សង្គមអន្តរជាតិ​
អន្តរជាតិ
កាណាដា ជា​ប្រទេស​ទី​៣​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង Pfizer
10, Dec 2020 , 12:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានសភាកាណាដានាពេលកន្លងមក។ រូបភាព AFP
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានសភាកាណាដានាពេលកន្លងមក។ រូបភាព AFP
ដោយ:
​កាណាដា បានអនុញ្ញាត​លើ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​អាមេរិក Pfizer និង​អាល្លឺម៉ង់ BioNTech ដោយ​ផ្ដើម​ចាក់​ឲ្យ​ប្រជាជន​នៅ​ទូទាំងប្រទេស ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ​។ ខណៈ​មាន​ប្រជាជន​សរុប​ជាង ៣៧,៥​លាន​នាក់ កាណាដា រំពឹង​បញ្ចប់​យុទ្ធនាការ​នេះ​ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​២០២១​។ កាណាដា​ជា​ប្រទេស​ទី​៣ បន្ទាប់ពី​ចក្រភព​អង់គ្លេស និង​បា​រ៉ែ​ន ដែល​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ទាំងពីរ​។

 
 
​កាណាដា ដែល​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប​ជាង​៤៣,៥​ម៉ឺន​ករណី និង​ស្លាប់​១២៩៨៣​នាក់​នោះ កំពុង​ទទួលរង​រល​ក​ឆ្លង​ទី​២​នៃ​ជំងឺ​កូ​វីដ​-១៩ ជាហេតុ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​នៃ​ប្រទេស​នេះ​ដាក់ចេញ​វិធានការ​សុខាភិបាល​ថ្មី​ទប់ស្កាត់​ការឆ្លង​រាលដាល​។ 
 
​ថ្លែង​ក្នុង​សភា​នៅ​ថ្ងៃទី​៩ ខែធ្នូ ក្រោយ​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​រួចរាល់ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ បាន​អះអាងថា នេះ​ជា​ថ្ងៃ​ល្អ​សម្រាប់​ពលរដ្ឋ​កាណាដា​។ លោក ទ្រូ​ដូ និយាយថា វ៉ាក់សាំង​៣​ម៉ឺន​ដូ​ស​ដំបូង នឹង​ដឹក​ដល់​ទឹកដី​កាណាដា នា​សប្ដាហ៍​ក្រោយ ហើយ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ក៏​នឹង​ចាប់ផ្ដើម​ផងដែរ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាណាដា បាន​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ២០​លាន​ដូ​ស ដែល​គ្រប់គ្រាន់​សម្រាប់​ចាក់​ពលរដ្ឋ ១០​លាន​នាក់ ហើយក៏​ត្រៀម​ទិញ​៥៦​លាន​ដូ​ស​ថែមទៀត​ផងដែរ​។ ការចាក់​វ៉ាក់សាំង នឹង​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​ពលរដ្ឋ​កាណាដា​។ 
 
​ការចាក់​វ៉ាក់សាំង​ទូទៅ​សម្រាប់​ប្រជាជន​កាណាដា​ទាំងអស់ នឹង​ចាប់ផ្ដើម​ក្នុង​ខែមេសា​ខាងមុខ ក្រោយ​ក្រុមមនុស្ស​អាទិភាព ដូចជា មនុស្ស​ចាស់ជរា បុគ្គលិក​ក្រុមហ៊ុន និង​ក្រុមគ្រូពេទ្យ​ជួរមុខ​ជាដើម ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ រួចរាល់​។  នេះ​បើតាម​ផែនការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កាណាដា ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ៩ ខែធ្នូ​។ ត្រង់ចំណុច​នេះ ក្រសួងសុខាភិបាល​កាណាដា សង្កត់ធ្ងន់ថា ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ទាំង​ជាង​៣៧​លាន​នាក់ នឹង​សម្រេច​ជោគជ័យ​ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​២០២១​។ 
 
​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech ដែល​អាជ្ញាធរ​សុខាភិបាល​កាណាដា អះអាងថា មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណ​ភាពល្អ​នេះ ត្រូវបាន​អនុម័ត​ក្រោម​លក្ខខណ្ឌ​មួយ ស្រដៀង​នឹង​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​របស់​សហ​រដ្ឋ​អាមេរិក​ដែរ​។ នៅ​ថ្ងៃទី​៨ ខែធ្នូ ពលរដ្ឋ​អង់គ្លេស បាន​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ទាំងពីរ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៏​បានអនុម័ត​ឲ្យ​ប្រើប្រាស់​កាលពី​សប្ដាហ៍​មុន​។ 
 
​គួររំឭកថា លទ្ធផល​ក្នុង​ដំណាក់​ចុងក្រោយ​នៃ​ការពិសោធ បង្ហាញ វ៉ាក់សាំង Pfizer នេះ មាន​ប្រសិទ្ធភាព​រហូតដល់​៩៥​ភាគរយ​ប្រឆាំង​កូ​វីដ​-១៩​។​
 
​ក្រោយ​អង់គ្លេស ប្រទេស បា​រ៉ែ​ន កាលពី​ថ្ងៃទី ៤ ខែធ្នូ ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាប់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech ផងដែរ​។ យ៉ាងណាមិញ រដ្ឋាភិបាល​បា​រ៉ែ​ន មិនបាន​បញ្ជាក់​ចំនួន​ដូ​ស​ដែល​ពួកគេ​ទិញ​ឬ​ពេលណា​ដែល​ដឹក​ដល់​ប្រទេស​ខ្លួន​ឡើយ តែ​សង្កត់ធ្ងន់ថា វ៉ាក់សាំង​នេះ នឹង​ចាក់​ឲ្យ​ក្រុមមនុស្ស​ប្រឈម​ហានិភ័យ​ខ្ពស់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​បា​រ៉ែ​ន​៕ 

Tag:
 កាណាដា​
  Pfizer-BioNTech
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com