែ​បៃ​ហ្ស​ង់ អះអាងថា ខ្លួន​ស្វាគមន៍​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ខាងលើ និង​ទាមទា​ឲ្យ​អា​មេ​នី​បញ្ឈប់​នូវ​រាល់​សកម្មភាព​យោធា​បង្ករឿង​ទាំងឡាយ និង​ដកទ័ព​ចេញពី​សមរភូមិ​។ អា​ស៊ែ​បៃ​ហ្ស​ង់ ក៏​ឆ្លៀត​ចោទ​អា​មេ​នី​ផងដែរ​ថា ជា​អ្នក​ឈ្លានពាន​ចូល​ទឹកដី​ខ្លួន និង វាយប្រហារ​លើ​ជន​ស៊ីវិល​។ នេះ​ជាការ​លើកឡើង​របស់លោក Elin Suleymanov ឯកអគ្គរដ្ឋទូត​អា​ស៊ែ​បៃ​ហ្ស​ង់​ប្រចាំ​អាមេរិក​។​
 
​ចំណែក​ប្រធានាធិបតី​អា​មេ​នី លោក Armen Sarkissian ចោទ​អា​ស៊ែ​បៃ​ហ្ស​ង់​ថា ក្បាលរឹង និង​មាន​ចរិត​បំផ្លិចបំផ្លាញ​។ លោក Sarkissian ទាមទារ​ផងដែរ​ឲ្យ​មហាអំណាច​ចូលរួម​ក្នុង​បទ​ឈប់​បាញ់​នេះ និង​ឆ្លៀត​ស​សើរ​រុស្ស៊ី​ថា ជា​អ្នកសម្របសម្រួល​ដ៏​សកម្ម និង​គួរ​ឲ្យ​ទុកចិត្ត​។​
 
​ក្នុងការ​ប្រយុទ្ធ​គ្នា​ជាង​១​ខែ​នេះ ប្រទេស​ទាំង​២​សុទ្ធសឹង​តែមាន​មហាអំណាច​តំបន់​ជាទី​បង្អែ​ករៀងៗ​ខ្លួន​។ អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ព្រមាន​អា​មេ​នីថា​វា​ជា​រឿង​គ្រោះថ្នាក់ ដែល​អា​មេ​នី​ចង់បាន​ការគាំទ្រ​យោធា​ពី​រុស្ស៊ី និង​សង្កត់ធ្ងន់ថា ភាគី​ទី​បី មិនគួរ​ចូលមក​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះឡើយ​។ ចំណែក​ប្រមុខ​ការបរទេស​អាម​រិ​កលោក​ប៉ុ​ម​ប៉េ​អូ ចោទ​តួ​ក​គី​ថា ជា​អ្នក​នាំ​ឲ្យ​មាន​ជម្លោះ​ដោយ​ផ្តល់​អាវុធ​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​។​
 
​បទ​ឈប់​បាញ់​ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៦ តុលា​នេះ មិនមែនជា​បទ​ឈប់​បាញ់​ដំបូង​ឡើយ​។ មែនទែនទៅ​កាលពី​ដែ​ម​ខែតុលា បារាំង និង​រុស្ស៊ី​ស្វះស្វែង​ច​ចារ​ជាមួយ​ប្រទេស​ទាំងពីរ និង​សម្រេចបាន​បទ​ឈប់​បាញ់​មួយ​កាលពី​ថ្ងៃទី​៩ តុលា​។ បទ​ឈប់​បាញ់​នោះ​ត្រូវ​រលាយ​សូន្យ​ទៅវិញ ក្រោយ​មានការ​ប្រយុទ្ធ​គ្នា​ជា​ថ្មៅ ដោយ​ភាគី​ទាំងសងខាង​ចោទ​គ្នា​ទៅវិញទៅមក​ថា ជា​អ្នករំលោភ​បទ​ឈប់​បាញ់​៕
 
 
 
 

Tag:
 អា​មេ​នី​
  អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com