សង្គមអន្តរជាតិ​
អន្តរជាតិ
អ៊ីរ៉ង់ អនុម័ត​សេចក្ដី​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ឡើងវិញ​
03, Dec 2020 , 8:29 pm        
រូបភាព
ប្រជាជនអ៊ីរ៉ង់ ធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់ លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរអ៊ីរ៉ង់។ រូបភាព៖ Reuters
ប្រជាជនអ៊ីរ៉ង់ ធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់ លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរអ៊ីរ៉ង់។ រូបភាព៖ Reuters
​ក្រុមប្រឹក្សា​ការពារ​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​២ ខែធ្នូ បានអនុម័ត​ច្បាប់​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់ មានលទ្ធភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ក្នុង​បរិមាណ​ជាច្រើន​ឡើងវិញ ប្រសិនបើ​ភាគី​អឺរ៉ុប មិន​ដក​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ក្នុង​រយៈពេល​ពីរ​ខែ​។ យ៉ាងណាក៏ដោយ ចំណាត់ការ ដែល​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ករណី​ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​នុយ​ក្លែ​អ៊ែរ​អ៊ីរ៉ង់​នេះ មិន​ត្រូវបាន​គាំទ្រ​ពី​ភាគី​រដ្ឋាភិបាល​ប្រធានាធិបតី ហាសាន់ រូ​ហា​នី ឡើយ​។

 
 
​ឃាតកម្ម​លើ​លោក​Mohsen Fakhrizadeh ដែល​អ៊ី​ស្រា​លី​ចាត់ទុកថា​ជា «​ប្រធាន​គម្រោង​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​» បានធ្វើ​ឲ្យ​សភា​អ៊ីរ៉ង់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ ផ្អាក​ការត្រួតពិនិត្យ​ពី​សហគមន៍​អន្តរជាតិ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ នៅ​ថ្ងៃទី​២ ខែធ្នូ កន្លងទៅ សភា​អ៊ីរ៉ង់ បានអនុម័ត​សេចក្តីស្នើច្បាប់​យុទ្ធសាស្ត្រ​ដើម្បី​លុបចោល​ទណ្ឌកម្ម​។ 
 
​នីតិវិធី​បន្ទាប់ សេចក្តីស្នើច្បាប់​នេះ ត្រូវ​ធ្លាក់​ទៅលើ​តុ​ក្រុមប្រឹក្សា​ការពារ​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ង់ ដែលមាន​តួនាទី​ពិនិត្យមើល និង​បកស្រាយ​ច្បាប់ ឬ​សេចក្តីស្នើច្បាប់ ថា​តើ​ច្បាប់ ឬ​សេចក្តីស្នើច្បាប់​ទាំងនោះ ស្របតាម​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ង់ ឬ​ច្បាប់​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​ឬ​អត់​? អ្នកនាំពាក្យ​ក្រុមប្រឹក្សា​លោក Abbas Ali Kadkhodaei ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន Iran Press និយាយថា ក្រុមប្រឹក្សា បាន​ពិនិត្យ​រួចហើយ​ថា សេចក្តីស្នើច្បាប់​នេះ មិន​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ​។ 
 
​បន្ទាប់ពី​ការយល់ព្រម​របស់​ក្រុមប្រឹក្សា​ការពារ​រដ្ឋធម្មនុញ្ញ សេចក្តីស្នើច្បាប់​ខាងលើ នឹង​បញ្ជូនទៅ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក​Hassan Rouhani ដើម្បី​ចុះហត្ថលេខា​ប្រើប្រាស់​។ ប្រធានាធិបតី​មាន​រយៈពេល ៥​ថ្ងៃ (​ថ្ងៃ​ធ្វើការ​) ដើម្បី​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ​។ សំណើ​ច្បាប់​នេះ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ ផ្អាក​ការគោរព​ដោយ​ស្ម័គ្រចិត្ត​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ និង​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ឡើងវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។ 
 
​ច្បាប់​យុទ្ធសាស្ត្រ​នេះ បានដាក់​កម្រិត​ឲ្យ​ប្រទេស​អឺរ៉ុប ដែលជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រឹម​រយៈពេល ២​ខែ​ប៉ុណ្ណោះ ដើម្បី​លុបចោល​ទណ្ឌកម្ម ស្តារ​ទំនាក់ទំនង​វិស័យ​ធនាគារ​វិញ និង​លុបចោល​របាំង​ពន្ធគយ​លើ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​។ ប្រសិនបើ​ផុត​រយៈ​ពេលនេះ អ៊ីរ៉ង់ អាច​ត្រលប់​ទៅ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​យ៉ាងហោចណាស់ ១២០​គីឡូក្រាម ឬ​២០​ភាគរយ​ក្នុង​មួយឆ្នាំ​ឡើងវិញ និង​ដក​ចោលការ​ត្រួតពិនិត្យ​រប​ស់​អង្គការ​ថាមពលអាតូមិច​អន្តរជាតិ (IAEA) ជាដើម​។ 
 
​បើ​ផ្អែក​តាម កិច្ចព្រមព្រៀង​សកម្មភាព​ដ៏​ទូលំទូលាយ​រួម​ឆ្នាំ​២០១៥ (JCPOA) អ៊ីរ៉ង់​មិនអាច​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ឲ្យ​លើស​៣,៦៧​ភាគរយ ដែល​អាច​ប្រើប្រាស់​ក្នុង​គោលដៅ​ស៊ីវិល ដូចជា​វិស័យ​ថាមពល​។ នៅក្នុង​ឆ្នាំ ២០១៩ អ៊ីរ៉ង់ បាន​បំពាន​កិច្ចព្រមព្រៀង​នេះ ដោយ​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ទៅ ៤,៥​ភាគរយ​ទៅហើយ​។ 
 
​យ៉ាងណាក៏ដោយ សេចក្ដីស្នើច្បាប់​អ៊ីរ៉ង់​ថ្មី​នេះ មិន​ទទួលបាន​ការពេញចិត្ត​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​ឡើយ ព្រោះ​វា​នឹងដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​។ មុន​ច្បាប់​យុទ្ធសាស្ត្រ​ដើម្បី​លុបចោល​ទណ្ឌកម្ម ធ្លាក់​លើ​តុ​ក្រុមប្រឹក្សា​ការពា​រដ្ឋធម្មនុញ្ញ លោក ហាសាន់ រូ​ហា​នី ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ជំទាស់​ថា ច្បាប់​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ការទូត​អ៊ីរ៉ង់​ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ និង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។ 
 
​ចំណាត់ការ​បែបនេះ ក៏បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ចូ បៃ​ឌិ ក្នុងការ​ស្តារ​ទំនាក់ទំនង​អាមេរិក និង​អ៊ីរ៉ង់​ឡើងវិញ​។ ទំនាក់ទំនង​ទ្វេភាគី​រវាង​ក្រុង​វ៉ាស៊ីនតោន និង​តេ​ហេ​រ៉ង់ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ ដោយសារ​ការដាក់ទណ្ឌកម្ម ការបាញ់សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Qasem Soleimani និង​ការដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ជាដើម​៕ 

Tag:
 អ៊ីរ៉ង់​
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com