COVID-19
ជាតិ
សង្គមជាតិ
អភិបាលរាជធានី ស្នើឲ្យម្ចាស់អាគារ និងអ្នកផ្តល់សេវាកម្ម កុំកាត់លុយកក់ពីម្ចាស់កម្មវិធី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់អាគារ និងអ្នកផ្ដល់សេវាផ្សេងៗនោះ កុំកាត់លុយកក់ពីម្ចាស់កម្មវិធី ដោយសារការពន្យារពេលកម្មវិធី ព្រោះវិបត្តិកូវីដ-១៩។
ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា នោះ រដ្ឋាភិបាលបានសម្រេចឲ្យផ្អាកការជួបជុំ និងរៀបចំកម្មវិធីផ្សេងៗ រយៈពេល១៥ថ្ងៃសិន ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងចូលសហគមន៍ធ្ងន់ធ្ងរ។ ដូច្នេះអ្នកដែលត្រូវរៀបចំកម្មវិធីមង្គលការ ភ្ជាប់ពាក្យ ខួបកំណើត និងកម្មវិធីផ្សេងទៀត នឹងត្រូវប៉ះពាល់ដោយសារការហាមរៀបចំកម្មវិធីជួបជុំនេះ។
ដោយសារមើលឃើញបញ្ហានេះ ទើបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អំពាវនាវដល់ម្ចាស់អគារ ,សំអាងការ ,ចុងភៅ ,អាជីវករលក់ទឹកភេសជ្ជៈ ផ្កា និងសម្ភារ រួមទាំងអ្នកផ្តល់សេវាកម្មរៀបចំកម្មវិធីនានា ដែលបានទទួលលុយកក់ពីម្ចាស់កម្មវិធីហើយ កុំកាត់លុយនៅពេលដែលម្ចាស់កម្មវីធីសុំពន្យារពេលវិញ ក្នុងចន្លោះរយៈពេល១៥ថ្ងៃនេះ។
«សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារសំណង់នៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ព្រមទាំងជៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ»។ នេះជាលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញ ។
ដើម្បីចូលរួមទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ឆ្លងរាលដាលកាន់តែច្រើន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋផ្អាករៀនចំអាពាហ៍ពិពាហ៍ និងគ្រប់ការជួបជុំនានាដែលមានមនុស្សច្រើនរយៈពេល១៥ថ្ងៃសិន។ សម្តេចបញ្ជាក់ថា ការផ្អាកនេះសម្រាប់តែកម្មវិធីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com