កីឡាអន្តរជាតិ
អន្តរជាតិ
Giggs បដិសេធ​បទ​ចោទ​ប្រើ​ហិង្សា​លើ​មិត្តស្រី ក្រោយ​ត្រូវ​ចាប់ខ្លួន​
03, Nov 2020 , 5:54 pm        
រូបភាព
Ryan Giggs វីរបុរស Manchester United បដិសេធ​ការចោទប្រកាន់​ខ្លួន​ក្រោម​បទ​ចោទ​បៀតបៀន​មិត្តស្រី បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​។​


 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វែ​លិ៍ វ័យ​៤៦​ឆ្នាំ​រូបនេះ ត្រូវបាន​សារព័ត៌​មាននៅ​អង់គ្លេស​ជាច្រើន​ផ្សាយ​ថា​ប៉ូលិស​ចាប់ខ្លួន​ពីបទ​សង្ស័យ​ប្រើ​អំពើហិង្សា​លើ​មិត្តស្រី​នាង Kate Greville នៅឯ​ភូមិ​គ្រិះ​តម្លៃ ២,២០ លាន​ដុល្លារ​របស់ខ្លួន នា​ក្រុង Salford ចក្រភព​អង់គ្លេស​។​
 
​យ៉ាងណាក៏ដោយ នៅក្រោយ​ការចាប់ខ្លួន​នេះ តំណាង​របស់ Giggs បាន​បដិសេធ​រាល់​ការចោទប្រកាន់​ពី​ការប្រើ​ហិង្សា ខណៈ​ករណីនេះ​ត្រូវ​ស្ថិតក្នុង​ការស៊ើបអង្កេត​របស់​មន្ត្រីប៉ូលិស​។​
 
​មន្ត្រីប៉ូលិស​ត្រូវបាន​ហៅ​ឲ្យ​ទៅផ្ទះ​របស់ Giggs នៅ​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃអាទិត្យ​ទី​១ ខែវិច្ឆិកា ដោយ​មានការ​អះអាងថា មាន​ករណី​ចាប់បង្ខំ និង​ហិង្សា​កើតឡើង​។ មាន​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​រងរបួស​ស្រាល ខណៈដែល​វីរបុរស​ក្រុម​បិសាច​ក្រហម ត្រូវ​ចាប់ខ្លួន​ដោយ​សង្ស័យថា​បាន​បង្ក​ក្នុងករណីនេះ​។​
 
​ដោយសារតែ​ករណីនេះ​កើតឡើង សហព័ន្ធ​កីឡាបាល់ទាត់​វែ​លិ៍ (FAW) ត្រូវ​បង្ខំ​លុបចោល​សន្និសីទកាសែត​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៣ ខែ​វិ​ច្ឆ​កា​នេះ ខណៈ Giggs គ្រោង​នឹង​ប្រកាស​សមាសភាព​កីឡាករ​របស់​ជម្រើស​វែ​លិ៍​សម្រាប់​ការប្រកួត​អន្តរជាតិ​នាពេលខាងមុខ​៕
 
 

Tag:
 Ryan Giggs
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com