ដំណើរ​ទស្សនកិច្ច​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទៅ​តៃវ៉ាន់ ត្រូវ​លើក​ពេល​វិញ
អន្តរជាតិ
ដំណើរ​ទស្សនកិច្ច​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទៅ​តៃវ៉ាន់ ត្រូវ​លើក​ពេល​វិញ
25, Nov 2020 , 7:29 pm        
រូបភាព
លោក Andrew Wheeler ប្រធានទីភ្នាក់ការពារបរិស្ថានអាមេរិក។ រូបភាព AFP
លោក Andrew Wheeler ប្រធានទីភ្នាក់ការពារបរិស្ថានអាមេរិក។ រូបភាព AFP
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Andrew Wheeler ប្រធាន​ទីភ្នាក់ងារ​ការ​ពារ​បរិស្ថាន​អាមេរិក ទៅកាន់​តៃវ៉ាន់ ត្រូវបាន​លើក​ពេល​វិញ ព្រោះ​លោក Wheeler មាន​ការងារ​ក្នុងស្រុក​ច្រើន​។ តៃវ៉ាន់ បង្ហាញ​ការសោកស្ដាយ​ចំពោះ​ការលើក​ពេលនេះ តែ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​នៅពេល​ក្រោយៗ​។ ការផ្អាក​ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹងធ្វើ​ឲ្យ​ចិន​ត្រជាក់ចិត្ត​វិញ​ដែរ​។​

 
​លោក Andrew Wheeler ប្រធាន​ទីភ្នាក់ងារ​ការ​ពារ​បរិស្ថាន​អាមេរិក ដែលជា​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​អាមេរិក​ដែរនោះ គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៥ ខែធ្នូ ដែល​នឹងធ្វើ​ឲ្យ​លោក​ក្លាយជា​មន្ត្រី​អាមេរិក​ទី​បី​ជាន់​ទឹកដី​តៃវ៉ាន់​តាំងពី​ខែសីហា​មក​។ ចិន​ប្រកាស​ជំហរ​ជំទាស់​ខ្លាំង​នឹង​ទស្សនកិច្ច​នេះ ក្រោយ​តៃវ៉ាន់​ប្រកាស​គម្រោង​រួចមក​។​
 
 
​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ទីភ្នាក់ងារ​ការពារ​ប​រិ​ស្ថាន​អាមេរិក ប្រកាស​ពី​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក Wheeler ។ បើតាម​អ្នកនាំពាក្យ​ទីភ្នាក់ងារ​នេះ លោក James Hewitt ដោយសារ​ការងារ​អាទិ​ភាព​ក្នុងស្រុក​ច្រើន ដំណើរ​ទស្សនកិច្ច​លោក Wheeler ទៅកាន់​តៃវ៉ាន់ ត្រូវបាន​ពន្យារពេល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្រសួងការបរទេស​តៃវ៉ាន់​ឯណោះ និយាយថា វា​ជា​រឿង​សោកស្ដាយ​ដែល​ដំណើរ​ទស្សនកិច្ច​នេះ មិនអាច​ធ្វើបាន​តាម​កា​រ​គ្រោងទុក ប៉ុន្តែ​តៃវ៉ាន់​នៅតែ​បើកចំហ​ដល់​ទស្សនកិច្ច​កម្រិត​ខ្ពស់​នៅ​ថ្ងៃក្រោយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់ លើកឡើងថា តៃវ៉ាន់ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្នែក​បរិស្ថាន​ជាមួយ​រដ្ឋបាល​ថ្មី​របស់លោក ចូ បៃ​ឌិន មកពី​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​ណាមួយ​ជាថ្មី​។​
 
​ច្បាស់​ណាស់​ថា ការលើក​ពេល​ដំណើរ​ទស្សនកិច្ច​លើក​នេះ នឹងធ្វើ​ឲ្យ​ចិន​លែង​ក្ដៅស្លឹកត្រចៀក​បន្តិច ក្រោយ​ឆេះដុំ​ខ្លាំង​លើ​ដំណើរ​ទស្ស​កិច្ច​ពីរលើក​មុន​របស់​រដ្ឋមន្ត្រី​សុខាភិបាល Alex Azar និង​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស Keith Krach ។   
 
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​តៃវ៉ាន់ ពិសេស​ការអនុញ្ញាត​ឲ្យ​លក់​អាវុធ​តម្លៃ​រាប់រយ​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​។ ជារឿយៗ ទីក្រុង​ប៉េកាំង​ប្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ដែល​ប្រៀបដូចជា​ការផ្ដល់​ក្ដី​ស្រមៃ​មិនអាច​សម្រេចបាន​ឲ្យ​តៃវ៉ាន់​ដូច្នោះ​ដែរ​៕
 

Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com