រដ្ឋមន្ត្រី​អប់រំ​៖ ទោះបី​វិបត្តិ​កូ​វីដ​-១៩ ក៏​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នៅតែ​រឹតបន្តឹង
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ​៖ ទោះបី​វិបត្តិ​កូ​វីដ​-១៩ ក៏​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នៅតែ​រឹតបន្តឹង
27, Oct 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាងថា ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំនេះ នៅតែ​តឹងរឹង ដោយ​គ្មាន​កា​រប​ន្ថូ​រ​បន្ថយ​លើ​វិញ្ញាសា​ប្រឡង​ឡើយ បើទោះបី​វិបត្តិ​កូ​វីដ​-១៩ កំពុង​អូស​បន្លាយពេល​ក្តី​។ ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខ​។​

 
​សូម​តាមដាន​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង និង​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ដូចខាងក្រោម​៖

 
​ក្រសួង​អប់រំ រៀបចំ​ការប្រឡង​បាក់​ឌុប​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព ដោយ​លទ្ធផល​អាច​ទទួល​យក និង​គោលការណ៍​រឹតបន្តឹង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដែល​បន្ថែមថា ការ​រឹតបន្តឹង​ការប្រឡង​នេះ គឺ​ចង់​ឲ្យ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​។​
 
​លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​នៅតែ​បន្ត​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​តាម​ស្តង់ដា​ដែលមាន​ពីមុន​។ មិនមែន​មានន័យថា ឆ្នាំ​កូ​វីដ​-១៩ នេះ​យើង​ប្រឡង​ឲ្យ​ធូរ​ជាង​ឆ្នាំមុន​ទេ ដែល​យើង​មាន​គោលដៅ​ថា ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​សិស្ស​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​មានចំណេះ​វិជ្ជា មាន​បំ​និ​ន​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សេដ្ឋកិច្ច​របស់​យើង​។ ការប្រឡង​គឺ​យើង​រៀបចំ​យុទ្ធនាការ​ដដែល​ទាំងអស់​»​។  
 
​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន ដំណើរការ​ប្រឡង​បាក់​ឌុប​នឹង​ប្រព្រឹត្ត​ទៅតាម​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ ដោយ​កំណត់​ឲ្យ​មាន​បេក្ខជន​ប្រឡង​មិន​ឲ្យ​លើសពី​២៥​នាក់​ក្នុង​មួយ​បន្ទប់​។ មុន​ចូល​មណ្ឌល​ប្រឡង​តម្រូវ​ឲ្យ​សិស្សានុសិស្ស វាស់​កំដៅ ពាក់​ម៉ាស់ និង​លាងដៃ​ជាមួយ​ទឹក​អាល់​កល់ ឬ​សាប៊ូ ពេល​ចូល​បន្ទប់​ប្រឡង ដើម្បី​ធានា​សុវត្ថិភាព និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ មានប្រសាសន៍ថា​៖«​ក្រសួង​អប់រំ​នឹង​ទិញ​សម្ភារ​ការពារ ដូចជា​ម៉ាស់ សាប៊ូ​លាងដៃ និង​អាល់កុល សម្រាប់​ដាក់​នៅតាម​មណ្ឌល​ប្រឡង​។ ប៉ុន្តែ​សិស្ស​ខ្លួនឯង​ក៏ត្រូវ​យក​ម៉ាស់​ខ្លួនឯង​ទៅ​ផងដែរ ដើម្បី​ការពារ​ជំងឺឆ្លង​»​។ 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​ចំនួន​ជាង​១១​ម៉ឺន​នាក់ ដែលជា​តួលេខ​កើនឡើង​ជាង​ឆ្នាំមុន​ផងដែរ  ដោយសារតែ​ឆ្នាំនេះ​មាន​បេក្ខជនស្វៃរិន​ចូលរួម​ប្រឡង​ច្រើន​។ 
 
​បើតាម​លោក ណា​រ៉ុ​ន ក្រសួង​អប់រំ​នឹង​បន្ត​សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​រៀបចំ​ប្រឡង​បាក់​ឌុប​ឲ្យ​កាន់តែ​ល្អប្រសើរ និង​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការរៀបចំ​ការបង្រៀន​បន្ថែម​ទៅ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​នៅ​គ្រប់​បណ្តា​ខេត្ត​ផងដែរ​។ 
 
​លោក​រដ្ឋមន្ត្រី​អប់រំ​បាន​ណែនាំ​ឲ្យ​សិស្សានុសិស្ស​ប្រឹងប្រែង​រៀន​រហូតដល់​ថ្ងៃ​ប្រឡង​បាក់​ឌុប និង​ណែនាំ​ឲ្យ​គ្រូ​ខិតខំ​បង្រៀន​បន្ថែម​ដល់​សិស្ស​ដោយ​យកចិត្តទុកដាក់​។ លោក​ផ្តល់​ការណែនាំ​ដល់​សិស្ស​ដូច្នេះ​ថា​៖«​សូម​ឲ្យ​សិស្ស​ចូលរៀន​ជាមួយនឹង​គ្រូ​ស្ម័គ្រចិត្ត​ដែល​រៀបចំឡើង​ដោ​យស​.​ស​.​យ​.​ក​. ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ត្រៀមលក្ខណៈ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​»​។ 
 
​សូម​រម្លឹកថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​កន្លងទៅ មាន​បេក្ខជន​ប្រឡង​ចំនួន​១១៥៥២០៦​នាក់ ដែល​ប្រឡង​ជាប់​ជិត​៨​ម៉ឺន​នាក់ ស្មើនឹង​ជាង​៦៨​ភាគរយ​។ ក្នុងនោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​៤៤៣​នាក់​, និទ្ទេស​B មាន​ចំនួន​២៤៣០​នាក់​, និទ្ទេស​C មាន​ចំនួន​៥៨៤៧​នាក់​។ ឯ​និទ្ទេស​D មាន​ចំនួន​១៤១០០​នាក់ និង​និទ្ទេស​E មាន​ចំនួន​៥៦២៣២​នាក់​៕ 
 
 
 
 

Tag:
 បាក់​ឌុប​
 ​សិស្ស​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com