ជាតិ
លោកស្រី ភឿង ស​កុ​ណា​៖«​មហោស្រព​ភាពយន្ត​ជប៉ុន ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​កម្ពុជា​-​ជប៉ុន​»
08, Nov 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០២០ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា មហោស្រព​នេះ​បាន​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​កម្ពុជា​-​ជប៉ុន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ លោកស្រី​ក៏បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ ក្នុង​ការរៀបចំ​មហោស្រព​នេះ​ផងដែរ​។​



​ឆ្លៀត​រំឭក​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​ជប៉ុន ដែល​បានចាប់ផ្ដើម​ក្នុង​ឆ្នាំ​១៩៥៣ ដែល​គិត​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល​៦៧​ឆ្នាំ លោកស្រី ភឿង ស​កុ​ណា ថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ជប៉ុន បាន​រីកចម្រើន​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ លើ​វិស័យសេដ្ឋកិច្ច សិល្បៈ​វប្បធម៌ និង​ទេសចរណ៍ ដែលមាន​ភាពលេច​ធ្លោ​គួរកត់សម្គាល់​។​


 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ដដែល ក៏បាន​លើកឡើង​ដែរ​ថា មហោស្រព​ជប៉ុន​បានរួម​ចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ ស្ដីពី​វិស័យ​វប្បធម៌​របស់​កម្ពុជា តាមរយៈ​ការជំរុញ​កម្ពុជា ជា​ដែនដី​នៃ​ការថត​ភាពយន្ត​បរទេស​។ រាល់​មហោស្រព​ភាពយន្ត​ជប៉ុន ក្រុម​ផលិតករ​ភាពយន្ត​ជប៉ុន​តែង​បានមក​ចូលរួម ដែលជា​ឱកាស​ឱ្យ​ជប៉ុន​ស្គាល់​ពី​កម្ពុជា និង​ជំរុញឱ្យមាន​ការថត​ភាពយន្ត​នៅ​កម្ពុជា ទាំង​ភាពយន្ត​ឯកសារ និង​ភាពយន្ត​ផ្សេងទៀត​កាន់តែ​សម្បូរបែប​។ បង្កើត​ឱកាស​សម្រាប់​បណ្ដុះ​ផ្នត់គំនិត​ឱ្យ​យុវជន​កម្ពុជា​ស្រឡាញ់​ចូលចិត្ត និង​ចូលរួម​សកម្មភាព​ក្នុង​វិស័យ​ភាពយន្ត កាន់តែ​ច្រើនឡើង​។​
 
​លោកស្រី ភឿង ស​កុ​ណា បញ្ជាក់បន្ថែម​៖«​ជាក់ស្ដែង​មាន​ក្រុមយុវជន​ចូលរួម​ប្រឡង​ភាពយន្ត​ខ្នាត​ខ្លី តាម​កម្មវិធី​ផ្សេងៗ​ជាច្រើន ហើយ​ក្នុងចំណោម​នោះ​ក៏មាន​អ្នកខ្លះ​បានក្លាយ​ជា​ផលិតករ​ភាពយន្ត ដោយមាន​ចំនួន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ភាពយន្ត​ជប៉ុន​មាន​លក្ខណៈ​អប់រំ​ជ្រាលជ្រៅ ជាពិសេស​ផ្នែក​ភាពយន្ត​បែប​មនោសញ្ចេតនា ដែលមាន​គុណភាព​ខ្ពស់ តែ​តម្លៃ​ផលិត​ទាប ដែលជា​បទពិសោធ​មួយ​ស្របតាម​ស្ថានភាព ភាពយន្ត​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​»​។​
 
​មហោស្រព​ភាពយន្ត​ជប៉ុន​ក្នុង​ឆ្នាំ​២០២០​នេះ ត្រូវបាន​ប្រព្រឹត្ត​ទៅតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ 
 
​ភាពយន្ត​១៣​រឿង ក្នុង​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០២០​នេះ ត្រូវបាន​សម្រិតសម្រាំង រឿង​បែប​មនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល វាយប្រហារ និង​កំប្លែង​ជាដើម​។ ភាពយន្ត​ទាំងនេះ ឆ្លុះបញ្ចាំង​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន ហើយ​មហោស្រព​នេះ ក៏​ផ្ដល់ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកទស្សនា អាច​ស្គាល់​ប្រទេស​និង​ប្រជាជន​ជប៉ុន​ផងដែរ​។​
 
 
​សម្រាប់​តារាង​កាលបរិច្ឆេទ នៃ​ការចាក់​បញ្ចាំង មាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មហោស្រព​ភាពយន្ត​ជប៉ុន​៖ ( https://www.fb.com/3669525819736535/ )​។​
 
 
 

Tag:
 សិល្បៈ​
  ភាពយន្ត​
 ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com