កីឡាអន្តរជាតិ
អន្តរជាតិ
Mascot ដែល Arsenal ផ្អាក​ការងារ នឹង​ត្រឡប់​ទៅ​ទីលាន​វិញ ក្រោយ Ozil ធានា​ប្រាក់ខែ​
11, Nov 2020 , 9:29 pm        
រូបភាព
តុក្កតា Mascot Gunnersaurus ដែល​ត្រូវ​ក្លិប Arsenal បញ្ឈប់​ពី​ការងារ​កាលពី​ខែ​មុន នឹង​ត្រឡប់​ទៅកាន់​ទីលាន​វិញ ក្រោយ Mesut Ozil ប្រកាស​ធានា​ផ្តល់​ប្រាក់ខែ​ឲ្យ​។​


​លោក Jerry Quy ដែលជា​អ្នក​ពាក់ Mascot អំឡុងពេល​ប្រកួត​របស់​កាំភ្លើង​ធំ​នៅ​កីឡដ្ឋាន Emirates អស់​រយៈពេល ២៧ ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ក្លិប​មាន​មូលដ្ឋាន​ក្រុង​ឡុង​ដ៍​បញ្ចប់​ពី​ការងារ​កាលពី​ខែតុលា ក្នុងចំណោម​ការងារ​ចំនួន​៥៥ ដើម្បី​បន្ថយ​ការចំណាយ ដែល​បណ្តាលមកពី​ជំងឺ COVID-19​។​
 
​ការបញ្ឈប់​ការងារ​របស់លោក Quy បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ Arsenal បង្ហាញ​ការមិន​ពេញចិត្ត​តាមរយៈ​បណ្តាញ​សង្គម ខណៈ​ក្លិប​អះអាងថា Mascot នឹង​ត្រឡប់មកវិញ​នៅពេល​មានការ​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​វិញ​។​
 
​យ៉ាងណាក៏ដោយ បន្ទាប់​មានការ​រ៉ាប់រង​លើ​ប្រាក់ខែ​របស់លោក Quy ពី​សំណាក់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ Ozil តុក្កតា Mascot Gunnersaurus នឹង​ត្រឡប់​ចូល​ទីលាន​វិញ ក្រោយ​អវត្តមាន​រយៈពេល​មួយខែ​។ 
 
​អ្នកគាំទ្រ​សង្ឃឹមថា Mascot នឹង​បង្ហាញខ្លួន​សារជាថ្មី​នៅពេល Arsenal ទទួលភ្ញៀវ Wolverhampton Wanderers ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ អ្នកគាំទ្រ​ក៏​រំពឹង​ដែរ​ថា Mascot នឹងធ្វើ​ឲ្យ​ក្រុម​លោក Mikel Arteta លេង​ក្នុង​ដី​ប្រសើរ​ឡើងវិញ បន្ទាប់ពី​ក្រុម​ប្រកួត​ចាញ់ Leicester City ១-០ និង Aston Villa ៣-០ រួចមកហើយ​នោះ​។​
 
​ស្របពេល​នេះដែរ Gunnersaurus បាន​បង្ហោះ​រូបភាព​របស់ខ្លួន ដោយ​អះអាងថា​រូបគេ​នឹង​ត្រឡប់​ទៅ​កីឡដ្ឋាន Emirates វិញ​ឆាប់ៗ​នេះ​៕

Tag:
 
 Arsenal
  Mesut Ozil
  Mascot Gunnersaurus
© រក្សាសិទ្ធិដោយ thmeythmey.com