អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកស្រី Janet Yellen ស្ត្រី​ដំបូង​ដែល​នឹង​ដឹកនាំ​ក្រសួង​រតនាគារ​អាមេរិក​
01, Dec 2020 , 2:58 pm        
រូបភាព
អ្នកស្រី Janet Yellen ស្រ្តីដំបូងដែលនឹងដឹកនាំក្រសួងរតនាគារអាមេរិក ។ រូបភាព៖ AFP
អ្នកស្រី Janet Yellen ស្រ្តីដំបូងដែលនឹងដឹកនាំក្រសួងរតនាគារអាមេរិក ។ រូបភាព៖ AFP
ដោយ:
​ដូច​ការរំពឹងទុក​មែ​ន អ្នកស្រី Janet Yellen ត្រូវ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន ជ្រើសរើស​ជា​បេក្ខភាព​រដ្ឋមន្ត្រី​រតនាគារ ហើយ​អ្នកស្រី​ក៏​ក្លាយជា​ស្ត្រី​ទីមួយ​ដែរ​ដែល​នឹង​គ្រង​តំណែង​កំពូល​នេះ​។ លោក បៃ​ឌិន ក៏​ដាក់​បន្ថែម​ស្ត្រី​៣​នាក់​ទៀត និង​បុរស​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ទៅក្នុង​ក្រុមការងារ​សេដ្ឋកិច្ច​ដ៏​ចម្រុះ ក៏ដូចជា​ប្រកាស​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​លោក ដែល​សុទ្ធតែជា​ស្ត្រី​ផងដែរ​។

 
​លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បានប្រកាស​តែងតាំង​អ្នកស្រី Janet Yellen ឡើងជា​បេក្ខភាព​សម្រាប់​តំណែង​រដ្ឋមន្ត្រី​រតនាគា​រ​អាមេរិក​។  ស្ត្រី​វ័យ​៧៤​ឆ្នាំ​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​រូបនេះ ធ្លាប់​ធ្វើជា​ប្រធាន​ធនាគារកណ្ដាល​អាមេរិក​ពី​ឆ្នាំ​២០១៤-១៨  ហើយក៏​ធ្លាប់​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​ក្រោម​អាណត្តិ​ប្រធានាធិបតី Bill Clinton ផងដែរ​។ 
 
 
​ប្រសិនបើ​ត្រូវអនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក អ្នកស្រី Yellen នឹង​ក្លាយជា​ស្ត្រី​ដំបូង​ដែល​គ្រង​តំណែង​រដ្ឋមន្ត្រី​រតនាគា​រ​អាមេរិក ក្រោយ​ក៏​ធ្លាប់​បំបែក​កំណត់ត្រា​ស្រដៀង​នេះ​ម្ដង​ហើយ ក្នុងនាម​ជា​ស្ត្រី​ទីមួយ​ដែល​កាន់តំណែង​ជា​ប្រធាន​ធនាគារកណ្ដាល​អាមេរិក​នោះ​។ 
 
​លើ​បណ្ដាញ​សង្គម Twitter ក្រោយ​លោក បៃ​ឌិន ប្រកាស​ការតែងតាំង​នេះ អ្នកស្រី Yellen បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​សហរដ្ឋ​អាម​រិ​ក​កំពុង​ជួបប្រទះ​។ អ្នកស្រី​សរសេរ​ដូច្នេះ​ថា ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច អនាគត​រដ្ឋបាល​លោក បៃ​ឌិន ត្រូវតែ​ស្ដារ​អ្វីដែល​ហៅថា «​ក្តី​សុបិន​អាមេរិក (American Dream)»​។ 
 
​សម្រាប់​អ្នកស្រី «​ក្តី​សុបិន​អាមេរិក​» សំដៅលើ​សង្គម​មួយ​ដែល​មនុស្ស​រាល់គ្នា​អាច​ងើបឡើង​ដើម្បី​សម្រេច​សក្ដានុពល​និង​ក្តី​សុបិន​ពួកគេ មិន​ត្រឹម​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​កូនៗ​ពួកគេ​ផងដែរ​។ «​ក្នុងនាម​ជា​រដ្ឋមន្ត្រី​រតនាគារ ខ្ញុំ​នឹងធ្វើ​ការ​រាល់ថ្ងៃ ឆ្ពោះទៅរក​ការកសាង​ក្តី​សុបិន​នេះ​សម្រាប់​មនុស្ស​គ្រប់រូប​»​។ អ្នកស្រី​សង្កត់ធ្ងន់​បែបនេះ​។ 
 
