អន្តរជាតិ
ចិន ថ្កោលទោស​អាមេរិក​ជុំវិញ​ការដាក់ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​សភា​ចំនួន​១៤​នាក់​
09, Dec 2020 , 3:55 pm        
រូបភាព
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០។ រូបភាព ក្រសួងការបរទេសចិន
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០។ រូបភាព ក្រសួងការបរទេសចិន
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៨ ខែធ្នូ បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចំនួន ១៤​នាក់​។ ទណ្ឌកម្ម ដែល​ចិន​ហៅថា ជា​ទង្វើ​ដ៏​ឆ្កួត និង​អាក្រក់​នេះ កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី ​អាមេរិក​-​ចិន អាប់អួរ​ថែមទៀត​។




 
​ក្រសួងការបរទេស និង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បានប្រកាស​បង្កក​ទ្រព្យសម្បត្តិ ​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចំនួន ១៤​រូប ជុំវិញ​ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ និងសេចក្តីសម្រេច​ស្តីពី​គុណសម្បត្តិ​របស់​សមាជិក​សភា​ហុងកុង​។ ទណ្ឌ​កម្មនេះ ធ្វើឡើង​ស្របពេល​រដ្ឋបាល​របស់​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ជិត​ផុត​អាណត្តិ និង​បង្ក​ឲ្យ​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន​-​ក្រុង​ប៉េកាំង កាន់តែ​ល្អក់កករ​មួយកម្រិត​ទៀត​។ 
 
​ទីក្រុង​ប៉េកាំង ដែល​ព្រមាន​វ៉ា​ស៊ីន​កុំ​ដាក់ទណ្ឌកម្ម​ម្ដង​ហើយ​នោះ បាន​ប្រតិកម្ម​ខ្លាំង​នឹង​ទណ្ឌ​កម្មនេះ​។  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​ហៅ​ទណ្ឌកម្ម​អាមេរិក​ថា មានបំណង​អាក្រក់ ដើម្បី​ជ្រៀតជ្រែក​ចូលមកក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ 
 
«​រដ្ឋាភិបាល និង​ប្រជាជន​ចិន ជំទាស់​ជាដាច់ខាត និង​ថ្កោលទោស​ខ្លាំង​បំផុត លើ​កាយវិការ​ដ៏​អាក្រក់ ឆ្កួត និង​គ្មាន​ហេតុផល​របស់​អាមេរិក​»​។ លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានលើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៨ ខែធ្នូ​។  ក្រសួងការបរទេស​ចិន ជំរុញ​ឲ្យ​អាមេរិក​ដក​ការសម្រេចចិត្ត​របស់ខ្លួន បញ្ឈប់​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​ចិន និង​ឈប់​ដើរ​ខុសផ្លូវ​តទៅទៀត​។ ចិន​ក៏​ព្រមាន​ចាត់វិធានការ​តប​វិញ​ដើម្បី​ការពារ​អធិបតេយ្យ សន្តិសុខ និង​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​របស់ខ្លួន​ផងដែរ​។ 
 
​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​នេះ ក្រសួងការបរទេស​ចិន បាន​កោះហៅ​ភារៈធារី​អាមេរិក ឲ្យ​មក​ពន្យល់​ពី​ការដាក់ទណ្ឌកម្ម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព៏​ត៌មាន AFP​។ 
 
​បន្ថែម​ពីលើ​ទណ្ឌកម្ម នៅ​ថ្ងៃទី​៧ ខែធ្នូ កន្លងទៅ សភាតំណាងរាស្ត្រ​អាមេរិក បានអនុម័ត​លើ​គម្រោង​អនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង អាចមាន​សិទ្ធិ​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​អាមេរិក​ផងដែរ​។ កន្លងមក អង់គ្លេស អូស្ត្រាលី និង​កាណាដា ក៏បាន​ធ្វើបែបនេះ​ផងដែរ ដើម្បី​ឲ្យ​ប្រជាជន​ហុងកុង មាន​សិទ្ធិ​រស់នៅ​បរទេស​ជា​អចិន្ត្រៃយ៍​។​
 
​បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ចូល​ជាធរ​មាននៅ​ដើមខែ​កក្កដា​កន្លងមក សហគមន៍​អន្តរជាតិ បាន​រិះគន់​ទីក្រុង​ប៉េកាំង​យ៉ាងខ្លាំង ជុំវិញ​ការបង្ក្រាប​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ដែនដី​ស្វយ័ត​មួយ​នេះ​។ អង់គ្លេស អាមេរិក និង​ប្រទេស​ផ្សេងទៀត​សុទ្ធតែ​រិះគន់​ចិន ថា​មិន​គោរព​សេចក្តីប្រកាស​រួមគ្នា​រវាង​ចិន​-​អង់គ្លេស ឆ្នាំ​១៩៨៤​។ នៅក្នុង​ខែសីហា កន្លងទៅ អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ហុងកុង និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ដែរ​៕ 

Tag:
 ​ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com