ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប នឹង​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខ​
ជាតិ
សង្គមជាតិ
ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប នឹង​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខ​
16, Nov 2020 , 2:41 pm        
រូបភាព
រូបភាព ពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព ពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូច​-​ធំ​ចំនួន​៣៨​ខ្សែ នៅក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣០​វិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​សម្តេច ហ៊ុន សែន ជា​អធិបតីភាព​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹង​ធ្វើឡើង​ប្រកបដោយ​ភាពបត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ដោយ​ផ្ដោត​សំខាន់​លើ​គុណភាព ប្រសិទ្ធភាព ជាមួយនឹង​ការបញ្ចប់​ការសាងសង់​នេះ ឱ្យបាន​ទាន់ពេលវេលា​តាម​ការគ្រោងទុក​នៅ​ចុងឆ្នាំ​២០២១​។

 
អត្ថបទទាក់ទង
 
​បើតាម​ប្រសាសន៍​របស់លោក​ស៊ុន ចាន់ថុល ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​គម្រោងការ​សាងសង់​ផ្លូវ​ក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​១៥​វិច្ឆិកា​ម្សិលមិញ ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹង​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន ចំនួន​ប្រាំមួយ​ដោយ​បែង​ចែ​គ្នា​ធ្វើជា​កំណាត់ៗ​។ លោក​បាន​បញ្ជាក់ថា ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​របស់​ក្រុមហ៊ុន​ទាំង​៦​នោះ គឺ​នឹងមាន​ក្រុមការងារ​ជំនាញ​ក្រសួង​សាធារណការ​នឹង​ចុះ​ពិនិត្យ​តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងនេះ ដើម្បីឱ្យ​សាងសង់​ផ្លូវ​នីមួយៗ អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ​បច្ចេកទេស ដោយ​ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ និង​ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​។ 
 
​ក្រុម​អង្គភាព​បច្ចេកទេស​ដែល​ទទួលបន្ទុក​ពិនិត្យ​ការងារ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​មាន​៖  កងវិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប​, កងវិស្វកម្ម​១០៨, នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ​, នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវ​, អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។ 


លោក ស៊ុន ចាន់ថុល  រដ្ឋ​មន្ត្រីសាធារណការ កំពុងពិនិត្យផែនទីគម្រោងនៃការសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្នុងសៀមរាប។ រូបថត៖ ក្រសួងសាធារការ។​ 

​សម្រាប់​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល ដោយ​បន្ត​រៀបរាប់​នៃ​ការ​បែក​ចែក​ប្រភេទ​ផ្លូវ​ទាំង​បួន​ប្រភេទ​នោះ​ថា ប្រភេទ​ផ្លូវ​ទីមួយ​៖ គឺ​ចាក់​បេតុង​កម្រាស់​២៥​សង់ទីម៉ែត្រ​។ ដូចជា​ផ្លូវ​វាង​ក្រុង ដោយមាន​កន្លែង​ខ្លះ​ចាក់​បេតុង ប៉ុន្តែ​មិន​អ៊ុត​បេតុង​កៅស៊ូ​(AC)​ពីលើ​ទេ​។  ប្រភេទ​ទី​ពីរ​៖ ចាក់​បេតុង​កម្រាស់​២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​ចាក់​កម្រាស់ ៧​សង់ទីម៉ែត្រ ដោយយោង​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រាណ៍ និង​ការដឹកជញ្ជូន​។ ប្រភេទ​ទី​បី​៖ គឺ​ការជួសជុល​គ្រឹះ មិនចាំបាច់​ចាក់​បេតុង​ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែម្ដង និង​ប្រភេទ​ទី​បួន គឺ​អ៊ុត​កៅស៊ូ​បេតុង​កម្រាស់​១៥​សង់ទីម៉ែត្រ ពីលើ​តែម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ នៅមាន​ភាពរឹងមាំ​ស្រាប់​ទៅហើយ​។​
 
​មុននឹង​ឈានដល់​ការបើក​ដា្ឋ​ន​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប នាពេល​ឆាប់ៗ​ខាងមុខនេះ លោក  ស៊ុន ចាន់ថុល ក៏​ធ្លាប់​ព្រមាន​ដល់​ក្រុមហ៊ុន​ទាំង​៦​ដែល​ទទួលបន្ទុក​សាង់​សង​ផ្លូវ​ទាំងនេះ ដូច្នេះ​៖« បើ​អង្គភាព​ណា ធ្វើ​ផ្លូវ​ទាំងនោះ មិនត្រូវ​តាម​បច្ចេកទេស និង​ស្តង់ដារ​ទេ គឺ​ក្រសួង មិន​ទូទាត់​ប្រាក់​ឱ្យ ឡើយ​»​។​
 
​កាលពី​ថ្ងៃទី​៤​កញ្ញា ឆ្នាំ​២០២០  រាជរដ្ឋាភិបាល​បានអនុម័ត​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទីក្រុង​សៀមរាប ដែលមាន​តម្លៃ​១៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ 
 
 

Tag:
 ផ្លូវ​៣៨​ខ្សែ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com