​និយាយ​ពី​ប្រវត្តិ​ការងារ​វិញ បណ្ឌិត​សេដ្ឋកិច្ច​មកពី​សកលវិទ្យា​ល័យ Yale រូបនេះ ទទួល​ការកោតសរសើរ​ចំពោះ​ការជួយជ្រោមជ្រែង​ក្នុង​ដំណើរការ​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៧​។ ក្នុងឋានៈ​ជា​ប្រធាន​ធនាគារកណ្ដាល​អាមេរិក​មួយ​អាណត្តិ​ពេញ អ្នកស្រី​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​គោលនយោបាយ​ធនាគារ​នេះ ទៅលើ​កម្មករ​អាមេរិក ក៏ដូចជា​ការបង់​ខាត​នៃ​កំណើន​ភាពមិន​ស្មើគ្នា​របស់​អាមេរិក​។ 
 
​ចាប់តាំងពី​ចាកចេញ​ពី​តំណែង​ប្រធាន​ធនាគារកណ្ដាល​អាមេរិក  អ្នកស្រី Yellen បាន​រិះគន់​ខ្លាំងៗ​ពាក់ព័ន្ធ​នឹង​ភាព​អសកម្ម​ភាព​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ក៏ដូចជា​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បង្កើន​កញ្ចប់​ថវិកា​ជំនួយ​ដើម្បី​ការពារ​សេដ្ឋកិច្ច​អាមេរិក និង​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ក្រុមការងារ​សេដ្ឋកិច្ច​ដ៏​ចម្រុះ​របស់លោក បៃ​ឌិន 
 
​ទន្ទឹមនឹង​តែងតាំង​អ្នកស្រី Yellen អនាគត​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក ចូ បៃ​ឌិន ក៏​អះអាងថា លោក​នឹង​តែងតាំង​លោក Wally Adeyemo ធ្វើជា​រដ្ឋលេខាធិការ​រ​បស់​ក្រសួង​រតនាគារ​។ លោក Adeyemo មាន​ប្រវត្តិ​ធ្វើជា​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ក្រោយមក​លោក​បាន​ក្លាយជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​ឡើងជា​ប្រធាន​មូលនិធិ​អូ​បា​ម៉ា​។  
 
​ដោយ​មិន​ក្បត់ពាក្យសន្យា​ក្នុងការ​បង្កើ់ត​គណៈរដ្ឋមន្ត្រី​ដ៏​ចម្រុះ​សម្រាប់​ពលរដ្ឋ​អាមេរិក លោក​បៃ​ឌិន ក៏​សម្រេច​ប្រគល់​តំណែង​កំពូល​ផ្សេងទៀត​ក្នុង​ក្រុមការងារ​សេដ្ឋកិច្ច​របស់លោក​ឲ្យ​ទៅដល់​ស្ត្រី​ជើង​ខ្លាំង​៣​នាក់​ទៀត​។ ទីមួយ គឺ​អ្នកស្រី Neera Tanden ដែល​នឹង​ដឹកនាំ​ការិយាល័យ​គ្រប់គ្រង​និង​កញ្ចប់​ថវិកា​អាមេរិក (OMB) ដែលជា​ការិយាល័យ​ធំ​បំផុត​ក្នុងចំណោម​ការិយាល័យ​ដទៃទៀត​របស់​ប្រធានាធិបតី​។ 
 
​គុណសម្បត្តិ​ធំ​របស់​អ្នកស្រី Tanden គឺ​ជួយ​ជ្រោមជ្រែង​រដ្ឋបាល​អូ​បា​ម៉ា​បង្កើត​ច្បាប់ ការថែទាំ​សុខភាព​តម្លៃ​សមរម្យ ឬ Affordable Care Act ដែល​គេ​ស្គាល់​ទូលំទូលាយ​ថា «Obamacare»​។ សម្រាប់​ការតែងតាំង​នេះ អ្នកស្រី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិក (Center For American Progress) នឹង​ក្លាយជា​ស្ត្រី​អាមេរិក​កាត់​ឥណ្ឌា​ទីមួយ​ដែល​ដឹកនាំ​ការិយាល័យ​នីតិប្រតិបត្តិ​ដ៏​ធំ​នេះ បើ​នាង​ឆ្លង​ផុត​ព្រឹទ្ធសភា​អាមេរិក​។ 
 
​អ្នកស្រី Cecelia Rouse ដែល​បច្ចុប្បន្ន​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​និង​សាធារណៈ​នៃ​សកលវិទ្យា​ល័យ Princeton ត្រូវបាន​លោក បៃ​ឌិន ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​។ ពី​ឆ្នាំ​២០០៩-២០១១ អ្នកស្រី​ធ្លាប់ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ​ក្រោម​អាណត្តិ​លោក អូ​បា​ម៉ា ។ ចំណែក អ្នកស្រី Heather Boushey ដែលជា​ប្រធាន​ប្រតិបត្តិ​មជ្ឈមណ្ឌល​វ៉ាស៊ីនតោន​សម្រាប់​កំណើន​សមភាព  (Washington Center for Equitable Growth) នឹងចូលរួម​ជាមួយ​អ្នកស្រី Rouse ក្នុងតួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​។ 
 
​ក្រុមការងារ​សេដ្ឋកិច្ច ដែល​លោក​បៃ​ឌិន​រំពឹង​បង្ហាញ​មុខជា​ផ្លូវការ​នា​ថ្ងៃទី ១ ខែធ្នូ នឹងមាន​ការងារ​ស្នូល​ក្នុង​ការជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ។ នោះ គឺ​ជួយ​ដោះស្រាយ​វិបត្តិ​អត់​ការងារ​ធ្វើ ព្រមទាំង​ជួយសង្គ្រោះ​អាជីវកម្ម​អាមេរិក​ដែល​បិទទ្វារ និង​ហៀបនឹង​បិទទ្វារ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក បៃ​ឌិន បញ្ជាក់ថា ក្រុមការងារ​សេដ្ឋកិច្ច​លោក បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ចម្រុះ​របស់​អាមេរិក ហើយ​ពួកគេ​នឹង​ត្រៀមលក្ខណៈ​រួចរាល់​នៅ​ថ្ងៃ​ទីមួយ​ដើម្បី​ធ្វើការ​បម្រើ​ពលរដ្ឋ​អាមេរិក​គ្រប់​ស្រទាប់​ទាំងអស់​។ សម្រាប់​ថ្ងៃទី​មួយ​នេះ លោក​សំដៅលើ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់លោក ដែល​រៀបចំឡើង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១​។ 
 
​ផ្ទុយ​ពី​លោក ត្រាំ ដែល​មួយ​ភាគ​ធំ​បានជ្រើសរើស​បុរស​ស្បែ​កស សម្រាប់​តំណែង​កំពូលៗ​ក្នុងគណៈ​រដ្ឋមន្ត្រី​លោក លោក បៃ​ឌិន ត្រូវ​មើលឃើញថា​ជា​មេដឹកនាំ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ស្ត្រី និង​ភាព​ចម្រុះ​នៃ​រដ្ឋបាល​លោក​។ កាលពី​យប់​ថ្ងៃទី ២៩ ខែវិច្ឆិកា អនាគត​ប្រធានាធិបតី​វ័យ​៧៨​ឆ្នាំ​របស់​អាមេរិក ប្រកាស​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​របស់​សេត​វិមាន ដែល​សុទ្ធសឹងតែ​ជា​ស្ត្រី​ទាំងអស់​តែម្ដង​។ 
 
​លោក បៃ​ឌិន តែងតាំង​អ្នកស្រី Kate Bedingfield  ដែលជា​អតីត​អ្នកនាំពាក្យ​ក្រុម​ឃោសនាបោះឆ្នោត​លោក ឡើង​ធ្វើជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​សេត​វិមាន​អាមេរិក និង​អ្នកស្រី Jen Psaki អ្នកនាំពាក្យ​ជើងចាស់​របស់​បក្ស​ប្រជាធិបតេយ្យ ធ្វើជា​លេខាធិការ​ទទួលបន្ទុក​កិច្ចការ​ព័ត៌មាន ។ ចំណែក ទីប្រឹក្សា​ផ្នែក​ព័ត៌មាន​ជាន់ខ្ពស់​២​នាក់​របស់​អនុ​ប្រ​ធានា​ធិ​ប​តិ​ជាប់ឆ្នោត​អាមេរិក កា​ម៉ា​ឡា ហារី​ស ក៏​ជា​ស្ត្រី​ផងដែរ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន​
  Janet Yellen
© រក្សាសិទ្ធិដោយ thmeythmey.com